អាយុ ១៩ ឆ្នាំ រកបាន ១២,០០០ ដុល្លារ/ខែ ពី​ការងារ​ធ្វើ​នំ​លក់ដោយ​ខ្លួនឯង

កំលោះ Justin Ellen

កាលពី​ឆ្នាំ​កន្លង យីហោ​ធ្វើ​នំ​របស់ Justin Ellen រកចំណូលបាន ១០០,០០០ ដុល្លារ​អាម៉េរិក ប៉ុន្តែ ចាប់ពី​ខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើម​រកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពី​បាន​ចំណាយពេល​ពេញ​ម៉ោង​សម្រាប់​ការងារ​ធ្វើ​នំ​ផ្ទាល់ខ្លួន​។

នៅពេល Justin Ellen ទទួលបាន​សារ​មួយ​នៅលើ Instagram ដែល​សួរថា «ចង់​ចូលរួម​កម្មវិធី Netflix ដែលមាន​ឈ្មោះថា «Is It Cake?» ដែរ ឬ​អត់?» Ellen គិតថា ការអញ្ជើញ​នេះ​សាមញ្ញ​ពេក​ហើយ។ នៅពេល​ពួកគេ​និយាយថា នឹងមាន​ការសម្ភាស ទើប Ellen ជឿថា វា​ជា​កម្មវិធី​គួរឱ្យ​ទុកចិត្ត។

ក្រោយ​កិច្ច​សម្ភាស​តាម Zoom និង​ការរង់ចាំ ១ ខែ Ellen ដែល​កាលនោះ​មាន​អាយុ ១៨ ឆ្នាំ ក៏ត្រូវ​បានជ្រើសរើស​ឱ្យចូល​រួម។ Ellen ទទួលស្គាល់ថា កម្មវិធី​នោះ​ពិតជា​ធំដុំ​មែន។

«Is It Cake?» គឺជា​កម្មវិធី​ប្រកួត​ធ្វើ​នំ។ ក្នុង​កម្មវិធី​នេះ បេក្ខជន​ត្រូវតែ​ធ្វើ​នំ​ដែលមាន​រូបរាង​ដូច​ទៅនឹង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​ស្បែកជើង​ជាដើម។ Ellen គឺជា​អ្នកធ្វើ​នំ​ដែល​នៅមាន​បទពិសោធន៍​តិចតួច​នៅឡើយ ធៀប​នឹង​គូប្រជែង​ដទៃ។

ទោះជា​យ៉ាងណាក៏ដោយ មុនពេល​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​របស់ Netflix កំលោះ Ellen ក៏មាន​យីហោ​នំ​ជោគជ័យ​មួយ​ផ្ទាល់ខ្លួន​រួចហើយ នោះ​គឺ Everything Just Baked។

កំលោះ​មកពី New Jersey ឱ្យដឹងថា «កាលពី​ឆ្នាំ​កន្លង យើង​រកចំណូលបាន ១០០,០០០ ដុល្លារ។ ជាមួយនឹង​កម្មវិធី Netflix ខ្ញុំ​ទទួលបាន​សំណើ (ការបញ្ជាទិញ) ច្រើនជាង​មុន…រវល់​ណាស់។ ខ្ញុំ​អរគុណ​ខ្លាំងណាស់​ចំពោះ​ប្រការ​នោះ»។

ធ្វើការ​ដោយ​ប្រឹងប្រែង និង​ឆ្លងកាត់​បរាជ័យ

Ellen រៀន​វិធី​ធ្វើ​នំ​ពី​ម្ដាយ និង​ជីដូន​របស់ខ្លួន​ពេល​ទើប​តែមាន​អាយុ ៧ ឆ្នាំ។ ពួកគេ​ធ្វើ​នំ​ជាច្រើន​ប្រភេទ ប៉ុន្តែ សុទ្ធតែ​មិនមែនជា​នំ​ផ្អែម។

ក្រោយមក Ellen ក៏បាន​ចាក​ផុត​តំណែង «កូនកាំបិត» (ជំនួយការ​ចុងភៅ) ពេល​មាន​អាយុ ១៤ ឆ្នាំ ដោយ​ចាប់​ផ្ដើមចេញពី​ការមើល​វីដេអូ​លើ Youtube និង​មានគំនិត​ចង់​ផលិត​នំ​ផ្ទាល់ខ្លួន។

«ខ្ញុំ​បាន​បរាជ័យ​ច្រើនលើកច្រើនសា…។ ខ្ញុំ​គិតថា នោះ​គឺជា​នំ​ដែល​ងាយស្រួល​ធ្វើ ប៉ុន្តែ​ក្រោយមក​ក៏​ធ្វើ​មិនបាន​ល្អ» Ellen និយាយ​អំពី​បទពិសោធន៍​ក្នុងការ​ធ្វើ​នំ​ទៅតាម Youtuber។

ក៏ប៉ុន្តែ Ellen នៅតែ​មិន​បោះបង់​ការព្យាយាម។ ដំណាក់​កាលដែល​ជក់ចិត្ត​ក្នុងការ​ធ្វើ​នំ​គឺ​ពេល Ellen រៀន​ដល់​កម្រិត​មធ្យមសិក្សា។

«ខ្ញុំ​រវល់​ខ្លាំងណាស់។ ប៉ុន្តែ បើ​អ្នក​ពិតជា​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ អ្នកនឹង​ឆ្លៀត​យក​ឱកាស​ទំនេរ​បាន​ច្រើន» Ellen និយាយ​ដូច្នេះ។

