Twitter ចាប់ផ្ដើម​ប្ដឹង​មហាសេដ្ឋី Elon Musk ៖ សង្គ្រាម​ផ្លូវច្បាប់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Wall Street

កាលពី​ថ្ងៃទី ១២ កក្កដា ក្រុមហ៊ុន Twitter Inc បានដាក់​ពាក្យ​ប្ដឹង​ប្រឆាំងនឹង​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ដោយ​ចោទថា មហាសេដ្ឋី​រូបនេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ និង​ស្នើឱ្យ​លោក Musk បង្ហើយការ​ទិញដូរ​នេះ។

ក្នុង​ពាក្យបណ្ដឹង Twitter បាន​តវ៉ា​អំពី​ការដែល​លោក Musk មើលស្រាល​ច្បាប់ពាណិជ្ជកម្ម​របស់រ​ដ្ឋ Delaware ដោយ​សារបាន​ប្ដូរផ្លាស់​គំនិត​តាមតែ​អំពើ​ចិត្ត ធ្វើឱ្យមាន​ការខាតបង់​ដល់​ក្រុមហ៊ុន បង្ក​ការរអាក់រអួល​ដល់​ស​កម្ម​ភាព និង​បំផ្លាញ​តម្លៃ​របស់​ភាគ​ហ៊ុ​និក។

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១២ កក្កដា នៅក្នុង​ទីផ្សារ New York ភាគហ៊ុន​របស់ Twitter មានតម្លៃ ៣៤.០៦ ដុល្លារ/ហ៊ុន កើន ៤.៣% ធៀប​នឹង​ថ្ងៃ​ជួញដូរ​មុន​នោះ ប៉ុន្តែ​នៅ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជាង ៥០ ដុល្លារ កាលពី​អំឡុងពេល​ភាគី​លោក Elon Musk និង Twitter យល់ព្រម​ទិញដូរ​បណ្ដាញ​សង្គម​នេះ​ក្នុងតម្លៃ ៥៤.២ ដុល្លារ/ហ៊ុន កាលពី​ចុងខែ​មេសា ២០២២។

រឿងក្ដី​នេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​វាយតម្លៃថា នឹង​ក្លាយជា​សង្គ្រាម​ផ្លូវច្បាប់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Wall Street ទាក់ទង​នឹង​ក្រុមហ៊ុន​ខ្នាត​យក្ស៕

Advertisement