Tesla អាច​បញ្ចុះតម្លៃ​រថយន្ត បើសិន​អតិផរណា​ត្រូវបាន​គ្រប់គ្រង

បន្ទាប់ពី​បាន​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់ មហាសេដ្ឋី Elon Musk បាន​អះអាងថា ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី នឹង​ត្រូវបាន​អនុវត្ត បើសិន​ស្ថានភាព​អតិផរណា​ត្រូវបាន​កែលម្អ។

កាលពី​ថ្ងៃទី ១៥ កក្កដា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បានប្រកាសថា អាច​នឹងមាន​ការបញ្ចុះ​តម្លៃ​រថយន្ត នៅពេល​អតិផរណា​ត្រូវបាន​គ្រប់គ្រង។ នេះ​គឺជា​ការឆ្លើយតប​របស់​លោក Musk នៅពេល​មាន​គេ​សួរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា តើ Tesla មាន​ផែនការ​បញ្ចុះតម្លៃ​រថយន្ត​ហើយ ឬ​នៅ ក្រោយពី​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់។

ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ រថយន្ត Tesla ត្រូវបាន​ដំឡើងថ្លៃ​ជា​បន្តបន្ទាប់​ដើម្បី​ប៉ះប៉ូវ​លើ​ថ្លៃ​វត្ថុធាតុដើម​ដែល​កើនឡើង​ខ្ពស់ រួម​នឹង​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់​ឈី​ប​ជាដើម ធ្វើឱ្យ​តម្លៃ​រថយន្ត Tesla ឡើង​ខ្ពស់ជាង​មុន​ច្រើន​ពាន់​ដុល្លារ។

បញ្ហា​ទំនិញ​ឡើងថ្លៃ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​រក​វិធី​ដោះស្រាយ ក្នុងនោះ​មាន​ទាំង​ការកាត់បន្ថយ​ចំណាយ ការផ្លាស់ប្ដូរ​គម្រោង​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​ការដំឡើងថ្លៃ​ផលិតផល​ជាដើម។ល។

Advertisement