G7 នឹង​ចាប់ផ្ដើម​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​រ៉ែ​របស់ រុស្ស៊ី យ៉ាងយូរ​ត្រឹម​ដើមខែ​ធ្នូ

បណ្ដា​ប្រទេស​ជា​សមាជិក G7 រួមមាន សហរដ្ឋ​អាម៉េរិក, កាណាដា, ជប៉ុន, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, និង អង់គ្លេស បានប្រកាសថា នឹង​ពិនិត្យ​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​រ៉ែ​ដែល​នាំ​ចេញពី ប្រទេស​រុស្ស៊ី ដើម្បី​កាត់បន្ថយ​ប្រាក់ចំណូល​របស់ ទីក្រុង​មូ​ស្គូ។

កាលពី​ថ្ងៃទី ២៧ កក្កដា មន្ត្រីជាន់ខ្ពស់​មួយរូប​មកពី​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​លំដាប់​កំពូល​លើ​ពិភពលោក (G7) ឱ្យដឹងថា ក្រុម​នេះ​គ្រោង​នឹង​អនុវត្ត​វិធានការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​រ៉ែ​នាំចេញ​របស់ រុស្ស៊ី យ៉ាងយូរ​ចាប់ពី​ថ្ងៃទី ៥ ធ្នូ ២០២២ នៅពេល​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប (EU) ដែល​ហាម​ការ​នាំចូល​ប្រេង​ឆៅ​របស់ រុស្ស៊ី មាន​សុពលភាព។

មន្ត្រី​ខាងលើ​បាន​ប្រាប់ថា កាលបរិច្ឆេទ​នៃ​ការកំណត់​តម្លៃ​ប្រេង​របស់ G7 ដែល​ត្រួតស៊ីគ្នា​ទៅនឹង​ពេលវេលា​នៃ​ទណ្ឌកម្ម ដែល EU បានដាក់​ចេញ ក្រុម​ប្រទេស G7 ចង់​ធានាថា យន្តការ​កំណត់​តម្លៃ​ពិតាន​នឹងមាន​ប្រសិទ្ធភាព​ស្របពេល​ជាមួយនឹង​វិធានការ​ដាក់ទណ្ឌកម្មរ​បស់ EU។ កាលពី​ខែ​មុន បណ្ដា​ប្រទេស​នៅ G7 រួមមាន សហរដ្ឋ​អាម៉េរិក, កាណ​ដា, ជប៉ុន, អាល្លឺម៉ង់, បារាំង, អ៊ីតាលី និង អង់គ្លេស បានប្រកាសថា នឹង​ពិនិត្យ​លើ​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​រ៉ែ​នាំចេញ​របស់ រុស្ស៊ី ដើម្បី​កាត់បន្ថយ​ប្រាក់​ចំ​ណួ​លពី​ប្រេង​រ៉ែ​របស់ ទីក្រុង​មូ​ស្គូ។

បច្ចុប្បន្ន G7 កំពុងតែ​ប្រឹងប្រែង​បញ្ចុះបញ្ចូល ចិន និង ឥណ្ឌា ឱ្យ​ចូលរួម​យន្តការ​នេះ ក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​កំពុង​ទិញ​ប្រេង​ឆៅ​យ៉ាងច្រើន​សន្ធឹក​ពី ប្រទេស​រុស្ស៊ី ក្នុងតម្លៃ​ទាប។

G7 ចង់​ប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​នៃ​បណ្ដា​ប្រទេស​នាំចូល ដើម្បី​អនុវត្ត​តម្លៃ​ពិតាន​ជាក់លាក់​មួយ​ចំពោះ​ប្រេង​ឆៅ​ដែល​នាំ​ចេញពី រុស្ស៊ី។ តម្លៃ​ពិតាន​នេះ​ត្រូវតែ​ធានា​ឱ្យបាន​ថា ខ្ពស់ជាង​ការចំណាយ​ក្នុងការ​ផលិត​នៅ រុស្ស៊ី ដើម្បី​លើកទឹកចិត្ត​ឱ្យ មូ​ស្គូ បន្ត​រក្សា​ការផលិត ប៉ុន្តែ ត្រូវតែ​ទាប​ជាង​តម្លៃ​នៅក្នុង​ទីផ្សារ​ដែល​កំពុង​ឡើង​ខ្ពស់​នាបច្ចុប្បន្ន។

មុន​នោះ កាលពី​ថ្ងៃទី ២២ កក្កដា ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី Elvira Nabiullina បានប្រកាសថា ទីក្រុង​មូ​ស្គូ នឹងមិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​បានសម្រេច​ចិត្ត​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​រ៉ែ​របស់​ប្រទេស​នេះ៕

Advertisement