ការនាំចេញ​របស់ វៀតណាម នឹង​កើនឡើង​ជិត​ដល់ ៤០០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២

ការផលិត​ដែល​ត្រូវបាន​ស្ដារឡើងវិញ គ្រា​ដែល​ក្រុមហ៊ុន រោងចក្រ​អាចឆ្លើយតប​នឹង​ការបញ្ជាទិញ រួម​នឹង​ការប្រើ​ប្រាស់​​ប្រកប​ដោយ​​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺជា​មូលដ្ឋានគ្រឹះ​ដែល​ជួយ​ឱ្យ​ការនាំចេញ​របស់ វៀតណាម អាច​កើនឡើង​ជិត​ដល់ ៤ ពាន់​កោដិ (៤០០,០០០,០០០,០០០ ឬ ៤០០ ពាន់​លាន) ដុល្លារ​អាម៉េរិក ក្នុងឆ្នាំនេះ។

ក្នុង​ ​៦ ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​របស់ វៀតណាម បាន​ឡើង​ជិត​ដល់ ១៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ១៧.៣% ធៀប​នឹង​ដំណាក់​ដូចគ្នា​កាលពី​ឆ្នាំ ២០២១ ក្នុងនោះ​មាន​ទំនិញ ២៨ មុខ​ដែលមាន​ចំណូល​លើសពី ១ ពាន់​លាន​ដុល្លារ។ ទន្ទឹមនឹងនេះ វៀតណាម ក៏​ទទួលបាន​ការបញ្ជាទិញ​យ៉ាងច្រើន​ពី​បរទេស​សម្រាប់​ឆ្នាំនេះ។

មន្ត្រីជាន់ខ្ពស់​របស់ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម របស់ វៀតណាម បាន​វាយតម្លៃថា បណ្ដា​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល វៀត​ណា កំពុងមាន។ បច្ចុប្បន្ន ប្រទេស​នេះ​មាន FTA សរុប​ចំនួន ១៥ ដែល​កំពុង​អនុវត្ត និង ២ ទៀត​កំពុង​ចរចា។  FTA ទាំងនេះ​កំពុងតែ​ជួយ​ឱ្យ វៀតណាម នាំចេញ​ទំនិញ​បាន​កាន់តែច្រើន។

យោងតាម ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សកម្មភាព​នាំចេញ​ក្នុង​រយៈពេល ៦ ខែ​ចុង​ឆ្នាំនេះ នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយសារតែ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​ក្រោយ​កូ​វីដ-១៩ និង​បណ្ដា FTA ដែល​ប្រទេស​នេះ​បាន​ចុះហត្ថលេខា ត្រូវបាន​អនុវត្ត​ពេញលេញ។

ក្រសួង​ខាងលើ​បាន​ព្យាករ​ថា ការនាំចេញ​នាំចូល​សរុប​របស់ វៀតណាម ក្នុង​ឆ្នាំ ២០២២ អាច​លើសពី ៧០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ការនាំចេញ​សរុប​នឹង​កើនឡើង​ជិត​ដល់ ៤០០ ពាន់​លាន​ដុល្លារ ហើយ វៀតណាម នឹង​បន្ត​ស្ថិតក្នុង Top 20 ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ក្នុង​ពិភពលោក៕

Advertisement