Vivo វ៉ៃដាច់ Apple ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ

ពិតជាមិនធម្មតា និងមិនសរសើរក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះមិនបានមែន នៅពេលដែលគេអាចយកឈ្នះក្រុមហ៊ុន Apple ហើយក្លាយខ្លួនជាក្រុមហ៊ុនទូរស័ព្ទដែលបានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃបង្កប់ក្រោយអេក្រង់ដំបូងបំផុតក្នុងពិភពលោក ធ្វើឱ្យការស្គែនតាមប៊ូតុងជំនាន់មុន ចាប់ផ្ដើមហួសស៊េរីក្លាយជារឿងធម្មតា សូម្បីទូរស័ព្ទតម្លៃ 100ដុល្លារក៏មានប្រើដែរ។

Vivo បានដើរមួយជំហានមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ខណៈ Apple នៅបន្តត្រឹមតែព័ត៌មានចចាមអារ៉ាម ថាអាចមានស្មាតហ្វូនគ្មាន Home Button ជាមួយនឹងការបំពាក់ប្រព័ន្ធស្គែនក្រយៅដៃ (Fingerprint Scanner) នៅក្រោមអេក្រង់នៅចុងឆ្នាំនេះ។ ក្នុងន័យនេះ Apple ហាក់យឺតពេលបន្តិចហើយ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Vivo បានដាក់ចេញនូវស្មាតហ្វូន ក្រោមការសហការគ្នាជាមួយនឹងក្រុមហ៊ុន Qualcomm ដែលជាអ្នកផលិតបន្ទះឈីប Snapdragon ដ៏ល្បីល្បាញ។

នៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីថ្ងៃទី28 មិថុនាកន្លងទៅថ្មីៗក្រុមហ៊ុន Vivo បានធ្វើការដាក់តាំងផលិតផលគំរូមួយដែលក្រុមហ៊ុនមិនបានបញ្ជាក់ឈ្មោះ ដោយវាអាចធ្វើការបានយ៉ាងល្អលើមុខងារស្គែនក្រយៅដៃលើអេក្រង់ទូរស័ព្ទផ្ទាល់ តាមរយៈបច្ចេកវិទ្យា Ultrasonic។ យ៉ាងណាមិញ តាមការបញ្ជាក់របស់ក្រុមហ៊ុន Qualcomm បច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមបញ្ចេញទៅឱ្យដៃគូសហការនៅត្រីមាសទី4 ឆ្នាំ2017 នេះ។ ដូច្នេះ ក្រុមហ៊ុនផ្សេងក៏អាចមានលទ្ធភាពបង្កើត និងដាក់លក់ដំណាលគ្នានឹង Vivo ផងដែរក៏អាចថាបាន ព្រោះថាក្រុមហ៊ុនទូរស័ព្ទចិនមួយនេះមិនបានបញ្ជាក់ទេថា ទូរស័ព្ទដែលមានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅក្រោមអេក្រង់របស់ខ្លួននេះនឹងចេញលក់នៅពេលណាទេ៕

Advertisement