Tesla មាន​មហិច្ឆតា​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០

ក្រុម​ហ៊ុន Tesla នឹងមាន​ទំហំ​ធំ​ជាង​ទ្វេដង ធៀប​នឹង​រាល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កាន់កាប់ ២០% នៃ​ចំណែក​ទីផ្សារ​ក្នុង​ពិភពលោក បើ​សិន​លក់​រថយន្ត​អគ្គិសនី​បាន ២០ លាន​គ្រឿង​ក្នុង​ឆ្នាំ​ ២០៣០។

នាយ​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla Inc លោក Elon Musk ថ្មី ៗនេះ​បានកំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា នោះ​គឺ លក់​រថយន្ត​អគ្គិសនី (EV) ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០។

នេះ​ក៏​ជា​ប្រការ​សំខាន់​នៅក្នុង​ការសន្យា​ជំរុញ​កំណើន​រថយន្ត ក៏ដូចជា​ការជំរុញ​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ​របស់ Tesla នៅ​ចំពោះមុខ​ក្រុម​ម្ចាស់​ភាគហ៊ុន។

បើសិនជា​សម្រេច​គោលដៅ​ «លក់​រថយន្ត​អគ្គិសនី​ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០» ក្រុមហ៊ុន Tesla នឹងមាន​ទំហំ​ធំ​ជាង​ទ្វេដង ធៀប​នឹង​រាល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កាន់កាប់ ២០% នៃ​ចំណែក​ទីផ្សារ​ក្នុង​ពិភពលោក។

ក៏ប៉ុន្តែ ​យោងតាម​ការវិភាគ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters កំណើន​ទ្វេដង​ដូច្នេះ នឹងធ្វើ​ឱ្យ Tesla ត្រូវ​ចំណាយ​ប្រាក់​ច្រើន​មិន​ធ្លាប់មាន នៅក្នុង​ការផលិត ពោលគឺ​ឡើងដល់​រាប់សែន​ពាន់​លាន​ដុល្លារ។ គោលដៅ​របស់ Tesla ក៏​នឹងដាក់​សម្ពាធ​ទៅលើ​ការផលិត​គ្រឿងបន្លាស់ ក្នុងនោះ​មាន​ទាំង​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី។ល។

ជាង​នេះ Tesla ក៏​កំពុងតែ​ត្រូវ​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​របស់ ប្រទេស​ចិន មានដូចជា ក្រុមហ៊ុន Xpeng Inc, Nio Inc និង Li Auto Inc ជាដើម បើ​ទោះ​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន​ទាំងនេះ​នៅ​ទាប ប៉ុន្តែ មាន​កំណើន​យ៉ាង​លឿន។

ក្រុមហ៊ុន BYD របស់ ប្រទេស​ចិន កំពុង​លក់​រថយន្ត EV និង​រថយន្ត​កូនកាត់ EV តម្លៃ​ទាប ខណៈដែល Ford Motor Co និង Rivian Automotive Inc បាន​យកឈ្នះ​លើ Tesla នៅលើ​ទីផ្សារ​នៃ​​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង ជា​ប្រភេទ​ដែល​ទើបតែ​ចាប់​ផ្ដើម​មាន​ការ​ពេញនិយម​នៅ អាម៉េរិក​ខាងជើង៕

រថយន្ត​របស់ Ford
រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន​ចិន BYD
រថយន្តអគ្គិសនី​របស់ Xpeng
Advertisement