អ៊ី​ឡុ​ន ម៉ាស (Elon Musk) ​ប្រកាស​​ថា ​មិន​​ចង់​​ធ្វើ​ជា ​CEO ​របស់​​ក្រុម​ហ៊ុន​​ណា​​ទាំង​អស់

មហាសេដ្ឋីអាម៉េរិក អ៊ីឡុន ម៉ាស (Elon Musk)

«និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់» សម្ដី​មួយ​ឃ្លា​នេះ​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ដែលជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ត្រូវបាន​លើកឡើង​នៅក្នុង​តុលាការ Chancery កាលពីពេលថ្មីៗនេះ។

The Verge បាន​រាយការណ៍​ថា លោក ម៉ាស ទើបតែ​បានបង្ហាញ​វត្ត​មាននៅ​តុលាការ Chancery ក្នុង​រដ្ឋ Delaware សហរដ្ឋ​អាម៉េរិក ដើម្បី​បកស្រាយ​អំពី​កញ្ចប់​រង្វាន់​ធំ​សម្រាប់​តំណែង CEO របស់ Tesla។ សវនាការ​បានចាប់ផ្ដើម​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​ក្រុមប្រឹក្សាភិបាល​របស់ Tesla មាន​សកម្ម​ភាពសមស្រប​មុនពេល​អនុម័ត​លើ​កញ្ចប់​រង្វាន់​តម្លៃ​ប្រហែល 52 លាន​ដុល្លារ​សម្រាប់​លោក ម៉ាស ឬទេ ហើយ​ថា តើ​លោក ម៉ាស បាន​បញ្ចេញ​ឥទ្ធិពល​ទៅលើ​ការសម្រេច​នេះដែរ ឬ​យ៉ាងណា?

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា នៅក្នុង​សវនាការ​នេះ លោក ម៉ាស បាន​រៀប​រាប់​ថា «និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់»។

យោងតាម The Verge លោក ម៉ាស បាន​បកស្រាយ​នូវ​មូលហេតុ​ដែលនាំឱ្យ​គាត់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​ជាមួយនឹង​តំណែង​នេះ។ លោក ម៉ាស ក៏​បាន​និយាយថា «ខ្ញុំ​គិតថា នឹង​កាត់បន្ថយ​ពេលវេលា​នៅ Twitter និង​រក​នាយក​ប្រតិបត្តិ​ម្នាក់​មក​ជំនួស»។

លោក ម៉ាស ថែមទាំង​គិតដល់​ការលាលែង​ពី​តំណែង CEO របស់ Tesla ទៀតផង នេះ​បើតាម James Murdoch អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Tesla៕

Advertisement