ក្រុមហ៊ុន​ចិន បញ្ជា​ទិញ​យន្តហោះ Airbus 140 គ្រឿង តម្លៃ 17 ពាន់​លាន​ដុល្លារ

យន្តហោះ យន្តហោះ​ស៊េរី A350 របស់ Airbus

ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បានឱ្យដឹងថា យន្តហោះ 140 គ្រឿង​នេះ​សុទ្ធតែ​ស្ថិតក្នុង​ការសន្យា​ទិញ​ដែលមាន​ពីមុន និង​ស្ថិតក្នុង​ការបញ្ជាទិញ 292 គ្រឿង​ដែល​បានប្រកាស​កាលពីដើមឆ្នាំ។

ក្រុមហ៊ុន China Aviation Supply (CAS) Holding របស់ ប្រទេស​ចិន បាន​ចុះហត្ថលេខា​ទិញ​យន្តហោះ 140 គ្រឿង​របស់ Airbus (បារាំង) ក្នុងតម្លៃ​ប្រហែល 17 ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ថ្ងៃទី 04 វិច្ឆិកា 2022។

ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បានឱ្យដឹងថា យន្តហោះ​ទាំងនេះ​សុទ្ធតែ​ស្ថិតក្នុង​ការសន្យា​ទិញ​ដែលមាន​ពីមុន ហើយ​មួយចំនួន​ស្ថិតក្នុង​ការបញ្ជាទិញ​យ​ន្ត​ហោះ​ប្រតិកម្ម 292 គ្រឿង​ដែល​បានប្រកាស​កាលពីដើមឆ្នាំ 2022។ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលមាន​ដំណើរ​ទស្សនកិច្ច​នៅ ប្រទេស​ចិន របស់ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz។

ក្រុមហ៊ុន​អាកាសចរណ៍ធំៗចំនួន 3 របស់ រដ្ឋ​ចិន រួមមាន Air China, China Eastern និង China Southern កាលពី​ខែកក្កដា បាន​សន្យាថា​ទិញ​យន្តហោះ​ប្រតិកម្ម​សរុប​ចំនួន 292 គ្រឿង​របស់ Airbus ដែល​នេះ​គឺជា​ការបញ្ជាទិញ​ធំជាងគេ​នា​អំឡុង​ពេលនោះ​របស់ ប្រទេស​ចិន រាប់​ចាប់តាំងពី​វិបត្តិ​កូ​វីដ​បាន​ផ្ទុះឡើង។

CAS បានឱ្យដឹងថា កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​កាលពី​ម្សិលមិញ រួមមាន​យន្តហោះ​ស៊េរី A320 ចំនួន 132 គ្រឿង និង យន្តហោះ​ស៊េរី A350 ចំនួន 8 គ្រឿង៕

Advertisement