តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភី​ហ្សា​ធំ​បំផុត​ក្នុង​ពិភពលោក កើនឡើង ៣២ ដង បាន​ដោយ​វិធី​ណា?

ការ​រួមផ្សំ​ជាមួយនឹង​កត្តា​បច្ចេកវិទ្យា បាន​ជួយ​ឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​នំ​ភី​ហ្សា Domino កើន ៣២ ដង ក្នុងអំឡុង​ជិត ១០ ឆ្នាំ។

អតីត​នាយក​ប្រតិបត្តិ របស់ Domino លោក Patrick Doyle ធ្លាប់បាន​និយាយ​ច្រើនដង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ថា «យើងខ្ញុំ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លក់​នំ​ភី​ហ្សា»។ ដូច្នេះ​តើ​ដំណើរ​ឆ្ពោះ​ទៅជា «ក្រុមហ៊ុន​បច្ចេកវិទ្យា​ដើរ​លក់​នំ​ភី​ហ្សា» របស់ Domino កើតឡើង​ដោយ​របៀប​ណា?

ក្រោយ​មួយរយៈ​ពេល​នៃ​ការរីកចម្រើន​នៅក្នុង​អំឡុង​ចុង​សតវត្សរ៍​ទី ២០ ក្រុមហ៊ុន Domino ក៏បាន​ឈានចូល​ដល់​ដំណាក់កាល​ធម្មតា «ដូច​គេ ដូច​ឯង» នៅ​ដើម​សតវត្សរ៍​ទី ២។ វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ទាំងឡាយ​នៅ​ទូទាំង​សកលលោក ហើយ Domino ក៏​មិនបាន​រួចខ្លួន​ដែរ ដោយ​ជាប់បំណុល​រហូតដល់ ១.៧ ពាន់​លាន​ដុល្លារ។

ដើម្បី​បន្ថយ​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ Domino បាន​កាត់បន្ថយ​ការចំណាយ​ទៅលើ​វត្ថុធាតុដើម ប៉ុន្តែ ប្រការនេះ​បានធ្វើឱ្យ​គុណភាព​នំ​ភី​ហ្សា​របស់​ពួកគេ​ត្រូវ​ធ្លាក់ចុះ ហើយ​អតិថិជន​ក៏​ចាប់ផ្ដើម​ចាកចេញ។ ក្នុងអំឡុង​ពី​ឆ្នាំ ២០០៦ ដល់ ២០០៨ ប្រាក់ចំណូល​ក្នុងស្រុក​របស់​ក្រុមហ៊ុន​នេះ​បាន​ថយចុះ ១០%។ ហាង​ដែល​ក្រុមហ៊ុន​នេះ​ផ្ដល់​សិទ្ធិ​ក៏​ថយចុះ​អស់ ១០០ ហាង ខណៈដែល​តម្លៃ​ភាគហ៊ុន​ក៏​ដាំ​ក្បាល​ចុះមក​នៅក្រោម ៣ ដុល្លារ/ហ៊ុន។

នៅពេល​ជួប​ការលំបាក​ខ្លាំង ក្រុមហ៊ុន​នេះ​បាន​សម្រេចចិត្ត​ប្ដូរផ្លាស់​វិធីសាស្ត្រ​ធ្វើ​ជំនួញ។ ដំបូង ពួកគេ​បានធ្វើ​យុទ្ធនា​ការឃោសនា​ដើម្បី​ទទួលស្គាល់ថា គុណភាព​នំ​ភី​ហ្សា​របស់​ពួកគេ​ពិតជា​អន់ថយ។ ក្រោយមក ពួកគេ​បាន​សន្យា​ជាមួយ​អតិថិជន​ថា គុណភាព​នំ​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ។ ទាំងនេះ​គឺជា​យុទ្ធនា​ការឃោសនា​ដែល​ទទួលបាន​ជោគជ័យ​បំផុត។

បន្ទាប់មកទៀត ពួកគេ​ចាប់ផ្ដើម​វិនិយោគ​កាន់តែច្រើន​ទៅលើ​កត្តា​បច្ចេកវិទ្យា។ នេះ​គឺជា «អាវុធ» សំខាន់​ដែល​បាន​ជួយ​ឱ្យ Domino យកឈ្នះ​លើ Pizza Hut កាលពី​ឆ្នាំ ២០១៧។

ឆ្នាំ ២០០៨ Domino បាន​ផ្ដើម​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាច​តាមដាន​ដំណើរការ​នៃ​ការប្រគល់​នំ​ភី​ហ្សា​របស់​ពួកគេ។ ប្រការនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឱ្យ Domino ធ្វើ​ជំនួញ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ផ្នែក​ដឹកជញ្ជូន។

