ក្រុមហ៊ុន​ជប៉ុន បាត់បង់ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​វិនិយោគ​លើ​គម្រោង​របស់ រុស្ស៊ី

គម្រោងឧស្ម័នធម្មជាតិរាវ (LNG) Sakhalin-2 របស់ រុស្ស៊ី

ក្រុមហ៊ុន Mitsui និង​ក្រុមហ៊ុន Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​អស់​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ពួកគេ​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់ រុស្ស៊ី។

យោងតាម Bloomberg សាជីវកម្ម Mitsui និង Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​សរុប​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី ដោយសារតែ​ត្រូវបាន​រឹបអូស និង​បញ្ចូល​ទៅក្នុង​ទ្រព្យ​របស់​រដ្ឋ​រុស្ស៊ី ទៅតាម​បទបញ្ជា​របស់ ប្រធានាធិបតី ពូ​ទីន។

ទុនវិនិយោគ​របស់ Mitsui ដែល​ត្រូវបាន រុស្ស៊ី រឹបអូស គឺ ១៣៦.៦ ពាន់​លាន​យ៉េន (១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក ទុន​ដែល Mitsubishi បាន​បាត់បង់ គឺ ៨១ ពាន់​លាន​យ៉េន (៦១០ លាន​ដុល្លារ​អាម៉េរិក)។ ក្រុមហ៊ុន​ទាំងពីរ​ខាងលើនេះ​សុទ្ធតែ​កាន់កាប់​ភាគហ៊ុន ២២.៥% នៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី។

សាជីវកម្ម​បរទេសមួយ​ផ្សេងទៀត​ដែលមាន​ភាគហ៊ុន ២៧.៥% នៅក្នុង​គម្រោង Sakhlin -2 គឺ ក្រុមហ៊ុន Shell របស់ ចក្រភព​អង់គ្លេស។ ភាគហ៊ុន​ដែល​នៅសល់​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខរ​បស់​សាជីវកម្ម​ឧស្ម័ន Gazprom របស់ រុស្ស៊ី។

ក្រុមហ៊ុន Shell មុន​នោះបាន​ប្រកាស​លុបចោល​ខ្ទង់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង ពាណិជ្ជកម្ម​នានា​របស់ រុស្ស៊ី ប៉ុន្តែ​មិនបាន​និយាយ​ច្បាស់​អំពី​តួលេខ​នៃ​ខ្ទង់​វិនិយោគ​ទៅលើ Sakhalin-2 នោះទេ៕

Advertisement