ឧស្សាហកម្ម​ផលិត​ទំពាំង​ឬស្សីពក​នៅខេត្ត Guizhou ប្រទេស​ចិន ជួយ​​គាំទ្រ​ដល់​​កសិករ​ជាង ៤២ ពាន់​នាក់

ដោយ​មាន​​ប្រព័ន្ធ​ម៉ាស៊ីន​ស្វ័យប្រវត្ត ទំពាំង​ឫស្សី​ពកជ្រុង​​រាប់​ម៉ឺន​តោន​នៅ​ក្នុង​ស្រុក Tongzi ក្រុង Zunyi នៃ​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន ត្រូវ​បាន​ទិញ​ កែច្នៃ និង​លក់​ទៅ​កាន់​ទីក្រុង​ធំៗ​។

ស្រុក Tongzi នៃ​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្រុក​កំណើត​របស់​ដើម​ឫស្សី​ពក​ជ្រុង (square bamboo)។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ស្រុក Tongzi បាន​ប្រើប្រាស់​ចំណុច​ខ្លាំង​នេះដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហ​កម្ម​ទំពាំង​ឫស្សី​​ពក​ជ្រុង​ ក្នុង​បំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ ស្រុក Tongzi បាន​ដាំ​ឫស្សី​ពក​ជ្រុង​នេះ​ជាង ១ លាន​ mu (៦៦,៦០០ ហិកតា) ដែល​ផ្ដល់​ទំពាំង​ ៥៥,០០០ តោន តម្លៃ​ ៦៥០ លាន​យុន​ (ប្រហែល ៩០ លាន​ដុល្លារ​អាម៉េរិក) ក្នុង​ឆ្នាំ​ ២០២១​។

ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​ទូទៅ​នៅ​ក្នុង​ការ​ផលិត ការ​កែច្នៃ និង​ការ​លក់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំពាំង​ឫស្សី​ពក​ជ្រុង​មួយ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

«យើង​កំពុង​ផលិត​ទំពាំង​វេចខ្ចប់​។ នេះ​គឺជា​ផលិតផល​​សរីរាង្គ​ដែល​ត្រូវ​បាន​ផលិត​ទៅ​តាម​ស្ដង់ដាជាតិ​​នាំចេញ​ ជាមួយ​នឹង​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ ២ ឆ្នាំ​។ យើង​មាន​ការ​គាំទ្រ​ពីអ្នក​ប្រើប្រាស់​នៅទីក្រុង Chengdu, Chongqing និង Shanghai» លោក Jiang Jinjie អនុប្រធាន​ក្រុម​ហ៊ុន​វិនិយោគ​ និង​ផលិត​ Guizhou Loushan បាន​ឱ្យ​ដឹង​ដូច្នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំពាំង​ឫស្សី​ពកជ្រុង Guizhou Loushan មាន​ប្រព័ន្ធ​ផលិត​ស្វ័យ​ប្រវត្ត​ចំនួន ៤ ដែល​រួម​មាន​ដំណាក់​កាល​ស្ងោរ រក្សាទុក​បែប​បង្កក​រហ័ស សម្ងួត​ និង​វេច​ខ្ចប់​។

ទំពាំង​ឫស្សី​ពក​ជ្រុង​ចិន ត្រូវ​ការ​ប្រមូល​ផល​ក្នុង​រយៈ​ពេល​ខ្លី​។ លោក Jiang Jinjie និយាយ​ថា មជ្ឈមណ្ឌល​​ Guizhou Loushan អាច​ទទួល​ទិញ​ទំពាំង​ស្រស់​របស់​ប្រជាកសិករ​​ក្នុង​បរិមាណ​ច្រើន​ ក្រោយ​មក​យក​វា​ទៅ​លក់​ ឬ​កែច្នៃ ដើម្បី​ធានាថា មិន​មាន​ទំពាំង​ល្អ​មួយ​ណា​ត្រូវបាន​​បោះ​ចោល​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ក៏​ជួយ​ជំរុញ​ការស្រាវជ្រាវ និង​​ការ​អភិវឌ្ឍ​ថ្មី​​ទៅ​លើ​ផលិត​ផល​​ទំពាំង​នានា​ក្នុង​តំបន់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​​ក្នុង​ទីផ្សារ។

បច្ចុប្បន្ន មាន​ប្រជាកសិករ​​ក្នុង​តំបន់​ជាង ៤២ ពាន់​នាក់ កំពុងរស់​នៅ​ដោយ​ការ​ពឹង​ផ្អែក​លើ​វិស័យ​ផលិត​ទំពាំង​ឫស្សី​ពក​ជ្រុង​នេះ​៕

Advertisement