ស្ថានីយ​ប្រេងសាំង​បើក​ថ្មី ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​មក​ឃោសនា បណ្ដាល​ឱ្យ​​ចរាចរណ៍​ត្រូវ​កកស្ទះ

(ប្រទេស​ចិន)- ស្ថានីយ​ប្រេងសាំង​ថ្មី​មួយកន្លែង​នៅ​ទីក្រុង Qingdao ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​ជាច្រើនរូប ឱ្យ​មកជួយ​ផ្សព្វផ្សាយ បណ្ដាលឱ្យ​អ្នកបើកបរ​នាំគ្នា​មកចាក់​សាំង ធ្វើឱ្យ​ចរាចរណ៍​ត្រូវ​កកស្ទះ​ធ្ងន់ធ្ងរ។

ស្ថានីយ​ប្រេងសាំង​ដែល​ស្ថិតក្នុង​ទីក្រុង Qingdao ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បាន​សម្ពោធ​បើក​ដំណើរការ​ក្នុង​សប្ដាហ៍​នេះ និង​បាន​ជួល​នារី​បង្ហាញ​ម៉ូដ​ច្រើន​នាក់ ដើម្បី​ឱ្យជួយ​ឃោសនា បម្រើសេវា​ដល់​អតិថិជន។

«ចាក់​សាំង​ដោយ​មិន​គិតថ្លៃ ចាក់​សាំង​ដោយ​មិន​គិតថ្លៃ» នារី​បង្ហាញ​ម៉ូដ​ស្លៀក​ប៊ី​គី​នី ពណ៌​ខៀវ ស្រែក​ដូច្នេះ។

អ្នកបើកបរ​រថយន្ត​ម្នាក់ ឱ្យដឹងថា ស្ថានីយ​ប្រេង​នេះ​កំពុង​ឃោសនា ប្រូ​ម៉ូ​សិន ដោយ​អនុញ្ញាតឱ្យ​អតិថិជន​ចាក់​សាំង​ដោយ​ឥតគិតថ្លៃ បើសិន​ធ្វើ​ប័ណ្ណសមាជិក និង​បញ្ចូល​លុយ​ទៅក្នុង​ប័ណ្ណ​នេះ។ ការ​ប្រូ​ម៉ូ​សិន ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៦ ខែ​មេសា ដល់​ថ្ងៃ​ទី ២ ខែ​ឧសភា។ បុគ្គលិក​របស់​ស្ថានីយ​ប្រេងសាំង​ខាងលើ បាន​បដិសេធ​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន។

អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​របស់​ទីក្រុង Qingdao បាន​ស្នើឱ្យ​ស្ថានីយ​ប្រេងសាំង​នេះ បញ្ឈប់ «សកម្មភាព​ឃោសនា​ដែល​មិន​សមស្រប» ព្រោះតែ​បង្ក​ការកកស្ទះ​ចរាចរណ៍។

អ្នកលេង​បណ្ដាញ​សង្គម​នៅ ប្រទេស​ចិន មានមតិផ្សេងៗគ្នា​ចំពោះ​ព័ត៌មាន​ខាងលើ។ អ្នកខ្លះ​ថា «ស្លៀក​ប៊ី​គី​នី តើ​វា​មាន​បញ្ហា​អ្វី ខ្ញុំ​ឃើញថា ពុំមាន​បញ្ហា​អ្វី​សោះ»។ ចំណែក​អ្នក​ខ្លះទៀត សរសេរ​រិះគន់ថា នេះ​គឺជា​របៀប​ផ្សព្វផ្សាយ «មួយរៀល»។

ក៏ប៉ុន្តែ មាន​មនុស្ស​មួយចំនួន​យល់ថា ការ​ដែលមាន​រថយន្ត​ជាច្រើន​មកចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ថ្មី​នេះ ក៏​ព្រោះតែ​តម្លៃ​ទាប។ វិក្កយបត្រ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បញ្ហា​ញ​សង្គម​បង្ហាញថា តម្លៃ​ក្នុងពេល​ប្រូ​ម៉ូ​សិន នៅទីនេះ ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង​តម្លៃ​ដើម ១.២១ ដុល្លារ​អាម៉េរិក/លីត្រ។

Advertisement