រថភ្លើង​ដឹកទំនិញក្នុង​តំបន់អាស៊ាណ (ASEAN Express) នឹង​ដំណើរការ​ចាប់ពី​ខែតុលា​ខាងមុខ

ខ្សែ​រថភ្លើង​ថ្មី​ធ្វើដំណើរ​ឆ្លងកាត់ ៣ ប្រទេស ឬ​ហៅថា ASEAN Express ដែល​ត​ភ្ជាប់​រវាង ម៉ាឡេស៊ី-ថៃ-ឡាវ គ្រោង​នឹង​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែតុលា ២០២២។

កាលពី​សប្ដាហ៍​កន្លង Keretapi Tanah Melayu Berhad ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក​ខាងលើ បានដំណើរ​​ការ​សាកល្បងរ​ថ​ភ្លើង​ដឹកទំនិញ ASEAN Express និង​កំពុង​ត្រៀម​សម្រាប់​ដំណើរការ​លក្ខណៈ​ពាណិជ្ជកម្មជាផ្លូវ​ការ។

យោងតាម Laotian Times ដើម្បី​ទៅដល់ ប្រទេស​ឡាវ រថភ្លើង​ពី ម៉ាឡេស៊ី ត្រូវធ្វើ​ដំណើរ ៧២ ម៉ោង ដោយ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ ២,២០៦ គីឡូម៉ែត្រ ក្នុងនោះ​មាន​ឆ្លងកាត់​ចំណត​នានា​នៅ ប្រទេស​ថៃ ផងដែរ។

តាមរយៈ​ចំណត​រថភ្លើង​នៅ រដ្ឋធានី​វៀងចន្ទន៍ ផ្លូវដែក​របស់ ម៉ាឡេស៊ី ក៏​នឹង​ត​ភ្ជាប់​ជាមួយ​បណ្ដា​ខេត្ត​ក្រុង​របស់ ប្រទេស​ចិន រួមមាន​ ខេត្ត Kunming, Chengdu និង​ខេត្ត Chongqing។

ក្រុមហ៊ុន Keretapi Tanah Melayu Berhad បាន​បញ្ជាក់ថា គម្រោង​រថភ្លើង​ល្បឿន​លឿន​ក្នុង​តំបន់ អាស៊ាន នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន និង​ជំរុញ​ផែនការ​កសាង​ផ្លូវដែក​ត​ភ្ជាប់​តំបន់​ដែល​ចាប់ផ្ដើម​ពី​ទីក្រុង Kunming ខេត្ត Yunnan របស់ ចិន ជាមួយនឹង ឡាវ, ថៃ, ម៉ាឡេស៊ី និង សិង្ហ​បុរី។

សារព័ត៌មាន Laotian Times ឱ្យដឹងថា ចុងខែ​សីហា​នេះ ក្រុមមន្ត្រី​ថៃ គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​អំពី​ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់ ប្រទេស​ថៃ ទៅនឹង ផ្លូវដែក​ឡាវ-ចិន៕

Advertisement