បុរស​ដែលមាន​ជំនាញ​ក្នុង​ការផលិត «ពានមាស» សម្រាប់ World Cup

ចាប់តាំងពី​ឆ្នាំ 2014 ឱ្យតែ​ជិត​ដល់​រដូវ​កាល World Cup លោក ង្វៀន វ៉ាន់ តាម (Nguyen Van Tam) នៅ ទីក្រុង​ហូជីមិញ (ព្រៃនគរ) ប្រទេស​វៀតណាម ក៏​បើក​កន្លែង​ច្នៃ​ចម្លង​ពាន «World Cup FIFA» សម្រាប់​លក់​ឱ្យ​អតិថិជន​យកទៅ​ធ្វើជា​អំណោយ​អនុស្សាវរីយ៍។

ជំហាន​ដំបូង​គឺ​ត្រូវ​ចាក់ពុម្ព​ដោយ​ប្រើប្រាស់​ជ័រ composite និង​ធាតុគីមី​ដទៃ​មួយចំនួនទៀត ទៅតាម​រូបមន្ត​ដោយឡែក។ «ពិបាក​បំផុត​គឺ​ការធ្វើ​ពុម្ព ព្រោះថា​វា​កំណត់​អំពី​រូបរាង​របស់​ផលិតផល។ ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​ទៅលើ​រូប​របស់​ពាន​ដែល​ថត​ពី​គ្រប់​ជ្រុង​ដើម្បី​ធ្វើតាម។ រដូវ​កាល World Cup នីមួយៗ ខ្ញុំ​ត្រូវធ្វើ​ពុម្ពផ្សេងៗគ្នា» លោក ង្វៀន វ៉ាន់ តាម ប្រាប់​ដូច្នេះ។

កាលពី​ថ្ងៃទី 11 តុលា នៅក្នុង​រោង​សិប្បកម្ម​ទំហំ​ប្រហែល 50 ម៉ែត្រក្រឡា លោក តាម និង​បុគ្គលិក​ពីរ​នាក់​ទៀត នាំគ្នា​ធ្វើពាន។ លោក តាម វ័យ 59 ឆ្នាំ បានឱ្យដឹងថា «ខ្ញុំ​មានបំណង​ធ្វើពាន World Cup នេះ​តាំងពី​ទសវត្សរ៍​ឆ្នាំ 1990 ប៉ុន្តែ រហូតដល់​ឆ្នាំ 2014 ទើប​មានឱកាស​ធ្វើ»។

ក្រោយ​រយៈពេល​ប្រហែល 10 នាទី​ដែល​ទុកឱ្យ​សមាសធាតុ​ចុះ​ត្រជាក់ និង​រឹង ពុម្ព​ក៏ត្រូវ​បាន​បើក​ចេញ។ ដោយសារ​មាន​ពុម្ព​តែមួយ ហើយ​រាល់​ដំណាក់កាល​ត្រូវធ្វើ​ដោយ​ដៃ ដូច្នេះ​ក្នុង​មួយថ្ងៃ​ពួកគេ​អាច​ចាក់ពុម្ព​ពាន​បានត្រឹមតែ​ជិត 10 ប៉ុណ្ណោះ។

ក្រោយពី​បើក​ពុម្ព ពួកគេ​យក​ក្រដាសខាត់ សម្អាត​ពាន មុនពេល​លាបថ្នាំ គូររូប និង​ពាស​មាស។ មាស​សុទ្ធ​ប្រភេទ​សន្លឹក​ត្រូវបាន​ពាសពេញ​ផ្ទៃ​របស់​ពាន ដែល​ទាំងអស់​ប្រហែល​ពី 40 ទៅ 50 សន្លឹក។ កិច្ចការ​នេះ​អាច​ចំណាយពេល​ប្រហែល 90 នាទី។

ម្ចាស់​សិប្បកម្ម​ខាងលើ​បានឱ្យដឹងថា «សិប្បកម្ម​នេះ​អាច​ពាស​ប្រភេទ​មាស​ទៅតាម​ការស្នើ​របស់​អតិថិជន»។

ផលិតផល​នេះ​មាន​រូបរាង​ប្រហាក់ប្រហែល​នឹង​ពាន World Cup ពិត ដោយ​វា​មាន​កម្ពស់ 36.5 សម, ទទឹង​ធំ​បំផុត 13 សម ប៉ុន្តែ​មាន​ទម្ងន់​ស្រាល​ជាង ពោលគឺ​ប្រហែល 1.5 គីឡូក្រាម។

ពាន​ចម្លង​របស់​សិប្បកម្ម​លោក តាម មានតម្លៃ​ប្រហែល 1 លាន​ដុង (40.5 ដុល្លារ​អាម៉េរិក) អាស្រ័យទៅលើ​តម្លៃ​របស់​មាស​ដែល​យកមក​ពាស។ មកដល់​បច្ចុប្បន្ន សិប្បកម្ម​នេះ​បាន​ផលិត​ពាន World Cup ប្រហែល 50 រួចទៅហើយ។ ក្នុង​រដូវ​កាល World Cup 2022 នេះ លោក តាម មាន​គម្រោង​ផលិត​ឱ្យបាន 500 ពាន។

World Cup 2022 ដែលមាន​ក្រុមបាល់ទាត់ 32 ក្រុម​ចូលរួម នឹងធ្វើ​ការប្រកួត​នៅ ប្រទេស​កាតា ចាប់ពី​ថ្ងៃទី 20 វិច្ឆិកា ដល់ 18 ធ្នូ 2022។ ឆ្នាំនេះ World Cup នឹង​ប្រកួត​ក្នុង​រយៈពេល 29 ថ្ងៃ មិនមែន 32 ថ្ងៃ​ដូច​កាលពីមុន។ នេះ​ក៏​ជា​លើកទីមួយ​ហើយ​ដែល World Cup ត្រូវបាន​ធ្វើឡើង​ក្នុង​រដូវរងា ដោយសារតែ​ទឹកដី​របស់​ប្រទេស​ម្ចាស់ផ្ទះ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​រដូវក្ដៅ៕

Advertisement