មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ចូល​គ្រប់គ្រង​បណ្ដាញ​សង្គម Twitter

មហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk)

មហាសេដ្ឋី​អាម៉េរិក លោក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​គេ​អះអាងថា បានសម្រេច​រាល់​ជំហាន​ចុងក្រោយ​នៅក្នុង​ការចូល​គ្រប់គ្រង Twitter និង​បញ្ឈប់​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​នាក់។

យោងតាម CNBC នាយក​ប្រតិបត្តិ​របស់ Twitter លោក Parag Agrawal និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ Ned Segal បាន​ចាក​ចេញពី​ទីស្នាក់ការ​កណ្ដាល​នៅ San Francisco។ អ្នក​ទាំងពីរ​នឹង​ឈប់​ធ្វើការ​នៅ Twitter ចាប់ពី​ថ្ងៃទី 28 តុលា ក្រោយពី អ៊ី​ឡុ​ន ម៉ាស ចូល​គ្រប់គ្រង។

ប្រភពព័ត៌មាន​របស់ WSJ បានឱ្យដឹងថា Agrawal និង Segal ត្រូវបាន​លោក ម៉ាស បញ្ឈប់ ក្រោយពី​ម្ចាស់ Tesla បាន​ទៅកាន់​ការិយាល័យ​របស់ Twitter កាលពី​ថ្ងៃទី 27 តុលា។ ចំណែក Bloomberg វិញ ផ្សាយ​ថា ក្រៅពី Agrawal និង Segal ក៏​នៅមាន​មេដឹកនាំ​ផ្នែក​ច្បាប់ និង​គោលការណ៍ Vifaya Gadde រួម​នឹង ទីប្រឹក្សា​រួម Sean Edgett ផងដែរ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ។

Agrawal នឹងមិន​ចាកចេញ​ដោយ​ដៃទទេ​ឡើយ។ យោងតាម Reuters កិច្ចសន្យា​រវាង Agrawal និង Twitter តម្រូវឱ្យ​បណ្ដាញ​សង្គម​នេះ​បង់ប្រាក់​ប្រហែល 42 លាន​ដុល្លារ​ដល់ Agrawal។

តំណាង​របស់​បណ្ដាញ​សង្គម Twitter មិន​ទាន់​មាន​ការ​បក​ស្រាយ​នៅ​ឡើយ​ ដោយ​បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​អំពី​បញ្ហា​ខាងលើ។

កាលពី​ថ្ងៃទី 27 តុលា មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស បាន​ទៅដល់​ទីស្នាក់ការ​របស់ Twitter និង​នាំយក​ឡា​បូ​លាងដៃ​មួ​យមក​តាម​ខ្លួន ព្រមទាំង​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្ដាញ​សង្គម​នេះ។ នៅលើ​ទំព័រ​ព័ត៌មាន​ផ្ទាល់ខ្លួន លោក ម៉ាស ក៏បាន​ប្ដូរ​ខ្លឹមសារ​ណែនាំ​ខ្លួន​ទៅជា «ម្ចាស់ Twitter» ផងដែរ ដែល​នេះ​ត្រូវ​បាន​ Business Insider វាយ​តម្លៃ​ថា ជា​កាយវិការ​បង្ហាញ​ថា លោក ម៉ាស មាន​គម្រោង​ធ្វើ​ជា CEO របស់ Twitter។

លោក អ៊ីឡុន ម៉ាស កាលពី​ខែមេសា 2022 ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដូច​​មុន៕

Advertisement