កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសលើកលែងការបង់ប្រាក់​សម្រាប់​​ការ​បំពេញ​បែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារ​អាម៉េរិក​ រួម​នឹង​ការ​កាត់​បន្ថយ​កម្រៃ​ប្រតិវេទន៍​គយ​ផងដែរ​។

ការប្រកាសដូច​ខាង​លើ​ដែល​ត្រូវ​បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី 13 ខែវិច្ឆិកា ឆ្នាំ 2023 នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី 19 គឺ​ក្នុង​បំណង​​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សមត្ថភាព​​ប្រកួតប្រជែងរបស់កម្ពុជា នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏​បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី 15,000 រៀល មកនៅ​ត្រឹម​ 8,000 រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារអាម៉េរិក​ រួម​នឹង​ការលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន​ផងដែរ​។

ទន្ទឹម​នឹង​នេះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 កម្ពុជា​ ក៏​នឹងដាក់ឱ្យអនុវត្តនូវការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច
  • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន
  • ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS)
  • ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង
  • ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬ តំណាង។

យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសសំខាន់ៗចំនួន 20 ក្នុងរយៈពេល 10 ខែដំបូង​នៃឆ្នាំ 2023 សម្រេចបានប្រមាណជាង 18.5 ពាន់លានដុល្លារ​អាម៉េរិក។

 

Advertisement