មិនអាច​លក់​ស្រា​បៀរ​បាន ក្រុម​ហ៊ុន​ Budweiser ចង់​ទាមទារ​ប្រាក់ 47 លាន​ដុល្លារ​ពី FIFA

ស្រាបៀរ Budweiser សល់​ពេញ​ឃ្លាំងនៅ ដូហា ដោយ​សារ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​

យោងតាម Foxnews ក្រុមហ៊ុន Budweiser ដែលជា​ម្ចាស់​ឧបត្ថម្ភ​តាំងពី​ឆ្នាំ 1988 កំពុង​រក​វិធី​ដើម្បី​ទាមទារ​មកវិញ​នូវ​ទឹកប្រាក់ 47 លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ជាង 60% នៃ​ខ្ទង់​ប្រាក់​ដែល​ក្រុមហ៊ុន​នេះ​បាន​ឧបត្ថម្ភ FIFA នៅ កាតា ព្រោះតែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​នៅ World Cup 2022។

នៅមុន​ពិធី​បើក​ការប្រកួត​នៅ World Cup 2022 ប្រទេស​កាតា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ហាម​ការលក់​ស្រា​បៀរ​នៅក្នុង និង​ក្រៅ​កីឡដ្ឋាន​ទាំង 8 ក្នុង រដ្ឋធានី​ដូ​ហា។ ការសម្រេចចិត្ត​នេះ​បាន​បណ្ដាលឱ្យ​គម្រោង​របស់ Budweiser ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្លូវការ​សម្រាប់​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA តាំងពី​ឆ្នាំ 1986 ត្រូវ​ច្របូកច្របល់។

Bud Zero ដែលជា​ប្រភេទ​ប៊ី​យ៉ែ​រ​មិនមាន​ជាតិ​អាល់កុល របស់​ក្រុម​ហ៊ុន​ Budweiser នៅតែ​អាច​លក់បាន​នៅ កាតា។ ប៉ុន្តែ ផលិតផល​មាន​អាយុ 2 ឆ្នាំនេះ រួមចំណែក​តែមួយ​ផ្នែក​តូច​ប៉ុណ្ណោះ នៅក្នុង​ប្រភព​ចំណូល​សរុប​របស់ Anheuser-Busch InBev (ក្រុមហ៊ុនមេ​របស់ Budweiser) និង​មិនមាន​ការពេញនិយម​ដូច​ស្រា​បៀរ​ធម្មតា។ នៅ​រដូវ​កាល World Cup 2018 នៅ ប្រទេស​រុស្ស៊ី អ្នកគាំទ្រ​បាន​ប្រើប្រាស់​ស្រា​បៀរ​អស់ 3.2 លាន​កែវ ក្នុងនោះ​មានតែ 2% ប៉ុណ្ណោះ​ដែលជា​ប្រភេទ​មិនមាន​អាល់កុល។

ការសម្រេចចិត្ត​ហាម​លក់​ស្រា​បៀរ ត្រូវបាន អាជ្ញាធរ​ដូ​ហា លើកឡើង​នៅ​នាទី​ទី 89 ក្នុង​គ្រា​ដែល AB InBev កំពុង​ចរចា​ដើម្បី​បន្ត​ការពន្យារ​កិច្ចសន្យា​ឧបត្ថម្ភ​ជាមួយ FIFA ដោយសារ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​នឹង​អស់​សុពលភាព​ក្រោយ​បញ្ចប់ World Cup 2022។

មុន​នោះ Bedweiser បាន​ពន្យារពេល​សម្រាប់​ការឧបត្ថម្ភ​ដល់ FIFA កាលពី​ឆ្នាំ 2021 បន្ទាប់ពី កាតា ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ World Cup 2022។ ពេលនោះ ក្រុមមន្ត្រី​របស់ កាតា បាន​ធានាថា នឹង​បន្ធូរបន្ថយ​ការកំណត់​ទៅលើ​ការលក់​គ្រឿង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល។

នៅ ប្រទេស​កាតា ភ្ញៀវ​អាច​ទិញ​ស្រា​បៀរ​បាន​នៅក្នុង​សណ្ឋាគារ និង​បារ​ដែលមាន​អាជ្ញាប័ណ្ណ។ ប្រទេស​នេះ​ចាត់ទុក​ការ​ស្រវឹង​នៅ​ទីសាធារណៈ​ថា​ជា​អំពើ​ខុសច្បាប់ និង​អាច​ត្រូវបាន​ពិន័យ​ឱ្យ​ជាប់ពន្ធនាគារ​កន្លះ​ឆ្នាំ៕

Advertisement