សហរដ្ឋ​អាម៉េរិក បញ្ចេញ​ប្រេង​ឆៅ ១០ លាន​ធុង ដើម្បី​ទប់​ទល់​នឹង​ OPEC+

ប្រធានាធិបតី​អាម៉េរិក លោក បៃដិន កាល​ពីថ្ងៃទី ០៥ តុលា បាន​ប្រកាស​ថា ខែ​ក្រោយ​នេះ​នឹង​បញ្ចេញ​​ប្រេង​បន្ថែម​ទៀត​ទៅ​ក្នុង​ទីផ្សារ​ ដើម្បី​ទប់​ស្កាត់ការ​ឡើង​ថ្លៃ​ត្រលប់មកវិញរបស់​ «មាស​ខ្មៅ​» នេះ​​។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ អង្គការ​នៃ​ក្រុម​ប្រទេស​អ្នក​នាំចេញ​ប្រេង​ និង​ដៃគូសហការ​ (OPEC+) បាន​ប្រកាស​អំពីការ​កាត់​បន្ថយការ​ផលិត​​ប្រេង​​ឆៅ​ ២ លាន​ធុង​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ខែ​វិច្ឆិកា ប្រធានាធិបតីអាម៉េរិក ក៏​បាន​ប្រកាស​ថា ខែ​វិច្ឆិកា​ប្រទេស​នេះ​នឹង​បញ្ចេញ​ប្រេង​ ១០ លាន​ធុង​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ទៅ​ក្នុង​ទីផ្សារ​។

ការ​​កាត់​បន្ថយ​បរិមាណ​ប្រេង​​របស់ OPEC+ នឹង​ជួយ​ស្ដារ​ចំណែក​ទីផ្សារ​ប្រេង​របស់​ក្រុម​ប្រទេស​ផលិត​ប្រេង​លំដាប់​កំពូល​ដូច​ជា អារ៉ាប៊ីសាអូឌីត​ ឬ​ រុស្ស៊ី​ ជាដើម​ ប៉ុន្តែ វា​ក៏​នឹង​បណ្ដាល​ឱ្យ​​សាំង​ឡើង​ថ្លៃ​ត្រលប់​មកវិញ​ផងដែរ​។

ដូច្នេះ សេតវិមាន​ កាល​ពី​ម្សិល​មិញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់ OPEC+។ មន្ត្រី​របស់​ សហរដ្ឋ​អាម៉េរិក ប្រកាស​ថា បណ្ដា​​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​​ និង​មធ្យម​នៅ​លើ​ពិភពលោក​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ​ពី​ការ​កាត់បន្ថយ​បរិមាណ​ប្រេង​របស់ OPEC+។

ប្រកាស​រួម​របស់​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan និង ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ សេតវិមាន Brian Deese បាន​សរសេរ​ថា «ប្រធានាធិបតី​នឹង​បន្ត​ណែនាំ​ឱ្យបញ្ចេញ​ប្រេង​ពី​ឃ្លាំង​ដើម្បី​ការ​ពារ​អ្នក​ប្រើប្រាស់​នៅ​ សហរដ្ឋ​អាម៉េរិក និង​លើក​កម្ពស់​សន្តិសុខ​ថាមពល»។ ក្រុម​មន្ត្រី​អាម៉េរិក​ និយាយ​ថា រដ្ឋមន្ត្រី​ថាមពល​ ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើការ​សិក្សា​បន្ថែម​លើ​លទ្ធភាព​ក្នុង​ការ​បន្ត​បង្កើន​ការ​ផលិត​ប្រេង​​ក្នុង​ស្រុក​សម្រាប់​​​រយៈ​ពេល​មធ្យម​ផងដែរ​»៕

Advertisement