ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​

ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​

ក្រុម​ហ៊ុន​ថៃ Stark បាន​ជោគ​ជ័យ​ក្នុង​ការ​ទិញ​​ក្រុម​ហ៊ុន​ផលិត​ខ្សែកាប​ចំនួន​2​របស់​វៀត​ណាម​ ជាមួយ​នឹង​ទឹក​ប្រាក់​សរុប​ 240​លាន​ដុល្លារ​អាមេរិក។

ក្រុម​ហ៊ុន​ផលិត​ខ្សែ​កាប​របស់​វៀត​ណាម​ដែលត្រូវ​បាន​​ក្រុម​ហ៊ុន​ថៃ​ Stark ទិញ​នេះ គឺ​ទី1 ក្រុម​ហ៊ុន​ Thipha Cable និង​ទី​2​គឺ​ក្រុម​ហ៊ុន​ Dovina។ ក្រុម​ហ៊ុន​ទាំង​2​នេះ​ត្រូវ​បាន​លក់​​ក្នុង​តម្លៃ​សរុប​ 240​លាន​ដុល្លារ។ ការ​ទិញ​ដូរ​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Phelps Dodge​ International (Thailand) Co Ltd ដែល​ជា​អ្នក​ផលិត​ខ្សែ​ភ្លើង​ និង​ខ្សែកាប​លំដាប់​កំពូល​នៅ​ប្រទេស​ថៃ​ និង​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Stark Corporation។

ជាមួយ​នឹង​ការ​ព្រម​ព្រៀង​នេះ​ ក្រុ​មហ៊ុន​ Stark មាន​គោលដៅ​បង្កើន​ផលិតកម្ម​របស់​ខ្លួន ក៏ដូច​ជា​ពង្រីក​ទីផ្សារ​ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​ខ្សែកាប​​ ខ្សែ​ភ្លើង​នាំ​មុខ​គេ​ក្នុង​តំបន់​។

Stark Corporation បាន​ឱ្យ​ដឹង​ថា “វិស័យ​ជំនួញ​ជា​រួម និង​គោល​ដៅ​របស់​ក្រុម​ហ៊ុន​ទាំង​2​នេះ គឺ​ដូច​គ្នា​ ហើយ​វា​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកទៅលើ​មុខ​ជំនួញ​ស្នូល​របស់​ក្រុម​ហ៊ុន ក៏ដូចជា​ជួយ​បង្កើន​គុណសម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​ដល់​Phelps Dodge​ នៅ​​លើ​ទី​ផ្សារ​អន្តរ​ជាតិ​”។

យោង​តាម​ Mergermarket ការ​ទិញ​ដូរ​ខាងលើ​នេះ គឺ​ជា​តំណាង​នៃ​ការ​ជួញ​ដូរ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឯកជន​​​ធំបំផុត​នៅ​វៀតណាម​ក្នុង​អំឡុង​3ឆ្នាំ​មក​នេះ​។ ករណី​នេះ​ក៏​​បង្ហាញ​អំពី​ភាព​ទាក់​ទាញ​នៃ​ទីផ្សារ​ក្នុង​ស្រុក​វៀត​ណាម និង​ឥទ្ធិពល​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​ក្លារបស់​វៀតណាម​ក្នុង​បណ្ដា​ប្រទេស​​ជា​សមាជិក​សមាគមន៍​អាស៊ានផងដែរ​។

ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​
ក្រុម​ហ៊ុន​ ThiPha

ក្រុម​ហ៊ុន​ Stark បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​បើក​កិច្ច​ប្រជុំអនឡាញ​មួយ​ដើម្បី​បង្ហើយ​ការ​ទិញ​ដូរ​នេះ​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ពី​វីរុស​COVID-19។

ក្រុម​ហ៊ុន​ ThiPha ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1987​ នៅ​ទីក្រុង​សៃហ្គន(ហូជីមិញ) គឺជា​អ្នក​ផលិត​​​ខ្សែ​កាប និង​ខ្សែ​ភ្លើង​ធំជាង​គេ​លំដាប់​ទី​2​នៅ​ប្រទេស​វៀត​ណាម​។ ThiPha ក៏ធ្លាប់​ផ្គត់​ផ្គង់​ទំនិញ​សម្រាប់​សាង​សង់​អាគារ​វឌ្ឍនៈ​ និង​ហុងកុង​ឡែន​ នៅ​ភ្នំ​ពេញ​ផង​ដែរ​។

ចំណែក​ក្រុម​ហ៊ុន​ Dovina វិញ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគ​ហ៊ុនិក​នៃ​ក្រុម​ហ៊ុន​ Thinh Phat ដើម្បី​នាំ​ចូល​និង​កែ​ច្នៃ​ស្ពាន់ និង​អាលុយមីញ៉ូមសម្រាប់​​ផលិត​ខ្សែ​កាប និង​ខ្សែ​ភ្លើង​។ Dovina លក់​ស្ពាន់​ និង​អាលុយមីញ៉ូម​ទៅ​ឱ្យ​ ThiPha និង​រោង​ចក្រ​ជាច្រើន​ទៀត​នៅ​វៀត​ណាម​ និង​នៅ​បរទេស​។

ThiPha និង​ Dovina សុទ្ធ​​តែ​​ស្ថិត​ក្នុង​​បញ្ជី​នៃ​កំពូល​ក្រុម​ហ៊ុន​ឯកជន​ទាំង​100 ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​វៀតណាម​។ គិត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​2019 ទ្រព្យ​សរុប​របស់​ Thipha និង​ Dovina បាន​ឡើង​ដល់​201​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement