ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា ឥណ្ឌូណេស៊ី លក់​ប្រេងឆា​រាប់សិប​លាន​លីត្រ​​​ក្នុងតម្លៃ​ទាប ជូន​ប្រជាជន

ប្រភពព័ត៌មាន​ពី ហ្សា​ការ​តា បានឱ្យដឹងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ២៦ មិថុនា បានប្រកាស​បែងចែក​ប្រេងឆា​តម្លៃ​ទាប ចំនួន ៦០ លាន​លីត្រ ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស។

នេះ​គឺជា​ដំណើរការ​អនុវត្ត​គោលនយោបាយ «ប្រេងឆា​សម្រាប់​ប្រជាជន» ដែល រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានលើកឡើង​កាលពីដើម​ខែមិថុនា ដោយ​សង្ឃឹមថា អាចធ្វើឱ្យ​តម្លៃ​ប្រេងឆា​ឆាប់​មាន​ស្ថិរភាព ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា និង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន។

ក្រុមមន្ត្រី​ឥណ្ឌូណេស៊ី ឱ្យដឹងថា ការបែងចែក​ប្រេងឆា ត្រូវបាន​អនុវត្ត​តាមរយៈ​សមាជិក​នានា​របស់​ក្រុមហ៊ុន PT Indonesia Trading និង Rajawali Nusindo។ មកដល់​បច្ចុប្បន្ន កម្មវិធី​ខាងលើ​បាន​ចែកចាយ​ប្រេងឆា ៦០ លាន​លីត្រ​រួចហើយ​ដល់ទី​ផ្សារ​នានា​នៅ​ពាសពេញ ប្រទេស​ឥណ្ឌូណេស៊ី។

ដើម្បី​ចូលរួម​ធ្វើឱ្យ​តម្លៃ​ប្រេងឆា​មាន​ស្ថិរភាព រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានកំណត់​តម្លៃ​លក់រាយ​ខ្ពស់បំផុត​ត្រឹម ១៤,០០០ រ៉ូ​ពី​ឥណ្ឌូនេស៊ី/លីត្រ (ប្រហែល ១ ដុល្លារ​អាម៉េរិក/លីត្រ) ឬ ១៥,៥០០ រ៉ូ​ពី​ឥណ្ឌូនេស៊ី/លីត្រ សម្រាប់​ការទិញ​ច្រើន​បំផុត​ត្រឹម ១០ លីត្រ/មនុស្ស​ម្នាក់/ថ្ងៃ៕

Advertisement