អាជ្ញាធរ​ថៃ «ប្រកាសសង្គ្រាម» ជាមួយនឹង​សាច់ជ្រូក​នាំចូល​ខុសច្បាប់​ពី​បរទេស

ប្រទេស​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​របស់​ប្រទេស​នេះ។

នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ ទើបតែ​បានប្រកាស​ជំរុញ​ការចាត់វិធានការ​ទប់ស្កាត់​អំពើ​នាំចូល​សាច់ជ្រូក​ខុសច្បាប់​ពី​បរទេស ដែល​បង្ក​ការខាតបង់​ដល់​កសិករ និង​អ្នកប្រើប្រាស់​ក្នុងប្រទេសនេះ។

ប្រកាស​របស់ នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ខែ​មុន អាជ្ញាធរ​ថៃ បាន​រកឃើញ និង​រឹបអូស​សាច់ជ្រូក​ខុសច្បាប់ 40 តោន ដែល​នាំចូល​ពី​បណ្ដា​ប្រទេសជិតខាង។

លោក Somchuan Ratanamungklanon ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ បានឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​សាច់ជ្រូក​នាំចូល​ខុសច្បាប់ សុទ្ធតែ​ត្រូវបាន​ដឹក​តាម​កប៉ាល់​កុងតឺន័រ ហើយ​នាយកដ្ឋាន​គយ អាច​ត្រួតពិនិត្យបាន​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​ស្ដីពី​ជំងឺ​រាតត្បាត​លើ​សត្វ​ចិញ្ចឹម​របស់​ប្រទេស​នេះ។ ទំនិញ​ដែល​ត្រូវបាន​រឹបអូស​នឹងត្រូវ​កម្ទេច​ចោល ខណៈ​ម្ចាស់​ទំនិញ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​តាមច្បាប់​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី៕

Advertisement