អាម៉េរិក ខ្វះ​ម្សៅ​ទឹកដោះ​យ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូន​យន្តហោះ​យោធា​ទៅ​ដឹក​ទំនិញ​នេះ​​រាប់សិប​តោន​ពី អាល្លឺម៉ង់

យន្តហោះ​យោធា​មួយគ្រឿង​ដែល​ដឹក​ម្សៅ​ទឹកដោះ ៣៥ តោន ដំបូង បាន​ចុះចត​នៅ Indianapolis សហរដ្ឋ​អាម៉េរិក។

យោងតាម Aljazeera យន្តហោះ​នេះ​ស្ថិតក្នុង​ក្របខណ្ឌ «យុទ្ធនាការ Fly Formula» របស់ រដ្ឋាភិបាល​អាម៉េរិក ដើម្បី​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះ​ពី អឺរ៉ុប និង​ដោះស្រាយ​ស្ថានភាព​ខ្វះខាត​ទំនិញ​ប្រភេទ​នេះ​យ៉ាងធ្ងន់ធ្ងរ​នៅ សហរដ្ឋ​អាម៉េរិក។

នេះ​គឺជា​ជើង​ដំបូង​ពី អឺរ៉ុប ដែល​ដឹក​ផលិតផល​ម្សៅ​ទឹកដោះ​សម្រាប់​កុមារ​ដែលមាន​បញ្ហា​ប្រតិកម្ម​ជាមួយនឹង​ប្រូតេអ៊ីន និង​ទឹកដោះគោ។ តាម​គម្រោង បរិមាណ​ទំនិញ​ខាងលើ​នឹង​ជួយ​កាត់បន្ថយ​បាន​មួយកម្រិត​ចំពោះ​កង្វះខាត​ដែល​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ​រោងចក្រ​ផលិត​ម្សៅ​ទឺ​ក​ដោះ​ក្នុងស្រុក​ធំ​បំផុត​ប្រចាំ​ប្រទេស​នេះ ត្រូវ​បិទទ្វារ​នៅ Michigan កាលពី​ខែកុម្ភៈ ព្រោះ​តែមាន​បញ្ហា​សុវត្ថិភាព។

ទំនិញ​ជា​ម្សៅ​ទឹក​ដោះ ដែល​បាន​មក​ដល់​ Indianapolis

មូល​ហេតុដែល​នាំឱ្យមាន​ជើងហោះហើរ​នៃ​យន្តហោះ​យោធា​អាម៉េរិក នេះ ក៏​ព្រោះតែ​ពុំមាន​ជើងហោះហើរ​ពាណិជ្ជ​កម្មណា​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​កន្លង។

សេត​វិមាន​ឱ្យដឹងថា ម្សៅ​ទឹកដោះ Nestle Health Science Alfamino Infant និង Alfamino Junior ចំនួន ១៣២ កោះធំ (pallet) នឹងត្រូវ​បាន​ដឹក​ពី​មូលដ្ឋានទ័ព Ramstein នៅ អាល្លឺម៉ង់ មកកាន់ សហរដ្ឋ​អាម៉េរិក។ ជា​សរុប ម្សៅ​ទឹកដោះ​សម្រាប់​កុមារ​ប្រតិកម្ម​នឹង​ប្រូតេអ៊ីន​របស់​ទឹកដោះគោ ប្រហែល ១.៥ លាន​កំប៉ុង នឹង​មក​ដល់ដៃ​អតិថិជន នៅ សហរដ្ឋ​អាម៉េរិក នៅក្នុង​សប្ដាហ៍​នេះ។

Advertisement