​រថយន្ត​អគ្គិសនី​របស់ BYD នឹង​​មាន​វត្តមាន​​​ក្នុង​ទីផ្សារ​​របស់ អ៊ីស្រាអែល​ ចាប់​ពី​​ចុង​ឆ្នាំ​​នេះ

ក្រុមហ៊ុន BYD ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំ ២០២២។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ ចិន BYD គ្រោង​នឹង​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ ទីផ្សារ​អ៊ីស្រាអែល ចាប់ពី​ចុងឆ្នាំ​នេះ ដោយ​​សហការ​ជាមួយ​ដេប៉ូ​ចែកចាយ​រថយន្ត Shlomo Motors របស់ អ៊ីស្រាអែល នេះ​បើតាម​ប្រកាស​កាលពី​ម្សិលមិញ​របស់​ក្រុមហ៊ុន​ទាំងពីរ។

BYD បង្ហើប​ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំនេះ។ ក្រុមហ៊ុន​អ៊ីស្រាអែល Shlomo បញ្ជាក់ថា ចាប់ពី​ខែកញ្ញា ​ឆ្នាំ​ ២០២២ Shlomo នឹង​បើក​ទីតាំង​បង្ហាញ​រថយន្ត​ថ្មី​ចំនួន ៤ កន្លែង ដើម្បីឱ្យ​អតិថិជន​អាច​ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​របស់ BYD។

រថយន្តក្រុង​អគ្គិសនី​របស់​ក្រុម​ហ៊ុន BYD

BYD និង Shlomo បាន​សហការគ្នា​រកស៊ី​ជាង ១ ទសវត្សរ៍​មកហើយ តាមរយៈ​សកម្មភាព​ជំនួញ​លើ​រថយន្តក្រុង​អគ្គិសនី​របស់ BYD។ BYD (Build Your Dreams) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៥ និង​មាន​ការិយាល័យ​កណ្ដាល​នៅ Shenzhen ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ និង​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​សុវត្ថិភាព។

BYD អះអាងថា បច្ចេកវិទ្យា​ថ្ម​ផ្ទុក​អគ្គិសនី​របស់ខ្លួន អនុញ្ញាតឱ្យ​រថយន្ត​ម៉ូ​ដែល e-Platform 3.0 រត់​បាន​ចម្ងាយ​លើសពី ១,០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ BYD និង Shlomo មិនទាន់​បង្ហើប​ឱ្យដឹងថា រថយន្ត BYD ម៉ូ​ដែល​ណាមួយ​ដែល​នឹងត្រូវ​បានដាក់លក់​​​ក្នុង​ទីផ្សារ​របស់ អ៊ីស្រាអែល នៅឡើយ៕

Advertisement