ឥណ្ឌា គ្រោង​នឹង​​​នាំ​ចូល​​ធ្យូង​កូក ​(coke) ​ពី ​រុស្ស៊ី​ ច្រើន​ជាង​​បច្ចុប្បន្ន​​ទ្វេដង

ឥណ្ឌា បានឱ្យដឹងថា នឹង​ជំរុញ​ការ​នាំចូល​ធ្យូងកូក ពី រុស្ស៊ី ក្នុង​គ្រា​ដែល​លោកខាងលិច បោះបង់​ប្រភព​ផ្គត់ផ្គង់​ពី រុស្ស៊ី ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

«យើង​កំពុងមាន​និន្នាការ​ទៅរក​ការ​នាំចូល​ធ្យូងកូក កាន់តែច្រើន​ពី ប្រទេស​រុស្ស៊ី» លោក Ramchandra Prasad Singh សមាជិក​របស់​ក្រុម​ប្រឹក្សាជាតិ បានឱ្យដឹង​កាលពី​ថ្ងៃទី ២៧ មីនា។

យោងតាម​លោក Singh ប្រទេស​ឥណ្ឌា មាន​គម្រោង​បង្កើន​បរិមាណ​នៃ​ការ​នាំចូល​ធ្យូងកូក (កូក/Coke គឺជា​វត្ថុ​ធាតុ​ពណ៌​ប្រផេះ រឹង និង​ដូច​អេ​ប៉ុង មាន​ផ្ទុក​កាបូន​ច្រើន ប៉ុន្តែ មាន​លាយ​សមាសធាតុផ្សេងៗតិច ប្រើ​សម្រាប់​ផលិត​ដែកថែប) ពី រុស្ស៊ី។ លោក​បន្ថែមថា ឥណ្ឌា បាន​នាំចូល​ធ្យូងកូក ពី រុស្ស៊ី ចំនួន ៤.៥ លាន​តោន ប៉ុន្តែ មិនបាន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់។

ទិន្នន័យ​ពី​ក្រុមហ៊ុន Kpler ឱ្យដឹងថា កប៉ាល់​មួយចំនួន​ដែល​ដឹក​ធ្យូងកូក និង​ធ្យូងថ្ម (សម្រាប់​ផលិត​អគ្គិសនី) យ៉ាងតិច ១,០៦ លាន​តោន នឹង​មកដល់​កំពង់ផែ​របស់ ឥណ្ឌា នៅក្នុង​ខែ​នេះ។ នេះ​គឺជា​បរិមាណ​ធ្យូង​ច្រើន​បំផុត​ដែល​នាំ​ចូលមក ឥណ្ឌា ពី ប្រទេស​រុស្ស៊ី គិត​ចាប់ពី​ខែមករា ២០២០។

បច្ចុប្បន្ន ទំនិញ​ជា​ច្រើន​របស់​ រុស្ស៊ី ត្រូវ​បាន​បណ្ដា​ប្រទេស​បស្ចិម​លោក​ «លែង​រាប់​រក» ព្រោះ​តែ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​នេះ ទៅ​លើ​ ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ ប្រទេស​មួយ​ចំនួន​ដែល​ស្និទ្ធ​ជា​មួយ​ រុស្ស៊ី ក្នុង​នោះ​មាន​ ឥណ្ឌា​ ជា​ដើម កំពុង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​បញ្ហា​ខាងលើ​ ដោយ​ពួក​គេ​ទិញ​ទំនិញ​ពី​ រុស្ស៊ី ក្នុង​តម្លៃ​ទាប​ជាង​មុន​៕

Advertisement