តម្លៃ​ប្រេង​អាច​ “ថោក​” រហូត​ដល់​ -100​ដុល្លារ​ក្នុង​1​បារ៉ែល​ នៅ​ខែ​ក្រោយ

តម្លៃ​ប្រេង​អាច​

ពិភព​លោក​ប្រឈម​នឹង​ការ​អស់​កន្លែង​សម្រាប់​ដាក់​ប្រេង​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ ក្នុង​ពេល​ដែល​ការ​ទិញ​ដូរ​ប្រេង​ឆៅ​​មិន​មាន​ការ​កំណត់​តម្លៃ​អប្បបរមា អាច​ជាន់​ពន្លិច​តម្លៃ​ប្រេង​ចុះ​ដល់​ចំណុច​ “ហៅលែង​ឮ” ថែម​ទៀត​។

ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​តាំង​ពី​ឆ្នាំ​2014​ ផ្កាយ​រណប Sentinel-1 មាន​តួនាទី​ថត​ និង​ផ្ញើមក​កាន់​ផែន​ដី​នូវ​​​​រូប​ភាព​​ច្បាស់​បំផុត​ស្ដីអំពី​សកម្ម​ភាព​នៅ​លើ​ផ្ទៃ​ភព​ផែន​ដី រួម​ទាំង​អាង​ដាក់​ប្រេង​ និង​បណ្ដា​កប៉ាល់​ដឹក​ប្រេង​ផងដែរ​។ ទិន្ន​ន័យ​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​គន់​គូរ​អំពី​បរិមាណ​ប្រេង​ឆៅ​ដែល​ត្រូវ​បាន​រក្សា​ទុក​។ ថ្មី​ៗ​នេះ រូប​ភាព​ពី​ Sentinel-1 បាន​ផ្ញើ​សារ​ដ៏គួរ​ឱ្យ​ប្រកាស​អាសន្ន​មួយ​​ នោះ​គឺ​ “បណ្ដា​ឃ្លាំង​ដាក់​ប្រេង​បាន​ពេញអស់​ទៅ​ហើយ​”។

នេះ​គឺជា​បញ្ហា​ដែល​មិន​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​មក​។ ក្រុម​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ប្រហែល​ជា​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ពិភព​លោក​នឹង​អស់​កន្លែង​សម្រាប់​ដាក់​ប្រេង​​។ ជា​លទ្ធ​ផល​ តម្លៃ​ប្រេង​នៅក្នុង​តំបន់ខ្លះ ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ដល់​0​ដុល្លារ​ ឬ​ទាប​ជាង​នេះ។

Florian Thaler អ្នក​ជំនាញ​មក​ពី​​ក្រុម​ហ៊ុន Oilx ​ជា​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទិន្ន​ន័យ​ដែល​​បាន​ពី​ផ្កាយ​រណប Sentinel-1​​ បាន​ឱ្យ​ដឹង​ថា “ទិន្ន​ន័យ​ពី​ផ្កាយ​រណប Sentinel-1 បាន​បង្ហាញ​ថា នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា ពិភពលោក​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​អស់​ទីតាំង​ដាក់​ប្រេង​”។

ចំណែក​ Paul Sankey ដែលជា​អ្នកជំនាញ​ក្នុង​ការ​​វិភាគ​​បញ្ហា​ប្រេង​ប្រចាំ​ Mizuho Bank ក៏បាន​ឱ្យ​ដឹង​ដែរ​ថា “យើង​ត្រូវ​ងាក​ទៅ​ប្រើ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​វិបត្តិ​​ជា​រៀង​រាល់​ថ្ងៃ”។ អ្នក​ជំនាញ​រូប​នេះ​ធ្លាប់​បាន​ព្រមាន​ និង​ព្យាករ​ដ៏ត្រឹម​ត្រូវ​អំពី​តម្លៃ​0​ដុល្លារ​របស់​ប្រេង​នៅក្នុង​ខែ​មីនា​ ហើយ​ពេល​នេះ លោក​ក៏​បន្ត​ព្យាករ​ប្រកប​ដោយ​ទុទិដ្ឋិ​និយម​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។ គាត់​និយាយ​ថា “តើ​យើង​នឹង​បាន​ឃើញ​តម្លៃ​ប្រេង​ធ្លាក់​មក​នៅ​-100​ដុល្លារ​ក្នុង​1បារ៉ែលនៅ​ក្នុង​ខែ​ក្រោយ​នេះ​? ប្រការ​នេះ​ពិត​ជា​អាច​កើត​ឡើង​”។

