វិស័យ​អាកាសចរណ៍​នៅ តំបន់​អាស៊ីអាគ្នេយ៍ ចាប់ផ្ដើម​ងើបឡើង​វិញ ប៉ុន្តែ កំពុង «ចាំមើល​ផ្លូវ» ចិន

យន្តហោះ​របស់​ក្រុម​ហ៊ុន Thai Airways

ទីផ្សារ​អាកាសចរណ៍​នៅ តំបន់​អាស៊ីអាគ្នេយ៍ កំពុងតែ​ងើបឡើង​វិញ​ជាបណ្ដើរៗ និង​មាន​សញ្ញាណ​វិជ្ជមាន​ជាច្រើន​ដែល​នាំឱ្យមាន​ក្ដីសង្ឃឹម ប៉ុន្តែ នៅតែ​ត្រូវការ​ការជួយ​រុញច្រាន​ពី ចិនដីគោក។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​នៅ អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើម​ប្រសើរ​ឡើងវិញ​ទាក់ទង​នឹង​ការ​កក់​សំបុត្រ នៅពេល​វិធានការ​រឹតបន្តឹង​ការដើរ​ហើរ​ក្នុង​តំបន់​ត្រូវបាន​បន្ធូរបន្ថយ រួម​នឹង​ការជំរុញ​វិស័យ​ទេសចរណ៍​ឡើងវិញ​ពី​សំណាក់​អាជ្ញាធរ​នៃ​បណ្ដា​ប្រទេស។

«យើង​ជឿថា រដូវ​កាល​ធ្វើដំណើរ​ច្រើន​ចាប់ពី​ខែតុលា​ឆ្នាំនេះ នឹងមាន​អតិថិជន​ច្រើន​បំផុត​ក្នុងអំឡុង ២ ឆ្នាំ​កន្លង» លោក Nond Kalinta ប្រធាន​ពាណិជ្ជកម្ម​របស់ Thai Airways បាន​ប្រាប់ Nikkei Asia ដូច្នេះ។

ចំនួន​អតិថិជន​របស់ Thai Airways ពី អឺរ៉ុប កំពុងតែ​មានការ​កើនឡើង ក្នុងនោះ ចំនួន​ភ្ញៀវ​ប្រចាំថ្ងៃ កើនឡើង​ជិត ៦ ដង ក្នុងអំឡុងពេល​ពី​ខែមករា ដល់​មិថុនា​ឆ្នាំនេះ។

យន្តហោះ​របស់​ក្រុម​ហ៊ុន Philippine Airlines

ចំណែក Philippine Airlines វិញ បានកំណត់​គោលដៅ​ស្ដារ​ជើងហោះហើរ​ឡើងវិញ​ឱ្យបាន ៨០% ធៀប​នឹង​ដំណាក់កាល​មុន​សម័យ​កូ​វីដ-១៩។ ក្នុង​ខែមីនា ក្រុមហ៊ុន​នេះ​​ដឹក​ភ្ញៀវ​អន្តរជាតិ​បាន ១,៥០០ ជើង រួមមាន​ជើងហោះហើរ​ទៅមក ជប៉ុន, អាម៉េរិក​ខាងជើង និង​មជ្ឈិមបូព៌ា​ផងដែរ។

កាលពី​ខែមិថុនា ក្រុមហ៊ុន​អាកាសចរណ៍ Garuda Indonesia របស់ ប្រទេស​ឥណ្ឌូណេស៊ី ដែល​វិះ​នឹង​ក្ស័យធន សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ម្ចាស់បំណុល ដើម្បី​បន្ថយ​ខ្ទង់​បំណុល​ប្រហែល ៩.៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រុមហ៊ុន​នេះ​ក៏​គ្រោង​នឹង​ទទួល​ខ្ទង់បាន​​ប្រាក់​វិនិយោគ​ជាង ៧ ទ្រី​លាន​រូពៀ​ផងដែរ ពី​រដ្ឋាភិបាល។

ដំណឹង​ទាំងនេះ​ពិតជា​គួរឱ្យ​មាន​ក្ដីសង្ឃឹម ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅតែ​ទន្ទឹងរង់ចាំ​ដំណឹង​ល្អ​បំផុត​ដើម្បី​អាចឱ្យ​សកម្មភាពបម្រើ​សេវាកម្ម​របស់​ពួក​គេ​​​ដំណើរការ​ប្រក្រតី នោះ​គឺ​ គេ​ត្រូវ​ការ​ឱ្យ​ការធ្វើដំណើរ​ទៅមក​ពី ប្រទេស​ចិន «ល្អប្រសើរ​ឡើងវិញ»។

យន្តហោះ​របស់​ក្រុម​ហ៊ុន Garuda Indonesia

ភ្ញៀវ​ពី ប្រទេស​ចិន ហាក់​មិនទាន់​ត្រលប់​មកវិញ។ ទីក្រុង​ប៉េកាំង ស្នើឱ្យ​ប្រតិបត្តិ​ករ​ទេស​រណ៍​ផ្អាក​ការបញ្ចេញ​កញ្ចប់​ទេសច​រណ៍​ជា​ក្រុម​ទៅ​បរទេស និង​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩។ នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) អនុញ្ញាតឱ្យ​​ដំណើរ​ការ​​ចំពោះតែ​ជើង​ហោះហើរ​​មួយចំនួន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស។

គួរ​បញ្ជាក់​ថា អ្នកដំណើរ​ជាង ១០% របស់ Thai Airways នៅលើ​ជើងហោះហើរ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៩ (មុន​កូ​វីដ-១៩) គឺជា ជនជាតិ​ចិន៕

Advertisement