ថៃ​ទាក់ទាញ​បាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយទៀត​ពី​ប្រទេស​ចិន

ក្នុង​រោងចក្រ​ផលិត​រថយន្ត​របស់​ Changan

ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បានជ្រើសរើស​ប្រទេស​ថៃ​ជា​កន្លែង​សម្រាប់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ខាងក្រៅ​ប្រទេស​ចិន។

Changan នឹង​វិនិយោគ 9.8 ពាន់​លាន​បាត (285 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​សាងសង់​រោងចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 100,000 គ្រឿងក្នុង​ដំណាក់កាល​ដំបូង។ រថយន្ត​អគ្គិសនី​ដែល​ផលិត​ក្នុង​រោងចក្រ​នេះ​នឹងត្រូវ​បាន​លក់​ក្នុងប្រទេស​ថៃ និង​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​នៅ​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង។

រោងចក្រ​របស់ Changan នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រថយន្ត​កូនកាត់​សាំង-អគ្គិសនី រួម​នឹង​ប្រភេទ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ប្រភេទ​រថយន្ត​ទាំងនេះ។

ខ្ទង់​វិនិយោគ​ខាងលើនេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​មួយ​របស់​ពិភពលោក។ កន្លងមក អាជ្ញាធរ​ថៃ​បានអនុម័ត​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ចំនួន 26 គម្រោង​រួចហើយ​នៅ​ទូទាំងប្រទេស ខណៈ​ការវិនិយោគ​បន្ទាប់​គ្រោង​នឹងត្រូវ​បានប្រកាសឆាប់ៗនេះ។

រថយន្ត​អគ្គិសនី​របស់​ Changan

Changan គឺជា​អ្នក​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​បួន​នៅ​ប្រទេស​ចិន។ ក្នុង​ឆ្នាំ 2022 ក្រុមហ៊ុន​នេះ​លក់​រថយន្ត​បាន​ពីរលាន​គ្រឿង។ ទាំង Ford និង Mazda សុទ្ធតែ​បាន និង​កំពុង​សហការ​ជាមួយ Changan ដើម្បី​ផលិត​រថយន្ត​សម្រាប់​ទីផ្សារ​ចិន។

Advertisement