ក្រុម​ហ៊ុន Shell នឹង​​ដំឡើង​​ឧបករណ៍​​បញ្ចូល​​ថាមពល​​យាន​យន្ត​អគ្គិសនី​​ ១០,០០០​​ កន្លែង​​​នៅ​​ពាស​​ពេញ​​​ទឹក​​ដី​​ឥណ្ឌា

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell របស់អង់គ្លេសសាខា​នៅ​ ឥណ្ឌា កំពុង​ដំណើរ​ការ​ឧបករណ៍​ចាក់សាំង​ចំនួន ៣២៧ គ្រឿង​ ក្នុង​ចំណោម​ ៨៣,៨៨៨ គ្រឿង​នៅ​ប្រទេស​នេះ​។ ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​​អគ្គិសនី​ដំបូង​របស់​ខ្លួន​នៅ​ ប្រទេស​ឥណ្ឌា សម្រាប់​រថយន្ត​អគ្គិសនី​ និង​ម៉ូតូអគ្គិសនី​ក្នុង​ទីក្រុង Bengaluru កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។

ក្នុង​ប្រកាស​របស់​ខ្លួន​ Shell បាន​ឱ្យ​ដឹង​ថា «ឥណ្ឌា​ គឺជា​ទីផ្សារ​ដំបូង​ដែល​ Shell បញ្ចេញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​ម៉ូតូអគ្គិសនី​។ ក្រុម​ហ៊ុន​មាន​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ជាង ១០,០០០ កន្លែង​នៅ​ពាស​ពេញ​ទឹក​ដី​ឥណ្ឌា​ គិត​ត្រឹម​ឆ្នាំ​ ២០៣០»។

Shell សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​របស់ ​ឥណ្ឌា IOC និង Reliance-BP នៅ​ក្នុងការ​សាងសង់​ស្ថានីយ​​បញ្ចូល​ថាមពល​​សម្រាប់​យាន​យន្ត​អគ្គិសនី​ ដើម្បីបង្កើន​ចំនួន​អតិថិ​ជន​ប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​។ Shell អះអាង​ថា ១០០% នៃ​ថាមពល​ដែល​ប្រើប្រាស់​សម្រាប់​ស្ថានីយ​បញ្ចូល​អគ្គិសនី​​គឺជា​ថាមពល​ស្អាត​។

ក្នុង​ដំណាក់​កាល​ដំបូងនៃ​គម្រោង​ខាងលើ Shell នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​អគ្គិសនី​នៅ​ Yeshwantpur, Marathalli, Old Madras Road, Brookefield និង Kanakpura។ ក្រៅ​ពី​នេះ​ Shell ក៏​គ្រោង​នឹង​ដំឡើង​ឧបករណ៍​​បញ្ចូល​អគ្គិសនី​នៅ​ក្នុង​ស្ថានីយ​ប្រេង​សាំង​របស់​ដៃគូ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ ​ឥណ្ឌា ​ផងដែរ​៕

Advertisement