អតីត CEO របស់ JPMorgan ៖ ក្រុម​មនុស្ស​កំពូល​​​ជោគជ័យ តែងតែ​ឈាន​ជើង​ចេញពី​តំបន់​សុវត្ថិភាព

លោក Bill Harrison អតីត CEO របស់ធនាគារខ្នាតយក្ស JPMorgan របស់ សហរដ្ឋអាម៉េរិក

អតីត CEO មួយរូប​នៃ​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារធំៗជាងគេ​ក្នុង​ពិភពលោក JPMorgan បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​ចាក​ចេញពី​តំបន់​សុវត្ថិភាព ដោយ​ជឿ​ថា ការទទួលយក​បទពិសោធ​ន៍​នៅក្នុង​បរិស្ថាន​ថ្មី និង​មិន​ស្រួលអារម្មណ៍ បាន​នាំ​គាត់​ទៅដល់​ទីឋាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

តំបន់​សុវត្ថិភាព​របស់​អ្នក​ពិតជា​ស្រួលខ្លួន ស្រួល​អារម្មណ៍ ប៉ុន្តែ​ក៏មាន​កម្រិត។ Bill Harrison ដែលជា​អតីត CEO របស់​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក គឺ JPMorgan បាន​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់​រូប​ហ៊ាន​​ចាក​ចេញពី​តំបន់​សុវត្ថិភាព​នោះ។

«អ្នក​ត្រូវតែ​ឈាន​ជើង​ចេញពី​តំបន់​សុវត្ថិភាព​របស់ខ្លួន។ នោះ​គឺជា​វិធី​ដើម្បីឱ្យ​អ្នក​បន្ត​រីកចម្រើន» លោក Harrison និយាយ​នៅក្នុង​កម្មវិធី «How Leaders Lead with David Novak» កាលពីពេលថ្មីៗនេះ។

យោងតាម​លោក Harrison ដែល​ធ្លាប់​ធ្វើជា CEO របស់ JPMorgan ចន្លោះ​ពី​ឆ្នាំ ២០០០ ដល់ ២០០៦ ជាធម្មតា​អ្នក​តែងតែបាន​រៀនសូត្រ​អំពី​អ្វីមួយ​ពី​បរិស្ថាន តំណែង ឬ​ឱកាស​ថ្មី ដែល​ជំរុញ​ការអភិវឌ្ឍ​ខ្លួន និង​នាំ​អ្នក​ទៅដល់​វិថី​ឆ្ពោះទៅកាន់​ភាពជោគជ័យ។ មុនពេល​បាន​ឡើងទៅ​កាន់តំណែង​ជា​អ្នកដឹកនាំ​ធនាគារ​ធំ​បំផុត​មួយ​នៅ សហរដ្ឋ​អាម៉េរិក ការងារ​របស់លោក Harrison បាន​ជួបនឹង​ការប្រែប្រួលធំៗជា​បន្តបន្ទាប់។ លោក Harrison មិន​ពេញ​ចិត្តនឹង​ការប្រែប្រួល​ទាំងនោះ​ឡើយ ប៉ុន្តែ វា​បែរជា​ជួយ​ឱ្យ​លោក​បានទទួល​ជោគជ័យ​នាពេលក្រោយៗមកទៀត។

អតីត CEO របស់ JPMorgan បាន​ប្រាប់ថា ការផ្លាស់ប្ដូរ​បាន​ជួយ​លើកកម្ពស់​ការងារ​រប​ស់លោក​ច្រើនជាងគេ។ នោះ​គឺ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ពេល​លោក​ទទួល​តំណែង​ជា​អ្នកគ្រប់គ្រង​ដំបូង ជាមួយនឹង​តួនាទី​ដឹកនាំ​ក្រុមការ​ងារ​​ដែលមាន​បុគ្គលិក ១៣ នាក់​ នៅក្នុង​ការិយាល័យ​តំបន់​របស់ Chemical Bank នៅ San Francisco។ ៣ ឆ្នាំ​ក្រោយមក ធនាគារ​នេះ​បានស្នើ​ឱ្យ​លោក​ទៅធ្វើ​ការ​នៅ ទីក្រុង​ឡុង​ដ៍ ដើម្បី​គ្រប់គ្រង​ទីផ្សារ​នៅ អឺរ៉ុប ជាទី​ដែល​លោក​ត្រូវ​គ្រប់គ្រង​បុគ្គលិក​ប្រមាណ ១,៣០០ នាក់។

