មេដឹកនាំ​របស់ Volvo និយាយថា រថយន្ត​អគ្គិសនីនឹង​​មានតម្លៃ​ទាប​ដូច​រថយន្ត​សាំង​នៅ​ឆ្នាំ 2025

ប្រការនេះ​អាចមាន​លទ្ធភាព​កើតឡើង​ចំពោះតែ​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo និង​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ប្រណិត ឬ​ជា​រឿ​ង​ទូទៅ?

បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត និង​យានជំនិះ​ដើរ​ដោយ​ម៉ាស៊ីន​ចំហេះ​ក្នុង​ធ្លាប់បាន​និយាយថា យានយន្ត​អគ្គិសនី​នឹងមាន​តម្លៃថោក​ជាង​បច្ចុប្បន្ន នៅពេល​តម្លៃ​ថ្ម​ផ្ទុក​ថាមពល​ថយចុះ និង​បរិ​មាណនៃ​ការផលិត​កើនឡើង។ ការយល់ឃើញ​នេះ​អាច​ត្រូវ ហើយ​វា​អាច​កើត​ឡើងជាបណ្ដើរៗទៅតាម​ពេលវេលា ប៉ុន្តែ កូ​វីដ-19 រួម​នឹង​បញ្ហា​កង្វះ​បន្ទះ​អេឡិចត្រូនិក (semiconductor) និង​តម្លៃ​ប្រេងសាំង​ឡើង​ខ្ពស់​ខ្លាំង​បាន​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​កើនឡើង​យ៉ាងគំហុក នាំឱ្យ​កើតមាន​ឥទ្ធិពល​បញ្ច្រាស ពោលគឺ​យានយន្ត​អគ្គិសនី​កាន់តែ​ឡើងថ្លៃ​នាបច្ចុប្បន្ន។

ថ្មី​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Volvo លោក Jim Rowan ជឿថា រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​ប្រេងសាំង​ម៉ូ​ដែល​ដូចគ្នា ​យ៉ាង​ឆាប់​ចាប់ពី​ឆ្នាំ 2025។ ក៏ប៉ុន្តែ បើសិនជា​យើង​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​តម្លៃ​ប្រេង​​សាំង​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ខ្លាំង នោះ​ការ​ព្យាករ​របស់លោក Jim Rowan ទំនងជា​អាច​ប្រែប្រួល។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volvo លោក Jim Rowan

លោក Jim Rowan មិន​ត្រឹមតែ​និយាយ​ដូចខាងលើ​ទេ ប៉ុន្តែ​ក៏បាន​និយាយ​ដល់​រឿង​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ក្រុមមនុស្ស​ដែល​មិនមាន​ប្រាក់​ច្រើន​ផងដែរ ដោយ​លោក​លើកឡើងថា បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី មិនគួរ​រំពឹង​ទៅលើ​តែ​ជំនួយ​របស់​រដ្ឋ​ដើម្បី​ជោគជ័យ​ឡើយ។ លោក​ថា ក្រុមហ៊ុន​រថយន្ត​គួរ​រក​វិធី​ផលិត​រថយន្ត​អគ្គិសនី​ដែល​មនុស្ស​គ្រប់រូប​ចង់​ទិញ និង​មានតម្លៃ​ទាប​ដែល​គ្រប់គ្នា​អាច​ទិញ​បាន។

យោងតាម Automotive News Europe នៅក្នុង​ព្រឹត្តិការណ៍​មួយ​នាពេលថ្មីៗនេះ​នៅ ស្តុក​ខុល ប្រទេស​ស៊ុយអែត នាយក​ប្រតិបត្តិ​របស់ Volvo ​បានឱ្យដឹងថា «យើងខ្ញុំ​គិតថា យើងខ្ញុំ​សម្រេចបាន [តម្លៃ​ប្រហាក់ប្រហែលគ្នា] នៅ​ឆ្នាំ 2025 ជា​ពេលវេលា​ដែល​នឹងមាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ជួយ​បញ្ចុះតម្លៃ​ថ្ម​ផ្ទុក​ថាមពល។ បច្ចេកវិទ្យា​នឹង​ជួយ​ឱ្យ​រថយន្ត​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង។ រថយន្ត​អគ្គិសនី​អាច​ត្រូវការ​ថ្ម​ដែលមាន​ទម្ងន់​ស្រាល​ជាង ប៉ុន្តែ​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង ហើយ​មានតម្លៃ​ទាប​ជាង – យើង​នឹង​សម្រេចបាន​ចំណុច​នោះ»។

រថយន្តអគ្គិសនី EX90 ប្រភេទ SUV

ក្រុមហ៊ុន Volvo ដែល​កន្លងមក​ធ្លាប់​ប្រកាសថា នឹង​លក់​តែ​រថយន្ត​អគ្គិសនី 100% នាពេល​អនាគត ថ្មីៗនេះ​ទើបតែ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ប្រភេទ​តម្លៃ​មធ្យម EX90 មាន​កៅអី 3 ជួរ ដែល​នឹង​ចូលមក​ជំនួស Volvo XC90 បច្ចុប្បន្ន។ Volvo ក៏​បង្ហាញ​រថយន្ត crossover អគ្គិសនី ដែលមាន​រូបរាង​តូច​ជាង EX90 ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ម៉ូ​ដែល​ខ្នាតតូច XC40 Recharge និង C40 Recharge។

រថយន្តអគ្គិសនី EX90 ប្រភេទ SUV

តម្លៃ​រថយន្ត​អគ្គិសនី EX90 ប្រភេទ SUV ដែល​ជិត​ត្រូវបាន Volvo ដាក់លក់​ក្នុង​ទីផ្សារ​នឹងមាន​តម្លៃ​ក្រោម 80,000 ដុល្លារ​អាម៉េរិក ជាមួយនឹង​លក្ខណៈ​បច្ចេកទេស​ល្អ៕

Advertisement