បញ្ហា​សំខាន់​បំផុត​ គឺ​ថា តម្លៃ​ប្រេង​ឆៅត្រូវ​បានកំណត់​ដោយ​យោង​ទៅ​លើ​ការ​​ផ្គត់​ផ្គង់​ និង​ការ​បញ្ជា​ទិញ ពោល​គឺ​វា​មិន​មាន​​តម្លៃ​អប្បបរមា​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ​។ ក្រោយ​ហេតុ​ការណ៍​ក្នុង​សប្ដាហ៍​នេះ បញ្ហា​អ្វី​ក៏អាច​កើត​ឡើង​បាន​ដែរ​។

បើ​ទោះ​បី​ជា​ការ​ព្យាករ​អាច​មានភាព​​ខុស​គ្នា​​ខ្លះ​មែន ប៉ុន្តែ ប្រការ​ដែល​ប្រាកដ​ប្រជា​នោះគឺ​ថា រូប​ភាព​ពី​ផ្កាយ​រណប​ Sentinel-1 បាន​បង្ហាញថា ពិភពលោក​កំពុង​តែ​សល់​ប្រេង​យ៉ាង​ច្រើន​សន្ធឹក​។ ប្រេង​ចំនួន​50​លាន​បារ៉ែល ត្រូវ​បាន​ដឹក​ទៅ​កាន់​បណ្ដា​ឃ្លាំង​ជា​រៀង​រាល់​សប្ដាហ៍​ ដែល​តួលេខ​នេះ​ គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និង​អង់គ្លេស​បូក​ចូល​គ្នា​។

នៅ​ក្នុង​ផ្សារ​ហ៊ុន​កាល​ពីថ្ងៃទី​21​មេសា ប្រេង​​ត្រូវ​បាន​ “លក់​ឡាយ​ឡុង”។ កិច្ច​សន្យា​ប្រេង​ Brent ដែល​នឹង​ផ្គត់​ផ្គង់​ក្នុង​ខែ​មិថុនា បាន​ថយ​ចុះ​15% នៅ​សល់​តែ​16​ដុល្លារ​ក្នុង​1បារ៉ែល ដែល​ជា​តម្លៃ​ទាប​បំផុត​ក្នុង​អំឡុង​ជិត​21​ឆ្នាំ​មក​នេះ​។ ប្រេង​ឆៅ​ដែល​មាន​ប្រភព​ពី​អឺរ៉ុប និង​អាហ្វ្រីក​ ដែលធ្លាប់​តែ​មាន​តម្លៃ​ទាប​ជាង​ប្រេង​ Brent ក៏ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ក្រោម​10​ដុល្លារ​ក្នុង​1​បារ៉ែល​ ហើយ​មាន​កន្លែង​ខ្លះ​ តម្លៃ​របស់វា​ត្រូវ​បាន​គេ​លក់​ក្រោម​5​ដុល្លារ​ទៀត​ផង។

នៅ​ឥណ្ឌា ឃ្លាំង​ដាក់​ប្រេង​នៅ​ក្នុង​បណ្ដា​រោង​ចក្រចម្រាញ់​ប្រេង​ បច្ចុប្បន្ន​បាន​ពេញ​រហូត​ដល់​95​%​ទៅ​ហើយ​។ ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​ក៏​មិន​អាច​ទិញ​ប្រេង​បន្ថែម​ទៀត​ដែរ ព្រោះ​តម្រូវ​ការ​ប្រើប្រាស់​បាន​ថយ​ចុះ​យ៉ាង​គំហុក​។

ក្រុម​ហ៊ុន​ផលិត​ប្រេង​មួយ​ចំនួន​បាន​ផ្អាក​ដំណើរ​ការ​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ក្រុម​ហ៊ុន​ខ្លះ ត្រូវ​បូម​ប្រេង​ឡើង​ផងដែរ​។ ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដែល​ពោរ​ពេញ​ទៅ​ដោយ​បំណុល​ សូម្បី​តែ​តម្លៃ​4-10​ដុល្លារ​ក្នុង​1​បារ៉ែល​ ក៏​ពួក​គេ​ចាត់​ទុក​ថា​គ្រាន់​បើ​ជាង​មិន​មាន​អ្វី​សោះ​។ មិន​មាន​កន្លែង​សម្រាប់​លក់​ចេញ ប្រេង​ឆៅ​មាន​តែ​នៅ​សម្ងំ​ក្នុង​ឃ្លាំង​។ ទិន្ន​ន័យ​ពី​ Sentinel-1 នៅ​តែ​ត្រូវ​បាន​គេ​យល់​ថា នៅ​មាន​សង្ឃឹម​។ មាន​ឃ្លាំង​ដាក់​ប្រេង​ជា​ច្រើន​នៅ​ទំនេរ​ ក៏ប៉ុន្តែ ទាំង​នោះ​ត្រូវ​បាន​គេ​ជួល​​តាំង​ពី​មុន​អស់ទៅ​​ហើយ​ វា​គ្រាន់​តែ​រង់ចាំ​គេ​ចាក់​ប្រេង​បំពេញ​តែប៉ុណ្ណោះ​។

