មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla រាប់​លាយ​ហ៊ុន ដើម្បី​យកប្រាក់​មក​សម្រេច​មហិច្ឆតា «លើកកម្ពស់​សេរីភាព​បញ្ចេញមតិ»

ក្រុមអ្នកវិភាគ​ទីផ្សារ​យល់ថា មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ត្រូវ​ការលក់​ភាគហ៊ុន​របស់លោក ដើម្បី​មាន​ប្រាក់​សម្រាប់​ទិញ​បណ្ដាញ​សង្គម Twitter។

យោងតាម​ឯកសារ​ដែល​បញ្ជូន​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEO) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បាន​លក់​ភាគហ៊ុន​ប្រហែល ៤.៤ លាន​ហ៊ុន ក្នុងអំឡុង​ថ្ងៃទី ២៦ និង ២៧ មេសា។ ចំនួន​ភាគហ៊ុន​នេះ មានតម្លៃ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម Twitter មហាសេដ្ឋី​រូបនេះ​ប្រកាសថា «ថ្ងៃនេះ ពុំមាន​គម្រោង​លក់​ភាគហ៊ុន Tesla បន្ថែមទៀត​​ឡើយ»។

ក្រុមអ្នកវិភាគ​នៅ Wall Street និង​អ្នកវិនិយោគ​យល់ថា លោក Musk អាច​នឹងត្រូវ​ការលក់​ភាគហ៊ុន​ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ Twitter ដែល​លោក​គិតថា អាច​នឹង​កែលម្អ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅលើ​ប​ញ្ដា​ញ​សង្គម។ មហាសេដ្ឋី​លេខ ១ ក្នុង​ពិភពលោក និង​បណ្ដាញ​សង្គម Twitter ដើម​សប្ដាហ៍​នេះ បាន​យល់ព្រម​ទិញដូរ Twitter ក្នុងតម្លៃ​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

កាលពី​សប្ដាហ៍​មុន លោក Musk ប្រកាសថា បាន​ធានាថា​មាន​ប្រាក់ ៤៦.៥ ពាន់​លាន​ដុល្លារ សម្រាប់​ការទិញ​ដូរ​នេះ ក្នុងនោះ​មាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

ចំណែក​ឯ​តម្លៃ​ភាគហ៊ុន​របស់ Tesla នៅលើ​ផ្សា​រមូល​ប​ត្រ វិញ កាលពី​ម្សិលមិញ ការជួញដូរ​ត្រូវ​បានបញ្ចប់​ក្នុងតម្លៃ ៤៩.១១ ដុល្លារ/ហ៊ុន ទាប​ជាង​ច្រើន​ដុល្លារ ធៀប​នឹង ៥៤.២ ដុល្លារ/ហ៊ុន ដែល​លោក Musk បានដាក់​លក់៕

Advertisement