United Airlines របស់ សហរដ្ឋ​អាម៉េរិក កំណត់​គោល​ដៅ​ប្រើប្រាស់​យន្ត​ហោះ​អគ្គិសនី​ដើម្បី​បន្ថយ​ការ​បំភាយ​ឧស្ម័ន

ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ក្រុមហ៊ុន​ ក្នុង​ការ​កាត់បន្ថយ​ទាំង​ស្រុង​នូវ​ការ​បំភាយ​ឧស្ម័ន​កាបូន​​ឱ្យ​ចុះ​មក​នៅ​ត្រឹម​ ០ ក្នុង​ឆ្នាំ​ ២០៥០ United Airlines របស់ សហរដ្ឋ​អាម៉េរិក កំពុង​រៀប​ផែនការ​ប្រើប្រាស់​យន្តហោះ​អគ្គិសនី​សម្រាប់​ជើង​ហោះ​ហើរ​ក្នុង​តំបន់​ នៅ​ឆ្នាំ​ ២០៣០​។

យោង​តាម CNBC បណ្ដា​យន្តហោះ​ដែល​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​នេះ​ កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ Heart Aerospace របស់​ ស៊ុយអែត​។ United Airlines បាន​បញ្ជាទិញ​យន្តហោះ​អគ្គិសនី​ ១០០ គ្រឿង​ ពី​ក្រុម​ហ៊ុន​ខាងលើ​ កាល​ពី​ខែ​កក្កដា ២០២១​។ ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាម៉េរិក​ មួយ​នេះ​ ​ក៏​បាន​វិនិយោគ​ទឹក​ប្រាក់​មួយចំនួន​ទៅក្នុង​ក្រុមហ៊ុន​ Heart Aerospace តាម​រយៈ​មូលនិធិ​បណ្ដាក់​ទុន​របស់​ខ្លួន​​។

ក្រៅ​ពី​នេះ​ United Airlines ថ្មី​ៗ​នេះ​ក៏​បាន​បង្កើន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អាកាស​ចរណ៍​ដែល​បំភាយ​ឧស្ម័ន​កម្រិត​ទាប​ ក៏ដូចជា​ប្រកាស​អំពី​គម្រោង​ការ​ទិញ​តាក់ស៊ី​ហោះ​ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​យន្តហោះ​ដែល​អាច​ហោះ​ឡើងត្រង់​ទៀត​ផង​។

ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ថែម​ទាំ​ង​មាន​បំណង​ផ្ដោត​​ការ​វិនិយោគ​ទៅ​លើ​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត រួម​មាន​ម៉ូទ័រ​អគ្គិសនី​ អ៊ីដ្រូសែន និង​បណ្ដា​ក្រុម​ហ៊ុន​ដែល​នៅ​ពី​ក្រោយ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង​ក្លា​នាបច្ចុប្បន្ន​។

ប្រធាន​ក្រុមហ៊ុន United Airlines លោក Mike Leskinen នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្និបាត​និម្មិត​ ESG Impact របស់ CNBC កាល​ពីថ្ងៃទី ០៦ តុលា បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​មិន​អាច​បន្ត​ការងារ​​របស់​ខ្លួន​ដូច​មុន​ទៀត​ទេ​ នៅក្នុង​គ្រាដែល​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន​ និង​វិបត្តិ​អាកាសធាតុ​​កំពុង​កើត​ឡើង​។ ដូច្នេះ​ លោក​អះអាង​ថា United Airlines ត្រូវ​តែ​ផ្លាស់ប្ដូរ​វិធី​ដំណើរ​ការ​ និង​ជំនួញ​ តាម​រយៈ​កញ្ចប់​វិនិយោគ​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​៕

Advertisement