សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ជា​លើកដំបូង​ ប្រឆាំង​​វិស័យ​ថាមពល​របស់ ប្រទេស​រុស្ស៊ី

គ្រឿង​ចក្រ​នៅ​ក្នុង​ទីតាំង​យក​រ៉ែ​ធ្យូង​ថ្ម​មួយ​ក្នុង​ខេត្ត Kemerovo របស់ រុស្ស៊ី កាលពី​ឆ្នាំ​ ២០១៦

សហភាព​អឺរ៉ុប (EU) ប្រកាសថា បានអនុម័ត​លើ​បទបញ្ជា​ហាម​នាំចូល​ធ្យូងថ្ម​ពី ប្រទេស​រុស្ស៊ី ហើយ​ថា ការសម្រេច​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ខែសីហា ២០២២។

«កញ្ចប់​ទណ្ឌកម្ម​ត្រូវបាន​គណៈកម្មការ​អចិន្ត្រៃយ៍​តំណាង​ប្រទេស​នានា​របស់ EU អនុម័ត​រួចហើយ» បារាំង ដែលជា​ប្រទេស​កំពុងកាន់​តំណាង​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃទី ០៧ មេសា។

នេះ​គឺជា​ការដាក់ទណ្ឌកម្ម​លើក​ទី ៥ របស់ EU ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ សហភាព​អឺរ៉ុប ក៏បាន​ហាម​ការនាំចេញ​ទំនិញ​តម្លៃ ១០.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅកាន់ រុស្ស៊ី ក្នុងនោះ មាន​ទាំង​ទំនិញ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​មួយចំនួន​របស់ រុស្ស៊ី។

ក្រៅពី​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី EU ក៏បាន​គាំទ្រ​សំណើ​ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែម ដែលមាន​តម្លៃ ៥៤៣ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​សរុប​ឡើងដល់ ១.៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

នេះ​គឺជា​លើកដំបូង​ដែល EU ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី។ បណ្ដា​ប្រទេស​នៅក្នុង សហភាព​អឺរ៉ុប នាំចូល​ធ្យូងថ្ម​ពី រុស្ស៊ី ក្នុងតម្លៃ ៤.៣៥ ពាន់​លាន​ដុល្លារ/ឆ្នាំ។ បទបញ្ជា​នៃ​ការដាក់ទណ្ឌកម្ម​ខាងលើ​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ដើមខែ​សីហា​ខាងមុខ។

Advertisement