Toyota ថា រថយន្ត​អគ្គិសនី​នាំឱ្យ​ខួច​បរិស្ថាន រីឯ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​រំលឹក​ថា៖ «អស់លោក​ចង់​​យក​គំរូ​តាម​ Nokia?»

ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន Xiaopeng Motors បាន​ឆ្លើយតប​ទៅនឹង​សារ​របស់​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Toyota ថា ការដែល ក្រុមហ៊ុន​ផលិត​រថយន្ត​ធម្មតា មើលស្រាល​រថយន្ត​អគ្គិសនី ឬ​មិន​មើលឃើញ​អំពី​ការនិយម​ថ្មី នឹងធ្វើ​ឱ្យ​ពួកគេ​ជាន់​ដាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia។

លោក Akio Toyoda ដែលជា​មេ​ដឹក​របស់​ក្រុមហ៊ុន Toyota Motor បានឱ្យដឹង​នៅក្នុង​សន្និបាទ​ចុងឆ្នាំ​របស់​សមាគម​អ្នក​ផលិត​រថយន្ត​ជប៉ុន កាលពី​ថ្ងៃទី 17 ខែធ្នូ​ថា៖ «យើង​ផលិត​រថយន្ត​អគ្គិសនី​កាន់តែច្រើន បរិមាណ​នៃ​ឧស្ម័ន carbon dioxide នឹង​កាន់តែ​អាក្រក់​ជាង​មុន»។

តាម​ការយល់ឃើញ​រប​ស់ Akio Toyoda រថយន្ត​អគ្គិសនី​ត្រូវបាន​គេ​លើកតម្កើង និង​បំប៉ោង​ហួសហេតុ ហើយ​អ្នកគាំទ្រ​រថយន្ត​អគ្គិសនី​មិនបាន​ពិចារណា​ទៅលើ​បរិមាណ​ឧស្ម័ន carbon dioxide និង​ថ្លៃ​ប្ដូរផ្លាស់​ដែល​រថយន្ត​អគ្គិសនី​បង្កើតឡើង។

សារព័ត៌មាន WSJ ដកស្រង់​សម្ដី​របស់លោក Toyoda ឱ្យដឹងថា៖ «បើសិនជា​អ្នកនយោបាយ​និយាយថា «ចូរ​យើងទាំងអស់គ្នា​ឈប់​ប្រើ​រថយន្ត​ប្រើ​សាំង» តើ​ពួកគេ​អាច​យល់បាន​ថា វា​ជា​អ្វី​ដែរឬទេ?»។ លោក​បន្តថា៖ «នៅពេល​រថយន្ត​ទាំងអស់​សុទ្ធតែ​ប្រើ​អគ្គិសនី នោះ​ប្រទេស​ជប៉ុន​នឹង​មិនមាន​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​រដូវក្ដៅ។ នៅក្នុង​ប្រទេសមួយ​ដូចជា​ជប៉ុន អគ្គិសនី​ស្ទើរតែ​ទាំងអស់​គឺ​សុទ្ធតែ​បានមកពី​ការដុត​ធ្យូង និង​ឧស្ម័ន​ធម្មជាតិ ហើយ​រថយន្ត​អគ្គិសនី​មិនមាន​ប្រយោជន៍​សម្រាប់​បរិស្ថាន»។

លោក Akio Toyoda មេដឹករបស់ក្រុមហ៊ុន Toyota Motor

លោក Akio Toyoda ក៏បាន​សង្កាត់​ធ្ងន់​ថា បើសិន​ជប៉ុន​ប្រញាប់ប្រញាល់​ក្នុង​ការហាម​មិន​ឱ្យមាន​រថយន្ត​ប្រើ​សាំង នោះ «ជំនួញ​បច្ចុប្បន្ន​នៃ​វិស័យ​ឧស្សាហកម្ម​រថយន្ត​នឹងត្រូវ​ដួលរលំ» បណ្ដាលឱ្យ​មនុស្ស​រាប់លាន​នាក់​ត្រូវ​បាត់បង់​ការងារ។ លោក​មានការ​ព្រួយបារម្ភ​ថា ការហាមឃាត់​រថយន្ត​ប្រើ​សាំង​ក៏​នឹង​ធ្វើឱ្យ​រថយន្ត​ក្លាយជា «ផ្កា​នៅលើ​កំពូលភ្នំ» ជា​របស់​ដែល​មនុស្ស​ធម្មតា​មិនអាច​ចាប់​យកបាន។

