កម្ពុជា និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ

ពិធី​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE CEPA) ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 24 ខែតុលា 2022 នៅ រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី នៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ខាងលើ ដែលមាន​វត្តមាន​រប​ស់​ក្រុមការងារ​ពាក់ព័ន្ធ​រប​ស់​ភាគី​ទាំងពីរ នេះ​បើតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

កិច្ចព្រមព្រៀង Cambodia-UAE CEPA មាន​បញ្ចូល​ការចរចា​លើ​ការធ្វើ​សេរី​ភាវ​ហូប​នីយកម្ម​ទំនិញ សេវាកម្ម ការជំរុញ​ការវិនិយោគ និង​ការចរចា​លើ​បញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សហគ្រាស​ធុន​តូច​និង​មធ្យម ជាដើម។ល។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា Cambodia-UAE CEPA មាន​លក្ខណៈពិសេស​សម្រាប់​ប្រទេស​ទាំងពីរ ដោយសារ​កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​ពង្រឹង​មិត្តភាព​ដែលមាន​ស្រាប់​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ និង​លើកកម្ពស់​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើនរ​វាង​ពិភព​អារ៉ាប់ និង​អាស៊ាន។

«យើង​សូម​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដែលមាន​ឆន្ទៈ​ក្នុងការ​ព​ន្លឿ​ន​ចរាចរណ៍​នៃ​ទំនិញ ធានា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ស្វែងរក​ឱកាស​ក្នុងការ​បណ្តាក់ទុន​រួមគ្នា សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក» ឯកឧត្តម​បណ្ឌិត អាល់ ហ្សេ​យូ​ឌី ក៏បាន​លើកឡើង​ដូច្នេះ។

យោងតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ដំណើរ​ការចរចា​ជុំទីមួយ​សម្រាប់ Cambodia-UAE CEPA នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 24-26 ខែតុលា ឆ្នាំ 2022 ក្នុងនោះ ភាគី​កម្ពុជា នឹង​ដឹកនាំ​ដោយ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ចំណែក​ភាគី អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ដឹកនាំ​ដោយ ឯកឧត្តម ជូ​ម៉ា ម៉ូ​ហា​មេ​ដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រម​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ៕

Advertisement