អាយុ21ឆ្នាំ​ ត្រូវ​ធនាគារ​បដិសេធ​សំណើ​ខ្ចី​លុយ​ 18ឆ្នាំ​ក្រោយ​ ក្លាយ​ជា​សេដ្ឋី ​និង​បាន​ទិញ​អគារ​ធនាគារ​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​សង​សឹក

អាយុ21ឆ្នាំ ត្រូវធនាគារបដិសេធសំណើខ្ចីលុយ 18ឆ្នាំក្រោយ ក្លាយជាសេដ្ឋី និងបានទិញអគារធនាគារនោះមកធ្វើជាកម្មសិទ្ធិដើម្បីសងសឹក

ក្រោយរយៈពេល18ឆ្នាំ សេដ្ឋី Adam Deering បានត្រលប់មកវិញ និងបាន “សងសឹកប្រកបដោយភាពផ្អែមល្ហែម” នោះគឺការទិញយកកន្លែងដែលធ្លាប់បានមើលស្រាលក្ដីស្រមៃក្នុងការបើកមុខជំនួញរបស់គាត់។

កាលពីឆ្នាំ2002 បុរសវ័យ21ឆ្នាំ ឈ្មោះ Adam Deering ត្រូវបានធនាគារមួយ ឈ្មោះ Greater Manchester (អង់គ្លេស) នៅឯស្រុកកំណើត បដិសេធសំណើខ្ចីប្រាក់ចំនួន10,000ផោន (ប្រហែល12,800ដុល្លារអាមេរិក) ដើម្បីបើកមុខរបររកស៊ី។

Deering បានរៀបចំគម្រោងបើកមុខជំនួញ និងបានណាត់ជួបនាយកធនាគារនេះដើម្បីពិភាក្សាអំពីវិធីបើកគណនី និងសំណើឥណទាន។ សេដ្ឋី Deering រំឭកឡើងវិញ៖ “មុនពេលឈានជើងចូល ខ្ញុំបានបួងសួង ព្រោះមិនមានប្រាក់ និងមិនដឹងថានឹងត្រូវធ្វើតាមក្ដីស្រមៃរបស់ខ្លួនយ៉ាងដូចម្ដេច។ ក្រោយពីបានមើលគម្រោងរបស់ខ្ញុំមួយត្រួស គាត់នោះបានបដិសេធភ្លាមដោយប្រើសំឡេងស្រាលៗថា ខ្ញុំនៅក្មេង និងមិនទាន់មានបទពិសោធន៍ក្នុងការធ្វើជំនួញ។ ការឱ្យខ្ចីបែបនេះ ពិតជាមានហានិភ័យខ្ពស់ ហើយនោះមិនមែនជារឿងដែលពួកគេនឹងធ្វើឡើយ”។

ក្នុងដំណាក់កាលនោះ Deering មានអារម្មណ៍ “អស់សង្ឃឹម និងតូចចិត្ត” ជាខ្លាំង។ អ្វីដែលអាក្រក់ជាងនេះ នោះគឺថា គាត់មិនទាន់បានរៀបចំផែនការទីពីរដើម្បី “ត្រៀមជ្រើងព្រួល” នៅឡើយ។ មុននោះ Deering បានលាឈប់ពីការងារជាបុគ្គលិកផ្នែកលក់។ គាត់បានយកប្រាក់ខែចុងក្រោយដើម្បីជួលការិយាល័យតូចមួយនៅ Streetford។

លោក Adam Deering

នៅទីនេះ គាត់ខិតខំហៅទូរស័ព្ទដើម្បីទាក់ទាញអតិថិជនដែលមានសក្ដានុពល ដោយប្រើប្រាស់ទិន្នន័យពីបញ្ជីលេខទូរស័ព្ទរបស់គាត់។ នៅលើ Instagram លោក Deering បានសរសេរថា៖ “សូម្បីតែប្រាក់សម្រាប់ទិញតុ កៅអី ក៏ខ្ញុំមិនមានដែរ។ ដូច្នេះ ខ្ញុំក៏ត្រូវអង្គុយនៅលើឥដ្ឋដើម្បីធ្វើការអស់រយៈពេល4ខែ”។

ដំណាក់កាលដំបូងនៃការបង្កើត និងដំណើរការក្រុមហ៊ុនរបស់ Deering គឺពិតជាលំបាកខ្លាំងណាស់។ គាត់តែងតែមានការព្រួយបារម្ភថា គាត់មិនអាចរកបានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះ រួមនឹងការចំណាយដែលទាក់ទងមួយចំនួនទៀត។ ជាច្រើនលើក Deering ត្រូវប្រឈមនឹងការលំបាកធំៗ និងហត់នឿយខ្លាំង ប៉ុន្តែគាត់នៅតែមិនចុះចាញ់ ហើយចុងក្រោយ ការលះបង់កម្លាំងកាយចិត្តរបស់គាត់ក៏ទទួលបានការឆ្លើយតបយ៉ាងស័ក្ដិសម។

