អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា Twitter អាច​នឹង​ក្ស័យធន​នៅ​ឆ្នាំក្រោយ

ការងារ​របស់ អ៊ី​ឡុ​ន ម៉ាស នៅ Twitter កំពុង​ប្រែជា​លំបាក​ជាង​មុន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ លោក ម៉ាស បាន​និយាយប្រាប់​បុគ្គលិក​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ថា មិនអាច​រំលង​ចោល​លទ្ធភាព​ដែល Twitter អាច​ក្ស័យធន​នៅ​ឆ្នាំក្រោយ។

លោក ម៉ាស លើកឡើង​នូវ​ការយល់ឃើញ​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​បុគ្គលិក​ទាំងអស់ ក្រោយពី​មាន​សំណួរ​អំពី​ល្បឿន​នៃ​ដំណើរការ​បច្ចុប្បន្ន​រប​ស់​ក្រុមហ៊ុន។

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង ក៏បាន​និយាយ​ជាមួយ​បុគ្គលិក​ថា បើសិន​ពួកគេ​មិន​ប្រឹងប្រែង​ធ្វើការ 40 ម៉ោង/សប្ដាហ៍​នោះទេ ពួកគេ​គួរតែ​ដាក់ពាក្យ​សុំ​ឈប់។ លោក ម៉ាស បាន​ស្នើឱ្យ​បុគ្គលិក​មក​ធ្វើការ​នៅ​ការិយាល័យ បើ​ទោះ​មុន​នោះ ខាង​ក្រុមហ៊ុន​បានអនុញ្ញាត​ឱ្យធ្វើ​ការ​នៅផ្ទះ ឬ​ពី​ចម្ងាយ។

នាយក​មួយចំនួន​រប​ស់ Twitter បាន​លាលែង​ពី​តំណែង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ក្នុងនោះ​ក៏មាន​ប្រធាន​សន្តិសុខ​ព័ត៌មាន Lea Kissner, ប្រធាន​ផ្នែក​ផ្សាយពាណិជ្ជកម្ម Robin Wheeler និង​ប្រធាន​ផ្នែក​ការពារ​ទិន្នន័យ Yoel Roth ផងដែរ។

ភាពច្របូកច្របល់​បានកើត​ឡើង​នៅពេល​លោក ម៉ាស ព្យាយាម​រកប្រាក់​ពី Twitter ពិសេស​គឺ​ការលក់ tick ពណ៌​ផ្ទៃមេឃ​ក្នុងតម្លៃ 8 ដុល្លារ/ខែ។ ប្រការនេះ​ធ្វើឱ្យមាន​ការតវ៉ា​ពី​អ្នកលេង Twitter។

លោក ម៉ាស សម្រេចបាន​កិច្ចព្រមព្រៀង​ក្នុង​ការទិញ Twitter ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ចាប់ពីពេលនោះ លោក ម៉ាស ចាប់ផ្ដើម​ដាក់​ផែនការ​បញ្ឈប់​បុគ្គលិក​ជា​បន្តបន្ទាប់ និង​រំសាយ​ក្រុមប្រឹក្សាភិបាល ហើយ​ធ្វើឱ្យ​ Twitter ​ក្លាយជា​ក្រុមហ៊ុន​ឯកជន។ Twitter ក៏​ប្រឈម​នឹង​ការបាត់បង់​អតិថិជន​ជា​បន្តបន្ទាប់​ផងដែរ៕

Advertisement