អតីត CEO របស់ Domino លោក Ritch Allison និយាយថា «ចុងភៅ​នឹង​ដឹងបាន​ថា នៅពេលណា​ពួកគេ​គួរ​ត្រៀប​អាហារ​ដោយយោង​ទៅលើ​ទិន្នន័យ​ស្ដីពី​ដំណើរការ​នៃ​ការដឹកជញ្ជូន។ បន្ទាប់ពី​អ្នក​ដឹកជញ្ជូន​ត្រលប់​មកវិញ ចុងភៅ​អាច​ប្រកាស​ឱ្យដឹងថា ផ្លូវ​ណា​ដែល​ចំណេញ​បំផុត​សម្រាប់​ការធ្វើដំណើរ​ទៅ​ប្រគល់​ទំនិញ។

ឆ្នាំ ២០១៤ ក្រុមហ៊ុន​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ជំនួយការ​និម្មិត AI Dom ជួយ​ឱ្យ​អតិថិជន​បញ្ជា​ទិញ​តាមរយៈ​សំឡេង​និយាយ។ យោងតាម​ទិន្នន័យ​ចាស់ ជំនួយការ AI Dom ថែមទាំង​អាច​ដឹងបាន​នូវ​ប្រភេទ​អាហារ​ដែល​អតិថិជន​ចូលចិត្ត ហើយ​ក្រោយមក​ក៏​អាច​បញ្ជា​ទិញ​ជំនួស​អតិថិជន។ មកដល់​ដំណាក់កាល​នេះ កេរ្ដិ៍ឈ្មោះ​របស់ Domino កាន់តែ​ល្អប្រសើរ​ជាង​មុន។

ព្រោះតែ​ការប្ដូរ​ផ្លាស់​ខាងលើ ឆ្នាំ ២០១៥ ប្រាក់ចំណូល​ចំនួន​ពាក់កណ្ដាល​របស់ Domino គឺ​បានមកពី​ការលក់​តាម​អន​ឡាញ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់ ៣១% នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក។

ឆ្នាំ ២០១៦ ​ក្រុម​ហ៊ុន​ Domino បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​ទំនិញ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំបូង​គេ​ក្នុង​ពិភពលោក។ បើ​ទោះ​មិន​ទទួលបាន​ជោគជ័យ​ប៉ុន្មាន ប៉ុន្តែ ក្រុមហ៊ុន​ក៏បាន​កែលម្អ​បន្ថែម ដោយ​ការប្រើប្រាស់​យាន​គ្មាន​មនុស្ស​បើកបរ និង​កង​អគ្គិសនី។

ឆ្នាំ ២០១៩ Domino បាន​សហការ​ជាមួយ Ford ដើម្បី​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត។ ពួកគេ​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន Rad Power ក្នុងការ​ផលិត​កង់​អគ្គិសនី​ផងដែរ ដែល​ជួយ​ឱ្យ​អ្នក​ប្រគល់​ទំនិញ អាច​យកនំ ១៥ ឈុត​ក្នុងពេល​តែមួយ និង​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង ៣០ គីឡូម៉ែត្រ/ម៉ោង។

ឆ្នាំ ២០១៩ ប្រាក់ចំណូល​បានមកពី​ការលក់​តាម​អន​ឡាញ បាន​កើន​ដល់​ជាង ៥០% ធៀប​នឹង​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភពលោក។

ប្រាក់ចំណូល​ចេះតែ​កើនឡើង​បន្ទាប់ពី​មានការ​កែប្រែ។ ឆ្នាំ ២០១០ Domino រកបាន​តែ ១.៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ ឆ្នាំ ២០១៨ តួលេខ​នេះ​បាន​ឡើងដល់ ៣.៤ ពាន់​លាន​ដុល្លារ ពោលគឺ​កើន ១១% ជា​រៀងរាល់ឆ្នាំ គិត​ចាប់ពី ២០១០ ដល់​ឆ្នាំ ២០១៨។ ក្នុង​គ្រា​នោះដែរ តម្លៃ​ភាគហ៊ុន​របស់ Domino ក៏បាន​កើនឡើង​រហូតដល់ ៣,២០០% ស្មើនឹង ៣២ ដង​ឯណោះ ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ។

នៅពេលដែល​អតិថិជន​កំពុងមាន​ទំនោរ​ទៅរក​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ប្រកបដោយ​ភាពងាយស្រួល​សម្រាប់​ពួកគេ ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ចេះ​ចាប់យក​ឱកាស​បែបនេះ​នឹងមាន​ប្រៀប​ជាង​មិនតិច​ឡើយ នៅ​ចំពោះមុខ​គូប្រជែង៕

Advertisement