ដំបូង លោក Harrison មិន​ចូល​ចិត្តគំនិត​នេះ។ «ខ្ញុំ​មិន​ចង់ទៅ​កាន់ ក្រុង​ឡុង​ដ៍។ ខ្ញុំ​សប្បាយរីករាយ​នឹង​ការងារ​នៅ San Francisco។ គំនិត​ខ្ញុំ​គឺថា ខ្ញុំ​មាន​អារម្មណ៍​ស្រួលខ្លួន​នៅពេល​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​របស់ខ្លួន»។

ទោះជា​យ៉ាងនេះ​ក្ដី គាត់​ប្រ​មូល​បាន​ចំណេះដឹង​ជាច្រើន​នៅពេល​ធ្វើការ​ក្នុង​បរិស្ថាន​ថ្មី ប្លែក និង​លំបាក​នោះ។ «បទពិសោធន៍​នេះ​ពិតជា​បាន​បង្រៀន​ខ្ញុំ​នូវ​ប្រការ​ជាច្រើន គឺ​ច្រើនជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​បានធ្វើមុន​នោះ»។

និយាយ​រួម បទពិសោធន៍​ទាំងឡាយ​នៅក្នុង​បរិស្ថាន​ប្លែក ថ្មី និង​មិន​ស្រួល​អារម្មណ៍​ដែល Harrison បាន​ឆ្លងកាត់ បាន​នាំ​គាត់​ទៅកាន់​អាជីព​មួយ​ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

ឆ្នាំ ១៩៩១ ក្រោយពី​ប៉ុន្មាន​ឆ្នាំ​ដែល Harrison បាន​ចាក​ចេញពី ទីក្រុង​ឡុង​ដ៍ ដើម្បី​ត្រលប់​ទៅ​ដឹកនាំ​អាជីវកម្ម​នៅ សហរដ្ឋ​អាម៉េរិក របស់ Chemical Bank គាត់​បាន​ជួយ​រៀបចំ​ដំណើរការ​នៃ​ការច្របាច់បញ្ចូលគ្នា​រវាង​ធនាគារ​នេះ ជាមួយនឹង Manufactures Hanover ដែល​ជាការ​ទិញដូរ​ក្រុម​ហ៊ុន​ដំបូង​ក្នុងចំណោម ៣ ករណី​ចុងក្រោយ​ដែល​បង្កើតបានជា JPMorgan Chase កាលពី​ឆ្នាំ ២០០០។ លោក Harrison បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០០៦ បន្ទាប់ពី​​ជិត ៤ ទសវត្សរ៍​ដែល​លោក​បានធ្វើការ​ក្នុង​វិស័យ​ធនាគារ។

ក្នុង​អាជីព​របស់ខ្លួន លោក Harrison ត្រូវបាន​គេ​ដាក់ឱ្យ​ស្ថិតក្នុងស្ថានភាព​ត្រូវ​ធ្វើ​​ការជ្រើសរើស​ជា​ញឹកញាប់​រវាង​ការចាកចេញ​ពី​តំបន់​សុវត្ថិភាព​របស់គាត់ និង​ការ​​នៅ​ជាមួយ​ក្រុមមនុស្ស​ដែល​លោក​ស្គាល់​ជិតស្និទ្ធ លោក Harrison ចែករំលែក​បទពិសោធ​ន៍​របស់គាត់ដូច្នេះ។ គាត់​ថា គាត់​តែងតែ​ជ្រើសរើស​វិធីដែល​​មិន​ជួយ​ឱ្យ​គាត់​បាន​​ស្រួល​ចិត្ត ហើយ​គាត់​ក៏​មិនដែល​ស្ដាយក្រោយ​ចំពោះ​អ្វីដែល​គាត់​បានសម្រេច​ចិត្ត​ចំពោះ​ការជ្រើសរើស​ទាំងនោះ។

«ពេល​ងាកមើល​ក្រោយ ខ្ញុំ​ឃើញថា បើសិន​មិន​បាន​ធ្វើ​ដូច្នោះ ខ្ញុំ​ប្រាកដជា​បាន​រំលង​ចោល​​បទពិសោធន៍​ទាំងឡាយ​ដែល​អស្ចារ្យ ​មិនគួរ​ឱ្យ​​ជឿ​» អតីត CEO របស់​ធនាគារ JPMorgan សង្កត់ធ្ងន់​ដូច្នេះ៕

Advertisement