ភាគហ៊ុនមួយ​របស់​​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ដែល​ទើប​ធ្វើ IPO នៅ​ អាម៉េរិក​ ឡើង​ថ្លៃ​ ១៣,០០០% រួច​ក៏​ធ្លាក់​ថ្លៃ ៩៥%

នៅក្នុង​ការជួញដូរ​លើ​ក​ដំបូង​ក្រោយ​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នៅលើ​ផ្សារ​ហ៊ុន Nasdaq តម្លៃ​ភាគហ៊ុន Addentax Group បាន​កើន ១៣,០០០%។

យោងតាម Bloomberg បន្ទាប់ពី AMTD Digital និង Magic Empire Global ក្រុមហ៊ុន​មួយ​ផ្សេងទៀត​របស់ ចិន គឺ Addentax Group ក៏​កំពុងតែ​ធ្វើឱ្យ​អ្នកវិនិយោគ​ឈឺក្បាល នៅពេល​ឡើងថ្លៃ ១៣,០៣១% ក្រោយ​ការជួញដូរ​ដំបូង​នៅលើ​ផ្សារ​ហ៊ុន Nasdaq កាលពី​ថ្ងៃទី ៣១ សីហា។ ភាគហ៊ុន Addentax ត្រូវ​ផ្អាក​ការ​ជួញដូរ​បណ្ដោះ​អាសន្ន​ចំនួន ២០ លើក ដោយសារតែ​តម្លៃ​មិនមាន​ស្ថិរភាព។

ការឡើង​ថ្លៃ​ខាងលើ បាន​ជួយ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Addentax កើន​ដល់ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ទន្ទឹមនឹងនេះ តម្លៃ​ភាគហ៊ុន​របស់​ប្រធាន និង​ជា CEO របស់ Addentax គឺ Hong Zhida និង​នាយក​ប្រតិបត្តិ Hong Zhiwang ក៏​កើន​សរុប ១.៣ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន Hong Zhida កាន់កាប់​ភាគហ៊ុន ៤.៨% និង Hong Zhiwang កាន់កាប់ ១.៦% នៅក្នុង​ក្រុមហ៊ុន Addentax។

Addentax មាន​ទីស្នាក់ការ​​នៅ Nevada រកស៊ី​ក្នុង​វិស័យ​ផលិត​សម្លៀកបំពាក់ និង​សេវាកម្ម​ដឹកជញ្ជូន។ ក្រុមហ៊ុន​នេះ​មាន​ប្រាក់ចំណូល​មិន​ច្រើន​ប៉ុន្មាន ធៀប​នឹង​ក្រុម​ហ៊ុន​ដទៃ​នៅ​លើ​ផ្សារ​ហ៊ុន Nasdaq។ ក្នុង​ឆ្នាំសារពើពន្ធ​ដែល​បញ្ចប់​កាលពី​ខែមីនា ២០២២ ប្រាក់ចំណូល​របស់ Addentax បាន​ថយចុះ ៤៩% មក​នៅត្រឹម ១២.៧ លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ នៅតែមាន​ចំណេញ។

ពេលខ្លះ តម្លៃភាគហ៊ុន Addentax ឡើងលើសពី ៦០០ ដុល្លារ/ហ៊ុន

Addentax គឺជា​ក្រុមហ៊ុន​ទី ៨ មកពី ហុងកុង ឬ​ចិនដីគោក ដែល​តម្លៃ​ភាគហ៊ុន​មានការ​ប្រែប្រួល​ខ្លាំង បន្ទាប់ពី IPO នៅ សហរដ្ឋ​អាម៉េរិក។ មុន​នោះ AMTD Digital និង Magic Empire ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ហុងកុង ក៏​ធ្លាប់បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​នៅ​ដើម​ត្រីមាស​នេះ នៅពេល​ភាគហ៊ុន​ឡើងថ្លៃ​ខ្ពស់​រាប់ពាន់​ភាគរយ​យ៉ាង​អាថ៌កំបាំង បើទោះជា​​​មាន​គោល​ការណ៍​ជា​​មូលដ្ឋាន។ មានពេលខ្លះ តម្លៃ​មូលធន​ទីផ្សារ​របស់ AMTD Digital កើន​លើសពី Godlman Sachs ទៅទៀត។

យោងតាម Hebe Chen អ្នកវិភាគ​របស់ IG Markets កត្តា​ដែលនាំឱ្យ​ភាគហ៊ុន​របស់ Addentax ឡើងថ្លៃ​ខ្ពស់ ទំនងជា​មិន​ខុស​ពី​ AMTD Digital និង Magic Empire។ ចំណុច​ដូចគ្នា​របស់​ក្រុមហ៊ុន​ទាំងនេះ​គឺ ពួកគេ​រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម​បែប​បុរាណ និង​មិនមាន​សកម្មភាព​ហិរញ្ញវត្ថុលំដាប់​ «ឆ្នើម»។

ដូច្នេះ អ្នកវិភាគ Hebe Chen បាន​ព្យាករ​ថា Addentax អាច​នឹង​ដើរ​តាមគន្លង​​របស់ AMTD Digital និង Magic Empire។ បច្ចុប្បន្ន ភាគហ៊ុន​របស់ Addentax កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ៣០ ដុល្លារ/ហ៊ុន ថយចុះ ៩៥% ធៀប​នឹង​តម្លៃ​ខ្ពស់បំផុត​របស់​វា ហើយ​តម្លៃ​មូលធន​ទីផ្សារ​ក៏បាន​ថយ​ចុះមក​នៅត្រឹម ៨០០ លាន​ដុល្លារ​អាម៉េរិក៕

Advertisement