រថយន្ត​អគ្គិសនីជិត 6 ពាន់​គ្រឿង​ត្រូវ​បាន​លក់​ក្នុង​ពិព័រណ៍​មួយ​នៅ​ប្រទេស​ថៃ

ការ​បញ្ជា​ទិញ​រថយន្ត​អគ្គិសនី​ 5,800 គ្រឿង​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រទេស​ថៃ កំពុង​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាលថៃ​ ក្នុង​បំណង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

​អ្នក​គ្រប់គ្រង​ពិព័រណ៍នេះ​បាន​ឱ្យ​ដឹង​ថា រថយន្តអគ្គិសនី​សរុប​ 15% ស្ថិត​ក្នុង​ចំណោម​រថយន្ត​ 36,679 គ្រឿង​ ​ត្រូវ​បាន​បញ្ជាទិញ​ជា​មុន​ នៅ​ក្នុងរយៈ​ពេល 12 ថ្ងៃ​នៃ​​ពិព័រណ៍​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី 12 ធ្នូ​កន្លង​ទៅ​។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មថៃ​ Suriya Juangroongruangkit ថ្លែងថា រថយន្ត​អគ្គិសនី​របស់ ប្រទេស​ចិន ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​។ «ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​រដ្ឋាភិបាល​ផ្ដល់​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ​ជាង 57 លាន​ដុល្លារ​អាម៉េរិក» រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ អះអាង​ដូច្នេះ​។

កាល​ពី​ខែ​កុម្ភៈកន្លង​ទៅ រដ្ឋាភិបាល​ថៃ បាន​អនុម័ត​ខ្ទង់​ប្រាក់​ជំនួយ​ពី 2,000 ដល់ 4,300 ដុល្លារ​ អាស្រ័យលើ​ប្រភេទ​ និង​ម៉ូដែល​រថយន្ត​ សម្រាប់​ការ​ទិញ​រថយន្ត​អគ្គិសនី​មួយ​គ្រឿង ដើម្បី​ជំរុញ​តម្រូវ​ការ​ប្រើ​ប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​ដែល​ផលិត​ពី​ឆ្នាំ 2022 ដល់ 2023​។

ប្រធាន​ក្រុមហ៊ុន Inter-Media Consultant លោក Kwanchai Paphatphong ថ្លែង​ថា «ក្នុង​អំឡុង​ពិព័រណ៍ BYD បាន​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន​ច្រើន​ជាង​គេ​ ដោយ​មាន 2,714 គ្រឿង​ត្រូវ​បាន​កក់។ បន្ទាប់​មក​គឺ​រថយន្ត​អគ្គិសនី Ora Good Cat របស់ GWM (1,212 គ្រឿង), ​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន Neta (827 គ្រឿង) និង​ក្រុមហ៊ុន​អង់គ្លេស MG (ជាង 600 គ្រឿង​)៕

Advertisement