ប្រទេស​ដំបូង​គេ​បង្អស់​នៅ ទ្វីប​អឺរ៉ុប ដែល​​បាន​​ឯករាជ្យ​​ពី​​វិស័យ​​ថាមពល​​របស់​ រុស្ស៊ី

ស្ថានីយឧស្ម័នធម្មជាតិរាវ របស់ ប្រទេសលីទុយអានី ដែលមានឈ្មោះថា FSRU Independence

ការដែល ប្រទេស​លី​ទុយ​អា​នី (Lithuania) ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់​ស្ថានីយ​ផ្ទុក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) អណ្ដែត​លើទឹក ដើម្បី​បាន​ឯករាជ្យ​ពី​ថាមពល​របស់ រុស្ស៊ី គឺជា​មេរៀន​មួយ​សម្រាប់​បណ្ដា​ប្រទេស​នៅក្នុង សហភាព​អឺរ៉ុប។

កាលពី ១២ ឆ្នាំមុន អ្នកនយោបាយ អតីតរដ្ឋមន្ត្រី​ក្រសួង​ចរាចរណ៍ និង​បណ្ដាញ​ទំនាក់ទំនង​របស់ លី​ទុយ​អា​នី លោក Rokas Masiulis ត្រូវបាន​ប្រគល់​ភារកិច្ច​ថ្មី ជាមួយនឹង​គោលដៅ​ប្រកបដោយ​មហិច្ឆតា គឺ «បញ្ចប់​ការពឹង​ផ្អែកលើ​ឥន្ធនៈ​របស់ រុស្ស៊ី»។

ក្នុងនាម​ជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន Klaipedos Nafta ដែលជា​ប្រតិបត្តិ​ករ​ប្រចាំ​កំពង់ផែ​ប្រេង​គ្រប់គ្រង​ដោយ​រដ្ឋ លោក Masiulis ធ្វើការ​ត្រួតពិនិត្យ​លើ​ដំណើរការ និង​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​រាវ​អណ្ដែត​លើទឹក (Liquefied Natural Gas/LNG) នៅលើ​លម្ហ​សមុទ្រ Baltic របស់ លី​ទុយ​អា​នី។ LNG គឺជា​ឧស្ម័ន​ធម្មជាតិ​ដែល​ត្រូវបាន​ធ្វើឱ្យ​ចុះ​ត្រជាក់​ទៅជា​សភាព​រាវ នៅ​ប្រហែល -១២៦ អង្សា​សេ សម្រាប់​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ការផ្ទុក។

ស្ថានីយ​ឧស្ម័ន​ដែលមាន​ឈ្មោះថា FSRU Independence (ហៅកាត់​ថា «Independence» ឬ​ «ឯករាជ្យ») នេះ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ២០១។ វា​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ធានាថា អ្នកប្រើប្រាស់​ក្នុង ប្រទេស​លី​ទុយ​អា​នី នៅតែ​ទទួលបាន​ឧស្ម័ន សូម្បីតែ​នៅពេល​ទំនាក់ទំនង​ផ្នែក​នយោបាយ​ជាមួយ រុស្ស៊ី ប្រែង​ជា​អាក្រក់​ដល់​ថ្នាក់​ប្រភព​ផ្គត់ផ្គង់​ពី ទីក្រុង​មូ​ស្គូ ត្រូវបាន​កាត់ផ្ដាច់។

កាលពី​ដើមខែ​នេះ នៅពេល​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បន្ត​អូសបន្លាយ រដ្ឋាភិបាល​លី​ទុយ​អា​នី បានប្រកាសថា ពួកគេ​បាន​ក្លាយជា​ប្រទេស​អឺរ៉ុប ដំបូង​គេ ដែល​បាន​ផ្អាក​រាល់​សកម្មភាព​នាំចូល​ឧស្ម័ន​ពី រុស្ស៊ី។ ស្ថានីយ​ឧស្ម័ន «Independence» នេះ បានបង្ហាញ​អំពី​តម្លៃ​ដ៏​ធំធេង​របស់​វា ហើយ​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់ លី​ទុយ​អា​នី នៅតែ​ដំណើរការ​ដោយ​រលូន។

ស្ថានីយឧស្ម័នធម្មជាតិរាវ FSRU Independence របស់ លីទុយអានី អាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ

«ខ្ញុំ​ពិតជា​មាន​មោទកភាព​ជាមួយនឹង​គម្រោង Independence នៅពេល​យើង​បានចាប់ផ្ដើម​អនុវត្ត ប៉ុន្តែ ខ្ញុំ​ពិតជា​នឹកស្មាន​មិន​ដល់​ថា មកដល់ពេលនេះ គម្រោង​មួយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ដូច្នេះ​សោះ» លោក Masiulis ថ្លែង​ដូច្នេះ។

ប្រធានាធិបតី​លី​ទុយ​អា​នី លោក Gitanas Nauseda សង្កត់ធ្ងន់ថា «ច្រើន​ឆ្នាំមុន លី​ទុយ​អា​នី បានធ្វើការ​សម្រេចចិត្ត​មួយ​ដែល​ថ្ងៃនេះ អនុញ្ញាតឱ្យ​យើង​ផ្អាក​ទំនាក់ទំនង​ផ្នែក​ថាមពល​ជាមួយ រុស្ស៊ី បាន​ដោយ​ងាយ។ បើសិន លី​ទុយ​អា​នី អាចធ្វើ​បាន ដូច្នេះ​ប្រទេស​ដទៃទៀត​នៅ អឺរ៉ុប ក៏​អាច​ធ្វើបាន!»។ លោក Nauseda ថែមទាំង​បានប្រកាសថា ប្រទេស​នេះ​នឹង​លែង​ទិញ​ប្រេង​របស់ រុស្ស៊ី ផងដែរ។

ស្ថានីយ​ឧស្ម័ន «Independence» របស់ លី​ទុយ​អា​នី គឺជា​ប្រព័ន្ធ​ស្ដារ និង​ឃ្លាំង​ផ្ទុក​អណ្ដែត​លើទឹក ដែល​ហៅថា FSRU (Floating Storage and Regasification Unit)។ ប្រព័ន្ធ​នេះ​ត្រូវបាន​សាងសង់​ក្នុង​រយៈពេល​ខ្លី ក្នុងនោះ ការអនុវត្ត​គម្រោង​អាច​ចំណាយពេល​ពី ១ ដល់ ៣ ឆ្នាំ ហើយ​តែង​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​តិចជាង ធៀប​នឹង​នៅលើ​ដីគោក។ FSRU អាច​ផ្លាស់​ទី​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ផ្សេងទៀត។

សំខាន់​ជាង​នេះ FSRU ក៏​អនុញ្ញាតឱ្យ​ប្រទេសមួយ​អាច​ជ្រើសរើស​ប្រភព​ផ្គត់ផ្គង់ LNG របស់​ពួកគេ​បាន​តាមចិត្ត។ សម្រាប់ លី​ទុយ​អា​នី បច្ចុប្បន្ន​ទទួលយក​ការផ្គត់ផ្គង់ LNG មួយផ្នែកធំ​ពី ន័​រ​វែ​ស, អាម៉េរិក និង កាតា៕

Advertisement