BYD Yangwang U8 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ តម្លៃ​ចាប់​ពី 150,600 ដុល្លារ​អាម៉េរិក

Yangwang ដែល​ជា​យីហោ​រថយន្ត​ប្រណិត​របស់​ក្រុម​ហ៊ុន​ចិន BYD ថ្ងៃ​នេះ​បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួននៅ​ប្រទេស​ចិន​ ដែល​មាន​តម្លៃ​ចាប់​ពី 150,600 ដុល្លារ​អាម៉េរិក ហើយ​ការ​ប្រគល់​ទំនិញ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ខែ​តុលា​ឆ្នាំ​នេះ​។

រថយន្ត​អគ្គិសនី​ Yangwang U8 នេះ​មាន​បណ្ដោយ​ប្រវែង 5,050 មម និង​កម្ពស់ 1,930 មម ខណៈ​ដែល​ប្រវែង​បណ្ដោយ​ជា​មូលដ្ឋាន​គឺ​ 3,050 មម។

រថយន្ត​នេះ​បំពាក់​ម៉ាស៊ីន​ចំនួន​បួន​ដែល​បង្កើត​កម្លាំង​ 880 គីឡូវ៉ាត់ ​ប្រហាក់​ប្រហែល​នឹងកម្លាំង​​ 1,200 សេះ​។ ថ្មរបស់​វា​ផ្ទុក​ថាមពល​បាន 49.05​ គីឡូវ៉ាត់​ម៉ោង ជួយ​ឱ្យ​រថយន្ត​បរ​បាន​ 180 គីឡូម៉ែត្រ​ និង​អាច​រត់​បាន​ 1,000 គីឡូម៉ែត្រ​នៅ​ពេល​ចាក់​សាំង​ និង​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

Yangwang បាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ជា​មុន​រថយន្ត​អគ្គិសនី U8 នេះ ​ចាប់​ពី​ថ្ងៃទី 18 មេសា 2023 ជា​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍រថយន្ត​សៀងហៃ​។

យោង​តាម CnEVPost ក្រុម​ហ៊ុន​ Yangwang ឱ្យ​ដឹង​ថា នឹង​បង្កើត​ហាង​លក់​ផ្ទាល់​ជាង 90 កន្លែង​​ ដែល​គ្រប​ដណ្ដប់​ទីក្រុង​ជាង 40 នៅ​ប្រទេស​ចិន នៅ​ចុងឆ្នាំ​នេះ​​៕

Advertisement