បន្ទាប់ពី​លក់​ឱ្យ កម្ពុជា និង ថៃ អាជ្ញាធរ​​ឡាវ ចាប់ផ្ដើម​នាំចេញ​អគ្គិសនី​ទៅកាន់ សិង្ហ​បុរី

វារីអគ្គិសនី Xayaburi នៅ​ ប្រទេស​ឡាវ

កាលពី​ថ្ងៃទី ២៣ មិថុនា ២០២២ ​សិង្ហ​បុរី ចាប់ផ្ដើម​នាំចូល​ថាមពល​កកើតឡើង​វិញ​ពី ប្រទេស​ឡាវ តាមរយៈ ប្រទេស​ថៃ និង ម៉ាឡេស៊ី។ នេះ​គឺជា​ការ​ទិញដូរ​អគ្គិសនី​ឆ្លងដែន​ពហុភាគី​ដំបូង​ទាក់ទង​នឹង ៤ ប្រទេស​នៃ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ហើយក៏​ជា​លើកដំបូង​ដែល សិង្ហ​បុរី នាំចូល​ថាមពល​កកើតឡើង​វិញ​ពី​បរទេស។

អគ្គិសនី ១០០ MW ពី ប្រទេស​ឡាវ នឹង​ត្រូវបាន​នាំចូល ប្រទេស​សិង្ហ​បុរី តាមរយៈ​តំណ​ភ្ជាប់​ដែលមាន​នាបច្ចុប្បន្ន​នៅក្នុង​ក្របខណ្ឌ​នៃ គម្រោង​ដំឡើង​អគ្គិសនី​របស់ ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហ​បុរី ដែលជា​គម្រោង​អន្តររដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៤ ដើម្បី​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ឆ្លង​ព្រំដែន។

កាលពី​ខែតុលា ២០២១ សិង្ហ​បុរី បានប្រកាស​គម្រោង​នាំចូល​អគ្គិសនី​ប្រហែល ៣០% ពី​បណ្ដា​ប្រភព​ដែល​បញ្ចេញ​កាបូន​ទាប​នៅ​ឆ្នាំ ២០៣៥ ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​អគ្គិសនី​របស់ខ្លួន។ បច្ចុប្បន្ន ជាង ៩៥% នៃ​វិស័យ​អគ្គិសនី​របស់ សិង្ហ​បុរី ត្រូវបាន​បង្កើតឡើង​ដោយ​វិធី​ដុត​ឧស្ម័ន​ធម្មជាតិ។

ការសាងសង់​បណ្ដា​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ខ្នាត​ធំ រោងចក្រ​អគ្គិសនី​ថាមពលខ្យល់ ឬ​វា​រី​អគ្គិសនី នៅ សិង្ហ​បុរី មានការ​លំបាក​ខ្លាំង​ដោយសារតែ​ទឹកដី​តូចចង្អៀត។ ក៏ប៉ុន្តែ របាយការណ៍​មួយ​នាពេលថ្មីៗនេះ​បង្ហាញថា ប្រទេស​នេះ​នឹង​សម្រេចបាន​គោលដៅ​លើ​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ស្មើ​សូន្យ​នៅ​ឆ្នាំ ២០៥០។

សិង្ហ​បុរី ក៏​កំពុងតែ​ស្រាវជ្រាវ​លើ​គម្រោង​សាកល្បង​ដើម្បី​នាំចូល​អគ្គិសនី​ពី ប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ផងដែរ។

មុនពេល​នាំចេញ​អគ្គិសនី​ទៅកាន់ សិង្ហ​បុរី រដ្ឋាភិបាល​ឡាវ បាន​ផ្ដោតលើ​ការអនុវត្ត​គម្រោង​វា​រី​អគ្គិសនី​ជាច្រើន​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​ការនាំចេញ​អគ្គិសនី​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ក្នុងនោះ​មាន កម្ពុជា ថៃ និង វៀតណាម ជាដើម។ ក្រៅពីនេះ ប្រទេស​ឡាវ ក៏​ថែមទាំង​នាំចេញ​អគ្គិសនី​ទៅកាន់ ប្រទេស​ចិន ទៀតផង៕

Advertisement