Deering បានកសាងក្រុមហ៊ុនគ្រប់គ្រងបំណុលមួយដែលដំណើរការប្រកបដោយភាពជោគជ័យ។ ឆ្នាំ2014 គាត់បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ5លានផោន (ស្មើនឹង6.4លានដុល្លារអាមេរិក)។ បច្ចុប្បន្ន លោក Deering គឺជាអ្នកជំនួញជោគជ័យម្នាក់ និងទទួលបានការគោរព កោតសរសើរច្រើននៅពេលលោកគ្រប់គ្រងបណ្ដាក្រុមហ៊ុនដែលមានតម្លៃរាប់លានដុល្លារ ដូចជាក្រុមហ៊ុនគ្រប់គ្រងបំណុល Hanover Insolvency និងក្រុមហ៊ុនរៀបចំពិធីបុណ្យសព Pride Lanning ជាដើម។

អគារ​ធនាគារ​ដែល​ធ្លាប់​បាន​បដិសេធ​សំណើ​ខ្ចី​ប្រាក់​របស់​ Adam Deering កាលពី​18​ឆ្នាំ​មុន​

18ឆ្នាំក្រោយ រាប់ចាប់ពីពេលដែលត្រូវធនាគារបដិសេធសំណើខ្ចីលុយ Deering បានវិលត្រលប់មកវិញជាមួយនឹង “ការសងសឹកប្រកបដោយភាពផ្អែមល្ហែម” នោះគឺការទិញយកអគារធនាគារមួយដែលជាកន្លែងដែលធ្លាប់បានមើលងាយក្ដីស្រមៃក្នុងការរកស៊ីរបស់គាត់។ Deering បានទិញវាក្នុងតម្លៃ 450,000ផោន (ប្រហែល 580,000ដុល្លារអាមេរិក)។ អ្នកជំនួញវ័យ39ឆ្នាំរូបនេះ បានសរសេរនៅលើទំព័រ Twitter ថា៖ “កាលពីសប្ដាហ៍មុន ខ្ញុំបានទិញអគារធនាគារមួយដែលធ្លាប់បានបដិសេធសំណើខ្ចីប្រាក់របស់ខ្ញុំ”។

សម្រាប់ Deering ការទិញយកអគារធនាគារនេះគឺមានអត្ថន័យទាក់ទងនឹងអារម្មណ៍។ ប៉ុន្តែ គាត់បានរៀបគម្រោងដើម្បីប្រែក្លាយវាឱ្យទៅជាគម្រោងមួយដែលរួមផ្សំរវាងការលក់រាយ និងការឱ្យជួល។ Deering នឹងចំណាយ500,000ផោន (643,000ដុល្លារ) បន្ថែមទៀត ដើម្បីកែប្រែទីនេះឱ្យទៅជាអគារ8ល្វែង និងស្ថាប័នលក់រាយមួយ។

រឿងរ៉ាវជោគជ័យក្នុងការរកស៊ីចាប់ពីបាទដៃទទេរបស់ Deering បានបញ្ជូនសារបំផុសគំនិតដល់មនុស្សជាច្រើនដែលមានមហិច្ឆតាក្នុងបើកមុខរបររកស៊ី។ ក្រៅពីជាអ្នកជំនួញដែលមានទ្រព្យរាប់រយលានដុល្លារ គាត់ក៏ជាវាគ្មិនដ៏ល្បីឈ្មោះផងដែរ។

លោក Deering ចែករំលែកបទពិសោធន៍របស់ខ្លួន៖ “ខ្ញុំតែងតែជឿជាក់ថា បើសិនជាអ្នកខំប្រឹងធ្វើការដើម្បីប្រែក្លាយក្ដីស្រមៃរបស់ខ្លួនឱ្យទៅជាការពិត នោះគ្រប់យ៉ាងនឹងអាចកើតឡើង។ ខ្ញុំបានបោះបង់ការងារជាបុគ្គលិកផ្នែកលក់រាយកាលពីមានអាយុ21ឆ្នាំ ដោយសារតែគិតថា ខ្ញុំអាចបង្កើតក្រុមហ៊ុនមួយដែលជោគជ័យ។

ការបង្កើតក្រុមហ៊ុនមួយ ពិតជាមិនងាយស្រួល និងតែងមានពេលខ្លះ អ្នកសួរខ្លួនឯងថា តើវាអាចជោគជ័យដែរ ឬអត់។ ប្រការដែលសំខាន់ នោះគឺថា អ្នកត្រូវតែរក្សាគោលជំហរនៃទស្សនវិស័យរបស់អ្នកឱ្យបានមាំទាំ។ វាតែងតែមានឧបសគ្គដែលត្រូវឆ្លងកាត់។ ពេលខ្ញុំត្រូវគេបដិសេធសំណើខ្ចីប្រាក់ ពេលនោះពិតជារឿងលំបាកខ្លាំងណាស់ ក៏ប៉ុន្តែ ដោយសារតែមានក្ដីស្រមៃ ព្រមទាំងមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្លាទៅលើគោលដៅ ខ្ញុំក៏បានប្រែក្លាយវាឱ្យទៅជាការពិត”៕

ប្រភព៖ Entrepreneur

Advertisement