ដឹង​អំពី​តម្លៃ​របស់ខ្លួន

ឧបសគ្គ​ធំ​បំផុត​ដែល Ellen ជួបប្រទះ​នៅពេល​ក្លាយជា​អ្នកជំនួញ​វ័យក្មេង​នោះ​គឺ​ការកំណត់​តម្លៃ​របស់ខ្លួន។

«កាលណោះ ខ្ញុំ​មិន​ច្បាស់​ថា សិល្បៈ​របស់ខ្ញុំ​មានតម្លៃ​ប៉ុន្មាន​នោះទេ។ ខ្ញុំ​សួរ​ម្ដាយ ហើយ​គាត់​ក៏​លើកឡើង​នូវ​តម្លៃ​ដូច​ខ្ញុំ គឺ​ឱ្យ​តម្លៃ​យ៉ាង​ទាប។ ដូចជា​ថា «ម៉ាក់​នឹងមិន​ទិញ​នំ​ដែលមាន​តម្លៃ ១០០ ដុល្លារ​ឡើយ»។ ប៉ុន្តែ ពេលនេះ គ្រប់គ្នា​កំពុង​ចំណាយ​ក្នុង​កម្រិត​នោះ»។

ក្នុងដំណាក់កាល​ដំបូង​នៃ​ការរកស៊ី Ellen បាន​លក់​នំ​មួយ​ដែលមាន​ទំហំ ៦ អ៊ី​ញ ក្នុងតម្លៃ ៦០ ដុល្លារ ប៉ុន្តែ បច្ចុប្បន្ន «ពិតជា​ងាយស្រួល​ក្នុង​ការលក់​នំ​ក្នុងតម្លៃ ១៥០ ដុល្លារ សម្រាប់​នំ​ដែលមាន​ទំហំ ៦ អ៊ី​ញ»។

ចាប់ពី​ខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើម​រកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពី​បាន​ចំណាយពេល​ពេញ​ម៉ោង​សម្រាប់​ការងារ​ធ្វើ​នំ​ផ្ទាល់ខ្លួន​សម្រាប់​លក់។

«ខ្ញុំ​ដឹងថា គ្រប់គ្នា​កំពុង​ទិញ​កាបូប​ប្រែ​ន តម្លៃ​រាប់ពាន់​ដុល្លារ។ អ្នក​ត្រូវ​ធ្វើឱ្យ​អតិថិជន​យល់​អំពី​តម្លៃ​យីហោ​របស់​អ្នក និង​អ្វីដែល​អ្នក​កំពុង​ផ្ដល់ជូន​ពួកគេ…ព្រោះថា នំ​មាន​រសជាតិ​ឆ្ងាញ់​ណាស់ ហើយ​ខ្ញុំ​បាន​ប្រើប្រាស់​សុទ្ធតែ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់» Ellen បកស្រាយ​អំពី​យុទ្ធសាស្ត្រ​ឃោសនា។

តែងតែ​ឆ្ពោះទៅមុខ

ក្ដី​ស្រមៃ​របស់ Ellen ទទួល​បានការ​តបស្នង។ អ្វីដែល​កំលោះ​នេះ​នឹក​ស្រមៃ​អំពី​ខ្លួនឯង បានក្លាយ​ជាការ​ពិត។ បច្ចុប្បន្ន Ellen លក់​នំ​ចម្រុះ និង​សម្ភារ​ធ្វើ​នំ តាម​អន​ឡាញ។ Ellen ក៏​បង្កើត​កម្មវិធី​ប​ង្រៀ​ង​សម្រាប់​អ្នកធ្វើ​នំ​ដែល​ចង់​ចាប់យក​អាជីព​នេះ​ផងដែរ។

Ellen ទទួលបាន​ការបញ្ជាទិញ​ប្រហែល ៦ លើក​ជា​រៀងរាល់​សប្ដាហ៍ ហើយ​វា​សុទ្ធតែជា​ការបញ្ជាទិញធំ។ មួយថ្ងៃ​របស់ Ellen គឺ​ក្រោក​ពី​គេង​នៅ​ម៉ោង ០៨ ព្រឹក និង​ធ្វើ​នំ​ទៅតាម​ការបញ្ជាទិញ​ពី​អតិថិជន ពី​ផ្ទះបាយ​របស់​គ្រួសារ។

«ខ្ញុំ​នៅតែ​គិត​អំពី​ការងារ​ជំនួញ​របស់ខ្ញុំ និង​ឧបសគ្គ​ថ្មី​ដើម្បី​លើកកម្ពស់​ការងារ។ ខ្ញុំ​ចង់​មាន​ការិយាល័យ​ក្រុមហ៊ុន​មួយ…ប៉ុន្តែ​គោលដៅ​ចុងក្រោយ​របស់ខ្ញុំ​នោះ​គឺ​ដូច​ទៅនឹង Wilton ដែលជា​ក្រុមហ៊ុន​តុបតែង​នំ​ខេ​ក»។

Wilton គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ធ្វើ​នំ សម្ភារ​តុបតែង​នំ និង​វត្ថុ​ធាតុ​សម្រាប់ធ្វើ​នំ​ជាដើម។

«នឹងត្រូវ​ចំណាយពេល​យូរ​ទៀត។ ប៉ុន្តែ ចុងក្រោយ អ្នកនឹង​បានដឹងថា វា​ពិតជា​ស័ក្ដិសម» Ellen បញ្ជាក់​អំពី​ការព្យាយាម​របស់ខ្លួន៕

Advertisement