យន្តហោះ​អគ្គិសនី​ផ្ទាល់ខ្លួន​ប្រភេទ​ហោះ​ឡើង-ចុះចត​ដោយ​ត្រង់ តម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក

RotorX Dragon

(សហរដ្ឋ​អាម៉េរិក)- យន្តហោះ​អគ្គិសនី Dragon ដែលមាន​ស្លាប​កង្ហារ​ចំនួន 8 និង​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង ត្រូវបាន​លក់​ក្នុងតម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​អាម៉េរិក RotorX បាន​ចូលប្រលូក​ក្នុងការ​ប្រកួត​លើ​វិស័យ​យន្តហោះ​អគ្គិសនី (eVTOL) ផ្ទាល់ខ្លួន ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ជាមួយនឹង​ម៉ូ​ដែល​យន្តហោះ​ដែលមាន​ស្លាប់​កង្ហារ​ច្រើន ឈ្មោះ Dragon នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 08 ធ្នូ។

យន្តហោះ Dragon អាច​ដឹក​ទម្ងន់​បាន 113 គីឡូក្រាម អាច​ត្រូវបាន​បញ្ជា​ដោយ​ចង្កូត អាច​ហោះ​បណ្ដែត​ខ្លួន​ដោយ​ស្វ័យប្រវត្ត និង​ចុះចត​ដោយ​ស្វ័យប្រវត្ត។ យន្តហោះ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី 16 kW សម្រាប់​កង្ហារនីមួយ។ ដើម្បី​ធានា​សុវត្ថិភាព ក្រុមហ៊ុន RotorX ក៏បាន​បំពាក់​ឆត្រយោង​មួយ​ផងដែរ។ អ្នកបើកបរ​មិនបាច់​មាន​បណ្ណ​បើកបរ​ឡើយ។

ដូច​ទៅនឹង Jetson One របស់ ក្រុមហ៊ុន​ស៊ុយអែត យន្តហោះ Dragon អាច​ហោះ​ក្នុង​មួយ​ជើងបាន​រយៈពេល​ប្រហែល 20 នាទី និង​មាន​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង។ អ្នកទិញ​យន្តហោះ Dragon នឹង​ទទួលបាន​ឧបករណ៍​សម្រាប់​ដំឡើង ឬ​រុះរើ​ដោយ​ខ្លួនឯង។ ប៉ុន្តែ ក៏​អាច​ទៅកាន់​ទីស្នាក់ការ Advanced Tactics នៅ California ដើម្បី​ដំឡើង​យន្តហោះ និង​ទទួល​ការបណ្ដុះបណ្ដាល​ផងដែរ។

RotorX នឹង​ចាប់ផ្ដើម​ប្រគល់​ទំនិញ​ដល់​អតិថិជន​នៅ​ខែសីហា 2023។ ខណៈដែល​តម្លៃ​របស់ Jetson One គឺ 92,000 ដុល្លារ​អាម៉េរិក តម្លៃ​លក់​តាម​ការគ្រោង​ទុន​របស់ Dragon គឺ 99,000 ដុល្លារ។ ប៉ុន្តែ RotorX កំពុង​ទទួល​ការបញ្ជាទិញ​ជាមុន​ដោយ​តម្លៃ​កក់ 19,500 ដុល្លារ និង​តម្លៃ​លក់​ដំបូង​ត្រឹមតែ 85,000 ដុល្លារ​ប៉ុណ្ណោះ៕

Advertisement