Pierre Andurand ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ប្រេង​ បាន​ឱ្យ​ដឹង​ថា “យើង​យល់​ថា តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​​0ដុល្លារ​ ឬ​ទាប​ជាង​កម្រិត​​0​ដុល្លារ​ទៅ​ទៀត​។ ទីផ្សារ​បច្ចុប្បន្ន​កំពុង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ក្នុងការ​ទិញ​ដូរ​”។

នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ អ្នក​វិនិយោគ​បាន​ងាក​ទៅ​រក​ Cushing ដែល​ជា​មជ្ឈមណ្ឌល​ជួញ​ដូរ​ប្រេង​ដ៏ធំ​​​ប្រចាំ​រដ្ឋ​ Oklahoma។​ នៅ​ទីនេះ​អាច​ដាក់​ប្រេង​បាន​ដល់​ទៅ​ជិត​80​លាន​បារ៉ែល​។ ក៏ប៉ុន្តែ ព័ត៌មាន​មុន​នេះ​បាន​ឱ្យ​ដឹង​ថា ទីនេះ​អស់​កន្លែង​សម្រាប់​ដាក់​ប្រេង​ទៅ​ហើយ​ដែរ​។

បញ្ហា​នៅ​មាន​បន្ត​ទៀត​៖ Plains All American Pipelines ដែល​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ប្រេង​ដ៏ធំបំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ស្នើឱ្យ​ក្រុម​ហ៊ុន ​Eastern Kansas Common ចំណាយ​ឱ្យ​ខ្លួន​55​ដុល្លារ​សម្រាប់​1បារ៉ែល បើ​សិន​ជា​ចង់​លក់​ប្រេង​ឆៅ​ដែល​ក្រុម​ហ៊ុន​នេះ​ផលិត​។

បណ្ដា​ឃ្លាំង​ប្រេង​នៅ​ Rotterdam ដែលជា​មជ្ឈមណ្ឌល​ចម្រាញ់​ប្រេង​របស់​អឺរ៉ុប​ខាង​លិច​ រួម​នឹង​ឃ្លាំង​ប្រេង​​នៅ​លើ​កោះ​មួយ​ចំនួន​នៅ​តំបន់ Caribbean និងនៅ​​សិង្ហបុរី នឹង​អស់​កន្លែង​ដាក់ប្រេង​​នា​ពេល​ដ៏ខ្លី​ខាងមុខ​។ បណ្ដា​កប៉ាល់​ដឹក​ប្រេង​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ឃ្លាំង​ដាក់​ប្រេង​បណ្ដោះ​អាសន្ន​ ក៏នឹង​លែង​មាន​កន្លែង​ដាក់​ទៀត​ដែរ​។

Royal Vopak ដែលជា​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ជួល​ឃ្លាំង​ដាក់​ប្រេង​ឯក​រាជ្យ​ធំបំផុត​ក្នុង​ពិភពលោក បាន​ឱ្យ​ដឹង​ថា ពិភពលោក​ទាំង​មូល​កំពុង​ស្វែង​រក​កន្លែង​សម្រាប់​ដាក់​ប្រេង​។ “សមត្ថ​ភាព​ផ្ទុក​​ដែល​អាច​រក​បាន​នៅ​ទូទាំង​ពិភពលោក ពេល​នេះ​​ត្រូវ​បាន​គេ​ទិញ​ស្ទើរ​តែ​ទាំង​អស់​ទាំង​ស្រុង​ទៅ​ហើយ​” នេះ​បើ​តាម​ Gerard Paulides ដែលជា​នាយក​​ផ្នែក​ហិរញ្ញ​វត្ថុ​​របស់​ក្រុម​ហ៊ុន​ Royal Vopak៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement