ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់ វៀតណាម ប្រឈម​នឹង​ហានិភ័យ «បាត់​ខ្លួន» ពី​ទីផ្សារ

Pacific Airlines ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ទុន​អប្បបរមា ៦០០ ពាន់​លាន​ដុង (ជាង ២៥ លាន​ដុល្លារ​អាម៉េរិក) នៅក្នុង​ឆ្នាំនេះ ពុំ​ដូចនេះ​ទេ​នឹងត្រូវ អាជ្ញាធរ​វៀតណាម ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​អាកាសចរណ៍។

ក្នុងអំឡុង ២ ឆ្នាំ​បន្តបន្ទាប់​មកនេះ ក្រុមហ៊ុន​អាកាសចរណ៍ Pacific Airlines មិនបាន​បំពេញ​លក្ខខណ្ឌ​ទុន​អប្បបរមា ៦០០ ពាន់​លាន​ដុង ដែល វៀតណាម បានកំណត់​ចំពោះ​អាជីវកម្ម​រកស៊ី​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ដែលមាន​យន្តហោះ​ចាប់ពី ១១ ទៅ ៣០ គ្រឿង។ ទុន​របស់​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​ធ្លាក់​ទៅក្នុង​ឱនភាព​ (អវិជ្ជមាន) ពោល​គឺ​ បំណុល​លើសពី​តម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន នៅក្នុង​ឆ្នាំ ២០២០ និង ២០២១។

ច្បាប់​របស់ ប្រទេស​វៀតណាម កំណត់ថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នឹង​ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម បើសិន​ក្រុមហ៊ុន​នោះបាន​បរាជ័យ​ក្នុងការ​រក្សា​ទុន​អប្បបរមា​ដែល​រដ្ឋ​បានកំណត់ ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា។

ដូច្នេះ ក្រុមហ៊ុន​អាកាសចរណ៍ Pacific Airlines អាច​នឹង​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​របស់​រដ្ឋ បើសិន​មិនអាច​បំពេញ​តាម​លក្ខខណ្ឌ​ខាងលើ នៅក្នុង​ឆ្នាំ ២០២២ នេះ។

Advertisement