យោបល់​របស់​ប្រធាន​ក្រុមហ៊ុន Toyota ទំនងជា​ជាប់ទាក់ទង​នឹង​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន។ កាលពីដើម​ខែធ្នូ សារព័ត៌មាន​ជប៉ុន​បានចេញ​ផ្សាយ​ថា រាជរដ្ឋាភិបាល​ប្រទេស​នេះ ជិត​ចេញ​បទបញ្ជា​ហាម​លក់​រថយន្ត​ថ្មី​ដែល​ដើរ​ដោយ​ម៉ាស៊ីន​ចំហេះ​ក្នុង ចាប់ពី​ឆ្នាំ 2035 ប៉ុន្តែ រថយន្ត​ប្រភេទ hybrid នៅតែ​បន្ត​លក់បាន។

ក៏ប៉ុន្តែ មិនយូរប៉ុន្មាន​ក្រោយ​ការបញ្ចេញ​យោបល់​របស់​លោក Akio Toyoda ពោលគឺ​នៅ​ថ្ងៃទី 21 ខែធ្នូ ប្រធាន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Xiaopeng Motor គឺ​លោក He Xiaopeng បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Weibo របស់​ចិន នូវ​រូបភាព​ដែល​ថត​ពី​អត្ថបទ​សារព័ត៌មាន​ដែល​និយាយ​អំពី​ប្រសាសន៍​របស់លោក Akio Toyoda  អម​ជាមួយនឹង​រឿងរ៉ាវ​មួយ​យ៉ាង​ជូរចត់ និង​គួរឱ្យ​ពិចារណា ទាក់ទង​នឹង​ការទិញ​ក្រុមហ៊ុន Nokia ពី​សំណាក់ Microsoft កាលពី​ឆ្នាំ 2014។

ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនី Xiaopeng Motor គឺលោក He Xiaopeng

ភ្លាមៗនោះ ក្រុមអ្នកលេង​បណ្ដាញ​សង្គម​នៃ​ប្រទេស​ចិន ក៏​យល់ថា រឿងរ៉ាវ​ដែល​លោក He Xiaopeng បាន​បង្ហោះ គឺ​បាន​ប្រដូច​បណ្ដា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ទៅនឹង​ក្រុមហ៊ុន Microsoft និង​ប្រដូច​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ប្រើ​សាំង​ដែល​មើលស្រាល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី ឬ​មិន​ផ្ដោត​សំខាន់​ទៅលើ​និន្នាការ​រីកចម្រើន​នៃ​អគ្គិសនី ដូច​ទៅនឹង​ក្រុមហ៊ុន Nokia។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស និង​តំបន់​ចំនួន 22 ក្នុង​ពិភពលោក បានប្រកាស​អំពី​កាលបរិច្ឆេទ​សម្រាប់​ការចេញ​បទបញ្ជា​ហាម​រថយន្ត​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង ក្នុងនោះ អឺរ៉ុប​មាន 13 ប្រទេស ដែល​ក្នុងចំណោម​នេះ ប្រទេស​ហូ​ឡង់ ន័​វ៉ែ​ស និង​អាល្លឺម៉ង់ បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ 2016។ រាប់​ចាប់ពី​ដើមឆ្នាំ 2020 នេះ អង់គ្លេស និង​សហរដ្ឋអាមេរិក ក៏បាន​យកតម្រាប់​តាម​ប្រទេស​ទាំងនោះ​ផងដែរ៕

ប្រភព៖ iFeng

Advertisement