ក្រុមហ៊ុន​រថយន្ត​រប​ស់ ប្រទេស​ជប៉ុន វិនិយោគ ៧៣០ ពាន់​លាន​យេន សម្រាប់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ ប្រទេស​ជប៉ុន មួយ​នេះ នឹង​ចាប់ផ្ដើម​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ពី​ឆ្នាំ ២០២៤ ដល់ ២០២៦ ដោយ​ប្រើប្រាស់​ទុន​ប្រមាណ ៧៣០ ពាន់​លាន​យេន ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​ថ្ម ទាំង​នៅ ជប៉ុន ទាំង​នៅ សហរដ្ឋ​អាម៉េរិក ឱ្យបាន​ឡើងដល់ ៤០ GWh។

Toyota ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ ជប៉ុន កាលពី​ថ្ងៃទី ៣១ សីហា បានឱ្យដឹងថា នឹង​វិនិយោគ ៧៣០ ពាន់​លាន​យេន (ប្រហែល ៥.២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅ ជប៉ុន និង​នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​ដើរ​ដោយ​​កម្លាំង​​អគ្គិសនី។

Toyota កំណត់​គោលដៅ​ចាប់ផ្ដើម​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ពី​ឆ្នាំ ២០២៤ ដល់ ២០២៦ ដោយ​ប្រើប្រាស់​ទុន​ខាងលើ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​ថ្ម ទាំង​នៅ ជប៉ុន ទាំង​នៅ សហរដ្ឋ​អាម៉េរិក ឱ្យបាន​ដល់ ៤០ GWh។

ក្នុង​ខ្ទង់​ប្រាក់​វិនិយោគ​ខាងលើ Toyota នឹង​ចំណាយ​ប្រហែល ៤០០ ពាន់​លាន​យេន សម្រាប់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​នៅ ជប៉ុន និង​ប្រមាណ ២.៥ ពាន់​លាន​ដុល្លារ​ទៀត សម្រាប់​ការផលិត​នៅ សហរដ្ឋ​អាម៉េរិក។

បណ្ដា​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក កំពុងតែ​ចំណាយ​ប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការការពារ​បរិស្ថាន៕

Advertisement