សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​​ផ្លូវអាកាស​ថ្មី​រវាង ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក

ជើងហោះហើរ​ដឹកទំនិញ​តាម​ផ្លូវ​អាកាស​ដំបូង​រវាង Harbin របស់ ចិន និង Los Angeles របស់ សហរដ្ឋ​អាម៉េរិក

ជា​រៀងរាល់​សប្ដាហ៍​នឹងមាន​ការដឹកជញ្ជូន​តាម​ជើងហោះហើរ​ចំនួន ៣ គឺ​នៅ​ថ្ងៃ​ចន្ទ ពុធ និង​ថ្ងៃ​សុក្រ ដែលក្នុង​នោះ មួយ​ជើង​ៗ​​អាច​ដឹកទំនិញ​បាន ៤៥ តោន ចេញដំណើរ​ពី​ទីក្រុង Harbin របស់ ចិន ទៅកាន់ Los Angeles របស់ សហរដ្ឋ​អាម៉េរិក។

យោងតាម​សារព័ត៌មានចិន Xinhua យន្តហោះ Boeing 787-9 ១ គ្រឿង​ដែល​ដឹកទំនិញ ៤១.៤ តោន បាន​ហោះ​ឡើង​កាលពី​យប់​ថ្ងៃទី ២២ សីហា ពី​ទីក្រុង Harbin នៃ​ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន ឆ្ពោះទៅកាន់​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក។ ជើងហោះហើរ​នេះ​គឺ​តំណាងឱ្យ​ការចាប់ផ្ដើម​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​ថ្មី​រវាង ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក។

ក្រុមហ៊ុន Heilongjiang LongYuLian International Logistics Co., Ltd. ដែលជា​អ្នកគ្រប់គ្រង​សេវា​ដឹកជញ្ជូន​ទំនិញ​ខាងលើ បានឱ្យដឹងថា សប្ដាហ៍​នេះ​នឹងមាន​ជើងហោះហើរ​ចំនួន ៣ ចេញដំណើរ​ក្នុង​ថ្ងៃ​ចន្ទ ពុធ និង សុក្រ ហើយ​​ជើង​ហោះ​ហើរ​នីមួយៗ​នឹង​អាច​ដឹក​បាន ៤៥ តោន ដោយ​ចំណាយពេល​ហោះហើរ ១១ ម៉ោង។

ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះ Heilongjiang ឱ្យដឹងថា ទំនិញ​ដែល​បាន​ដឹក​តាម​ជើងហោះហើរ​ដំបូង​រវាង Harbin និង Los Angeles នេះ រួមមាន សម្លៀកបំពាក់ និង​គ្រឿង​អេឡិចត្រូនិក។ ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះ​ខាងលើ​ក៏មាន​គម្រោង​អភិវឌ្ឍ Heilongjiang ឱ្យទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ និង​មូលដ្ឋាន​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​​ជាមួយ ​តំបន់​អឺរ៉ុប និង អាម៉េរិក​ខាងជើង ផងដែរ៕

Advertisement