Tesla របស់​អាម៉េរិក ជិត​បាត់​​តំណែង​លេខ​មួយ​ដោយ​សារ​​ក្រុម​ហ៊ុន​ចិន​?

BYD របស់​ចិន​ទំនង​ជា​នឹង​អាច​ហក់ផុត​ Tesla ដើម្បី​ក្លាយជា​ក្រុម​ហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ គ្រា​ដែល​​វិស័យ​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ចិន​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​តែ​យាន​យន្ត​អគ្គិសនី​។

យោង​តាម Fortune ការ​លក់ធ្លាក់​ចុះនៅ​​​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​ 2023 របស់ Tesla កំពុង​​បង្ក​ឱកាស​ល្អ​ដល់​គូប្រជែង​ BYD ក្នុង​ការ​ដណ្ដើម​យក​តំណែង​នាំ​មុខ​គេ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ទូទាំង​សកល​លោក​។

ក្នុង​ត្រីមាន​ទីបី​នៃ​ឆ្នាំ 2023 Tesla លក់​រថយន្ត​អគ្គិសនី​បានជាង 435,000 គ្រឿង​ គ្រាដែល​ BYD លក់​បាន​ជាង 431,000 គ្រឿង​។ គម្លាត​ដ៏​ខ្លី​នេះ​មាន​ន័យ​ថា BYD អាច​ជិត​យក​ឈ្នះ​លើ Tesla ទាក់​ទង​នឹង​បរិមាណ​រថយន្តអគ្គិសនី​ដែល​បាន​លក់​ចេញ​។

បើ​គិត​ជា​សរុប​ BYD បាន​យក​ឈ្នះ​ Tesla តាំង​ពី​យូរ​មក​ហើយ​។ យោង​តាម Bloomberg បើ​គិត​ទាំង​រថយន្ត​កូន​កាត់​ម៉ូទ័រ​អគ្គិសនី​-ម៉ាស៊ីន​ចំហេះ​ក្នុង​ (hybrid) BYD លក់​បាន​ជាង 800,000 គ្រឿង​ក្នុង​ត្រីមាស​ទី​បី​ ច្រើន​ជាង​ជិត​ទ្វេ​ដង បើ​ធៀប​នឹង​ Tesla។

ក្រុម​ហ៊ុន​ចិន BYD កាល​ពី​ឆ្នាំ​ 2022 លក់​រថយន្ត​បាន​ 1.8 លាន​គ្រឿង​ ក្នុង​នោះ​មាន​ជាង 911,000 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី​សុទ្ធ។ ក្នុង​ដំណាក់​កាល​នោះ​ដែរ Tesla លក់រថយន្ត​អគ្គិសនី​សុទ្ធ​​បាន​ 1.3 លាន​គ្រឿង​។

Advertisement