ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុនចិន កំពុងតែបញ្ជ្រាបខ្លួនទៅគ្រប់កន្លុកកន្លៀតក្នុងទីផ្សារអន្តរជាតិនាពេលថ្មីៗនេះ ក្នុងនោះក៏មាន Wuling ផងដែរ។
មានតម្លៃប្រហែលតែ 5,500 ដុល្លារអាម៉េរិក រថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុន Wuling ទាក់ទាញអតិថិជនបានយ៉ាងច្រើននៅទីផ្សារប្រទេសចិន ដោយប្រើពេលយ៉ាងខ្លី។ រថយន្តអគ្គិសនីរបស់ Wuling ថែមទាំងលក់ដាច់ជាង Tesla ទៅទៀតនៅក្នុងទីផ្សារក្នុងស្រុក។ បន្ទាប់ពីទទួលបានការគាំទ្រច្រើននៅប្រទេសចិន Wuling ក៏ចាប់ផ្ដើមវាយលុកទីផ្សារអន្តរជាតិ។
ទីផ្សារអន្តរជាតិមួយក្នុងចំណោមទីផ្សារដែល Wuling វាយលុកខ្លាំងជាងគេគឺឥណ្ឌូណេស៊ី ជាទីដែលមានអ្នកប្រើប្រាស់ម៉ូតូច្រើនជាងគេមួយនៅអាស៊ីអាគ្នេយ៍។ ក្រោយពេលត្រូវបានប្រកាសដាក់លក់ មានមតិខ្លះយល់ថា រថយន្តអគ្គិសនីរបស់ Wuling នឹង «ឆាប់ស្លាប់» នៅលើទីផ្សារមួយនេះ។

ក៏ប៉ុន្តែ ការពិតពុំមែនដូច្នោះឡើយ។ ម៉ូដែលរថយន្តអគ្គិសនី Wuling Air ដែលត្រូវបាន និងកំពុងលក់ក្នុងតម្លៃត្រឹមតែ 16,000 ដុល្លារអាម៉េរិក ទាបជាងពាក់កណ្ដាលធៀបនឹងគូប្រជែងដទៃ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅឥណ្ឌូណេស៊ី។
Wuling Air ត្រូវបានចាត់ទុកជាម៉ូដែលរថយន្តអគ្គិសនីតូច សាមញ្ញ និងស្រួលប្រើ ឆ្ពោះទៅកាន់អនាគត និងជាដំណោះស្រាយល្អសម្រាប់ប្រជាជនក្នុងទីក្រុងធំៗរបស់ឥណ្ឌូណេស៊ី។

យោងតាមសមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី ក្រោយការបង្ហាញវត្តមានបាន 6 ខែ (តាំងពីខែសីហា 2022) ចំនួនរថយន្តអគ្គិសនី Wuling Air ដែលបានលក់ចេញ បានកើនឡើងដល់ប្រមាណ 8,000 គ្រឿង និងបានគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី។
ថ្វីបើតួលេខខាងលើមិនច្រើនបើធៀបនឹងចំនួនរថយន្តរបស់ Wuling ដែលបានលក់ចេញនៅសហរដ្ឋអាម៉េរិក និងប្រទេសចិន ប៉ុន្តែជាក់ស្ដែង 8,000 គ្រឿងនេះគឺស្មើនឹង 78% នៃទីផ្សាររថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី។

Wuling Air មានរូបរាងតូច មានកម្ពស់ 1.6 ម៉ែត្រ និងអាចដាក់មនុស្សបានបួននាក់។ វាជារថយន្តអគ្គិសនីដែលមានតម្លៃទាបជាងគេនៅឥណ្ឌូណេស៊ីនាបច្ចុប្បន្ន។

នៅឥណ្ឌូណេស៊ី រថយន្តអគ្គិសនី Nissan Leaf ឬ Hyundai Ioniq 5 បច្ចុប្បន្នមានតម្លៃប្រហែល 48,000 ដុល្លារអាម៉េរិក។ ចំណែក Wuling កំណែស្ដង់ដាមានតម្លៃ 16,000 ដុល្លារ និងកំណែខ្ពស់មានតម្លៃ 20,000 ដុល្លារនៅក្នុងទីផ្សារមួយនេះ៕