គ្រាន់​តែ​ លោក ​អ៊ីនឡុន​ ម៉ាស ថា ​«សប្បាយ​​ចិត្ត​​ចំពោះ​​ស្ថាន​​ភាព​​ Twitter»​ ភាគ​​ហ៊ុន​​​នេះ​​​ក៏​​​ឡើង​​ថ្លៃ​​មួយ​​រំពេច

មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស

នៅ​តែ​ជាង​មួយសប្ដាហ៍​ទៀតប៉ុណ្ណោះ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ អ៊ីឡុន ម៉ាស នឹង​ត្រូវ​ប្រគល់​ប្រាក់​ ៤៤ ពាន់​លាន​ដុល្លារ​ ថ្លៃ​ទិញ​ Twitter ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់​នៅ​តុលាការ​​។

ថ្មី​ៗ​នេះ នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក អ៊ីឡុន ម៉ាស បាន​ឱ្យ​ដឹង​ថា លោក​ និង​ក្រុម​អ្នក​វិនិយោគ​ដទៃ​ទៀត «ជាក់​ច្បាស់​ណាស់ បាន​ឱ្យ​ថ្លៃ​ខ្ពស់ហួស» ចំពោះ​ការ​ទិញ​បណ្ដាញ​សង្គម​ Twitter។

ក៏ប៉ុន្តែ មហា​សេដ្ឋី​រូប​នេះ​ទើប​តែ​បាន​និយាយ​ថា «សប្បាយ​ចិត្ត​អំពី​ស្ថានភាព​ Twitter» និង​ប្រៀប​ធៀប​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​នេះ​ថា​ដូច​ជា​ទ្រព្យ​មួយ​ដែល​បាន «រេចរឹល​ក្នុង​មួយរយៈ​ពេល​យូរ» ប៉ុន្តែមាន «សក្ដានុពល​គួរ​ឱ្យ​ភ្ញាក់ផ្អើល»។

ក្រោយ​ការអធិប្បាយ​​ខាង​លើ​របស់​ម្ចាស់​ SpaceX ភាគ​ហ៊ុន​ Twitter ក៏​ឡើង​ថ្លៃ​នៅ​ក្នុង​ការ​ជួញដូរ​បន្ទាប់​នោះ​។

រឿង​រ៉ាវ​ទិញដូរ​រវាង អ៊ីនឡុន ម៉ាស និង Twitter បាន​អូស​បន្លាយ​ពេល​អស់​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​។ កាល​ពី​ថ្ងៃទី ៦ តុលា ចៅ​ក្រម​តុលាការ​រដ្ឋ Delaware បាន​ផ្អាក​រឿង​ក្ដីនេះ​ទៅ​តាម​សំណើ​របស់​លោក ម៉ាស​ ដោយ​សហស្ថាបនិក​របស់ Tesla រូប​នេះ ព្រម​បន្ត​ដំណើរ​ការ​ទិញ​ Twitter។

«បើ​សិន​ការ​ទិញដូរ​មិន​បាន​បញ្ចប់​ជា​ស្ថាពរ​មុន​ម៉ោង ៥ រសៀល​ថ្ងៃទី ២៨ តុលា ២០២២ ភាគី​ទាំង​ពីរ​នឹង​ត្រូវ​បាន​ណែនាំ​ឱ្យ​ទាក់​ទង​មក​ខ្ញុំ​តាម​អ៊ីមេល​នៅព្រលប់​ថ្ងៃ​នោះ​ដើម្បី​ដឹង​អំពី​ថ្ងៃ​កាត់​ក្ដី​ករណី​ជម្លោះ​នៅ​តុលាការ​ក្នុង​ខែ​វិច្ឆិកា ២០២២» ចៅក្រម​ Kathaleen St. McCormick នៅ​តុលាការ​ Delaware ប្រកាស​ដូច្នេះ​។

ភាគី​លោក​ អ៊ីឡុន ម៉ាស បាន​ឱ្យ​ដឹង​ថា នឹងបន្ត​ដំណើរ​ការ​​ទិញ​ Twitter ទៅ​តាម​តម្លៃ​ ៥៤.២០ ដុល្លារ​/ភាគ​ហ៊ុន​ ដូច​ដែល​បាន​ស្នើ​ទិញ​ដំបូង​ ហើយ​ភាគី​អ្នក​ផ្ដល់​ឥណទាន​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​បង្ហើយ​កិច្ច​ព្រម​ព្រៀង​ទិញដូរ​នេះ​នៅ ឬ​ប្រហែល​ថ្ងៃទី ២៨ តុលា​ ក្រោយ​មួយ​រយៈ​ពេល​យូរ​ដែល​លោក ម៉ាស បាន​ព្យាយាម​គេច​ពី​ការ​ទិញ​ដូរ​នេះ​។

មក​ដល់​ពេល​នេះ នៅ​សល់​ ៨ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃ​កំណត់​ ២៨ តុលា​។ ប៉ុន្តែ ភាគី​ទាំង​ឡាយ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទិញ​ដូរ​ Twitter នេះ មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​នៅ​ឡើយ​។ ជាង​នេះ ខាង Twitter ក៏​នៅ​មាន​ការ​មន្ទិល​ចំពោះ​លោក​ ម៉ាស​ ទាក់​ទិន​នឹង​កាល​បរិច្ឆេទ​ចុង​ក្រោយ​ និង​កញ្ចប់​ឥណទាន​សម្រាប់​ការ​ទិញ​ដូរ​នេះ​៕

Advertisement